អស់​ពី​កាហ្វេ​ថ្មពិល​នៅ​វៀតណាម ឥឡូវ​ដល់​គ្រឿង​សម្អាង​ក្លែងក្លាយ​នៅ​ថៃ​ម្ដង

  • 2018-04-28 02:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលីស​ថៃ​បាន​វាយឆ្មក់​​​ហាង​លក់​ផលិតផល​គ្រឿង​សម្អាង​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ភូកេត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​រឹបអូស​​ក្រែម និងគ្រឿង​សម្អាង​ក្លែង​ក្លាយ​ជា​ច្រើន​ គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៥​លាន​បាត (ប្រហែល ១៥៨ ០០០ ដុល្លារ)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​ថៃ Coconuts។

ប៉ូលិស​បាន​រឹប​អូសក្រែម​រាប់​រយ​ប្រអប់ និងផលិត​ផល​ក្លែង​បន្លំ​ម៉ាក​យីហោ Rayanskin និង​គ្រឿង​សម្អាង​ជា​ច្រើន​ទៀត​ដែល​​​ភាគ​ច្រើន​ជា​ប្រភេទ​ម៉ាស​បិទ​មុខ ដូច​ជា Ray Facial Mask និង Ray Facial Gold Mask ជា​ដើម ​ពី​ហាង​ដែល​មាន​ឈ្មោះ​ថា Panda Beauty ក្រោយ​ពី​ទទួល​ពាក្យ​ប្តឹងពី​ខាង​ភាគី​ក្រុម​ហ៊ុន​ខាង​លើ។

មេធាវី​តំណាង​ក្រុមហ៊ុន Rayanskin លោក ចារីន ឈី​យ៉ង (Jarin Cheyong) បាន​និយាយ​ថា ក្រុមហ៊ុន Rayanskin បាន​ឈប់​ផលិតផលិតផល​ទាំង​នោះ​ហើយ​ ដោយសារ​តែ​ទំនិញ​ក្លែងក្លាយ​ត្រូវ​បាន​ផលិត​ដើម្បី​ទាក់ទាញ​អតិថិជន​ឱ្យ​ទិញ​ផលិតផល​ដែល​មាន​​តម្លៃ​ទាប។

មន្ត្រី​ប៉ូលិស លោក ធារ៉ាសក្តិ ណារ៉ាសៃ (Teerasak Narasai) បាន​និយាយ​ថា "ទោស​​នេះ​អាច​នឹង​ពិន័យ​ជា​ទឹកប្រាក់ ៤០០ ០០០ បាត (ប្រមាណ ១ ម៉ឺន ៣ ពាន់​ដុល្លារ​អាមេរិក) និងជាប់​ពន្ធនាគារ​ដល់​ទៅ ៤​ឆ្នាំ"។

ជន​សង្ស័យ​ទាំង​អស់ ដែល​មន្ត្រី​ប៉ូលិស​​មិន​បញ្ចេញ​អត្តសញ្ញាណ (ឈ្មោះ និង តួនាទី) ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ស្នងការដ្ឋាន​ប៉ូលីស​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី