នៅ​ទូទាំង​ USA មាន​ហាង​ខ្មែរ​តែ​ប៉ុន្មាន​ប៉ុណ្ណោះ ពេញ​និយម​បំផុត​សម្រាប់​សិល្បករ​ខ្មែរ

  • 2018-04-25 03:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មាន​របាយការណ៍​ច្បាស់​លាស់​ឡើយ ប៉ុន្តែ​គេ​ដឹង​ថា ក្នុង​១​ឆ្នាំ​ៗ មាន​សិល្បករ​ខ្មែរ​មិន​តិច​នាក់​ទេ ទទួល​បាន​ឱកាស​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក ក្នុង​នោះ ពួក​គេ​មិន​មែន​ចេះ​តែ​ដើរ​សម្ដែង​គ្រប់​កន្លែង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ទេ ពោល​គឺ​មាន​ភោជនីយដ្ឋាន​ខ្មែរ​ប៉ុន្មាន​កន្លែង​ប៉ុណ្ណោះ ដែល​ពេញ​និយម​សម្រាប់​សកម្មភាព​សិល្បៈ។

នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័ញ៉ា​មាន​ភោជនីយដ្ឋាន​ខ្មែរ​ចំនួន​៣ គឺ​ហាង ហាក់ ហៀង ហាង Legend និង La Lune។ នៅ​ទីក្រុង​ឡូវ៉ែល រដ្ឋ​បូស្ដុន គឺ​មាន​តែ​១​ប៉ុណ្ណោះ គឺ​ភោជនីយដ្ឋាន ប៉ៃលិន។ ហាង​អាហារ​ទាំង​៤ នៃ​រដ្ឋ​ទាំង​ពីរ​ខាង​លើ គឺ​ពេញ​និយម​បំផុត សម្រាប់​សកម្មភាព​សិល្បៈ ពោល​គឺ សកម្មភាព​សម្ដែង​របស់​សិល្បករ​ទៅ​ពី​កម្ពុជា ស្ទើរ​ទាំង​អស់​ប្រព្រឹត្ត​ទៅ​នៅ​ទី​កន្លែង​ទាំង​នេះ។

លោក អេនឌី ដែល​មាន​បទ​ពិសោធន៍​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក​ញឹកញាប់ និង​ស្គាល់​ជាមួយ​អ្នក​ឧបត្ថម្ភ​ជា​ច្រើន​នៅ​ទី​នោះ បាន​ប្រាប់​ថា ចំពោះ​មូលហេតុ មាន​២ ទី១​គឺ​ដោយសារ​តែ​ហាង​ទាំង​ប៉ុន្មាន​ខាង​លើ ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន។

ទី២ គឺ​ដោយ​សារ​ទី​នោះ រមែង​មាន​សកម្មភាព​សិល្បៈ​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​សុក្រ ខុស​ពី​កន្លែង​នានា​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ដែរ។ “និយាយ​ទៅ​មាន​ហាង​ប៉ុន្មាន​ហ្នឹង​ទេ...នៅ​រដ្ឋ​​ផ្សេង​ៗ​ទៀត ដែល​មាន​ខ្មែរ​យើង​រស់​នៅ​ច្រើន​ដែរ តែ​ពួក​គាត់​អត់​សូវ​ចូល​ចិត្ត​សប្បាយ អីចឹង​ហើយ​អត់​មាន​ហាង​ណា​ដែល​មាន​សកម្មភាព​សិល្បៈ​ប្រចាំ​ដូច​ហាង​ខាង​លើ​ទេ"។

អេនឌី បន្ត​ថា រដ្ឋ​ផ្សេង​ទៀត ក្រៅ​ពី កាលីហ្វ័ញ៉ា និង​បូស្តុន ដោយ​សារ​តែ​មិន​មាន​ហាង​អាហារ​ដែល​មាន​សកម្មភាព​សិល្បៈ​ប្រចាំ ដូច្នេះ​រាល់​ពេល​មាន​សិល្បករ​ទៅ​ពី​កម្ពុជា​ទៅ​សម្ដែង​ម្ដង​ៗ ភាគ​ច្រើន​គឺ​ទៅ​ជួល​ហាង​របស់​ជនជាតិថៃ ឬ​អាមេរិកាំង ឬ​ក៏​ជួល Hall ដើម្បី​រៀប​ចំ។ ដូច្នេះ​ហើយ ទើប​មិន​សូវ​មាន​សកម្មភាព សិល្បករ​ទៅ​សម្ដែង​ឡើយ។

ខុស​ពី​តំបន់​ផ្សេង ភោជនីយដ្ឋានទាំង៤ ហាក់ ហៀង ហាង Legend និង La Luneរួម​ទាំង​ហាង ប៉ៃលិន ដែល​មាន​ម្ចាស់​សុទ្ធ​ជា​ជន​ជាតិ​ខ្មែរ គឺ​មាន​សកម្មភាព​សិល្បៈ​ប្រចាំ​រៀងរាល់​សប្ដាហ៍។ ក្រៅ​ពី​នេះ គឺ​មាន​តារា​ចម្រៀង​ល្បី​ៗ ច្រៀង​ប្រចាំ​នៅ​ទី​នោះ​ផង។ ដូច្នោះ​ហើយ ទើប​ជា​ទី​ពេញ​និយម​របស់​សិល្បករ​ទៅ​ពី​កម្ពុជា ទៅ​សម្ដែង​នៅ​ទី​នោះ​ច្រើន៕

អត្ថបទ៖ ទារិកា