Facebook ចេញ​គោលការណ៍​ថ្មី អ្នក​ល្មើស​អាចនឹង​ឈាន​ដល់​ការ​បិទ​ Page

  • 2018-04-26 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook កាល​ពី​ពេលថ្មី​ៗ​នេះ បាន​​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​ប្រើប្រាស់ ដែល​មាន​ចំនួន ២៧ទំព័រ ដោយ​បង្ហាញ​ពី​អំពើ​ទង្វើ​ខុសឆ្គង​របស់​អ្នកប្រើប្រាស់​ដែល​អាច​ឈាន​ដល់​ការ​បិទ​ទំព័រ និង​គណនី ពី​បណ្ដាញ​សង្គម​មួយ​នេះ ឬ អាច​ឈាន​ដល់​ការ​ចាប់​ខ្លួន​។

ការបង្ហោះដែលបង្ហាញពីភាពអាក្រាត ដែលខុសពីគោលការណ៍របស់ Facebook

ក្រុមហ៊ុន​ខាងលើ នឹង​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ធ្វើ​ការ​តវ៉ា​ ចំពោះ​ការ​សម្រេច​​លុប​ការ​បង្ហោះ​ទាំងឡាយ​ណា​ដែល​ត្រូវ​គេ​រាយការណ៍ (Report) ទៅកាន់អ្នក​ត្រួត​ពិនិត្យ​របស់ Facebook ដែលមាន​សមត្ថភាព​មើល​ ៤០ភាសា។ ដើមឡើយ អ្នក​ប្រើប្រាស់​អាច​ប្ដឹង​តវ៉ា​បាន លុះត្រាតែ ទំព័រ ឬ គណនី​របស់​ពួកគេ​ត្រូវ​បាន​លុប​ចោល​តែ​ប៉ុណ្ណោះ។

Facebook នឹង​ធ្វើ​ការ​លុបចោល​នូវ​ការ​បង្ហោះ​ទាំងឡាយ​ណា ដែល​បង្ហាញ​ពី​ការ​ប្រមាថ ការ​ប្រើ​ពាក្យ​ដែល​បង្ក​ឲ្យ​មាន​ការ​ស្អប់ខ្ពើម ការ​បង្ហោះ​រូប​អាក្រាត ការ​បង្ហាញ​វីដេអូ​សកម្មភាព​អាសអាភាស និង​អំពើ​ហិង្សា​ផ្សេងៗ​។

ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏​ធំ​ខាងលើ​បន្ត​ថា នៅ​ពេល​ដែល​ការ​បង្ហោះ​មួយ​ត្រូវ​លុប​ចោល Facebook នឹង​ជូន​ដំណឹង​តាម​រយៈ Notifications ដោយ​ផ្ដល់​ជម្រើស​ដើម្បី​ចុច​តវ៉ា។ ចំពោះ​ការ​ត្រួត​ពិនិត្យ​រាល់​សកម្មភាព​បង្ហោះ​នានា ត្រូវ​ធ្វើឡើង​ដោយ​មនុស្ស មិនមែន​កុំព្យូទ័រ ឬ ឧបករណ៍​បញ្ញា​សិប្បនិម្មិត (AI) ឡើយ​។

ប្រសិនបើ​ការ​តវ៉ា​ទទួល​បាន​ជោគជ័យ Facebook នឹង​ជូនដំណឹង​ជាថ្មី​ដល់​អ្នក​ប្រើប្រាស់​ថា ការ​បង្ហោះ​របស់​ពួកគេ​បាន​វិលត្រឡប់​ទៅ​លើ​ទំព័រ ឬ គណនី​វិញ។

Facebook មាន​អ្នកពិនិត្យ​ការ​បង្ហោះ​ជាង ៧៥០០នាក់ ក្នុង​ចំណោម​បុគ្គលិក​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព សរុប ១៥០០០​នាក់។ ចំនួន​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ការ​កើនឡើង​ដល់ ២ម៉ឺន​នាក់ នៅ​ចុង​ឆ្នាំ​២០១៨​៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ

អត្ថបទពេញនិយម