ជំងឺ​អតុល្យភាព​មួយ​ចំនួន បង្ក​ការ​គំរាមកំហែង​​​ស្ថិរភាព​ដល់​​ក្លឹប​លីគ​កម្ពុជា​

  • 2018-04-30 08:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្ទុះ​​អ្នក​គាំទ្រ​រាប់​​ម៉ឺន​នាក់​សឹង​គ្រប់ការ​ប្រកួត​ពាន​រង្វាន់​ធំ​ៗ​របស់​ក្រុម​ជម្រើស​ជាតិ​ដូច​ជា​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក ២០១៨ (World Cup) ជា​ទឡ្ហីករណ៍​បញ្ជាក់​ពី​ទំនោរ​វិស័យ​បាល់ទាត់ មាន​ការ​រីក​ចម្រើន​ដុះដាល​ខ្លាំងក្លា​ដល់​ថ្នាក់​វា​ដាច់​ចិន​ ថៃ កូរ៉េ​ខាង​ជើង និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​លើ​ចំនួន​អ្នក​គាំទ្រ​ចូល​ទស្សនា និង​គាំទ្រ​លើស​៦ម៉ឺន​នាក់។

ចំនួន​ច្រើន​លើស​លប់​ និង​សំឡេង​ហ៊ោកញ្ជ្រៀវ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កីឡាករ​លើ​ទីលាន​ក្នុង​ដី ពិត​ជា​ថាមពល​ដ៏​មាន​ប្រសិទ្ធភាព ប៉ុន្តែ​​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​វិញ​​មិន​មាន​វាសនា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​គំហុក​ដូច្នេះ​ឡើយ។ ទោះ​ជា​លីគ​កំពូល​មាន​ការ​សម្រិត​សម្រាំង​កីឡាករ​ ក្លឹប​ខ្លះ​ចាយ​ទាំង​លុយ​ទិញ​កីឡាករ​បរទេស​ ប្រាក់​ខែ​រាប់​ពាន់​ដុល្លារ​មួយ​ខែ​ៗ​មក​ជួយ​ពង្រឹង​គុណភាព​លេង​លើ​ទីលាន ដើម្បី​ដណ្ដើម​ពាន ក៏​នៅ​តែ​ទាក់ទាញ​អ្នក​គាំទ្រ​ ឲ្យ​ចូល​ទស្សនា​នៅ​មាន​កម្រិត។

អ្នក​គាំទ្រ​ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត

ទាំង​នេះ​ជា​ឧបសគ្គ​ធំ​សម្រាប់​ក្លឹប​នីមួយ​ៗ ក្នុង​ការ​កៀរគរ​​អ្នក​គាំទ្រ​ និង​ដៃ​គូ​ឧបត្ថម្ភ បង្កើន​ចំណូល ឆ្លើយតប​នឹង​កញ្ចប់​ចំណាយ​ធំ​រយៈ​ពេល​វែង។ ពាណិជ្ជកម្ម​បាល់​ទាត់​ ឬ​ការ​បង្កើត​ក្រុម​អាជីព​ជា​អាជីវកម្ម​ពីសំណាក់​អ្នក​មាន​ប្រាក់​វាល​លាន​ដុល្លារ​ភាគ​ច្រើន អាច​នឹង​មិន​ស្ថិត​ក្នុង​បញ្ជី​អាទិភាព​ត្រូវ​វិនិយោគ​ ទោះ​ជា​មាន​ក្លឹប​ចំណូល​ថ្មី​ដូចជា​វិសាខា​ក្ដី ខណៈ​ក្លឹប​អាជីព​មួយ​ចំនួន​បង្ខំ​ចិត្ត​ បិទ​ទ្វារ​ ឬ​ដក​ខ្លួន​ចេញ​ពី​លីគ​អាជីព​តែ​ម្ដង។ ក្លឹប​មួយ​ៗ​ដំណើរ​ការ​ទៅ​បាន​​ត្រូវ​ការ​លុយ​​ ហើយ​លុយ​​អាច​ចេញ​​ពី​ម្ចាស់​​ក្លឹប​​ដែល​​បោះ​ទុន​មុន​ពេល​ឈាន​ដល់​រក​ចំណូល​សម្រាប់​​ទ្រទ្រង់​ក្លឹប​ដើម្បី​ដំណើរ​ការ​ឲ្យ​និរន្តរភាព​យូរ​អង្វែង។

អ្នក​ចាត់​ការ​ម្នាក់​ធ្លាប់​ជោកជាំ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​បាន​និយាយ​ថា​ ពេល​​ក្លឹប​លេង​បាន​ល្អ​ ​ទទួល​ជ័យជម្នះ​ មហា​ជន​​បាន​ត្រឹម​តែ​​ពាក្យ​សំដី​សរសើរ​ ប៉ុន្តែ​​ពេល​ក្លឹប​ធ្វើ​មិន​បាន​ល្អ​ ​មាន​តែ​​រិះគន់​ជាន់​ពន្លិច។ ពួក​គេ​មិន​ដឹង​ថា​ ក្លឹប​នីមួយ​ៗ​ជួប​ការ​លំបាក​យ៉ាង​ណា​ទេ​​ ប៉ុន្តែ​សូម្បី​សំបុត្រ​ចូល​ទស្សនា​ក៏​ស្រែក​ថា​ ​ថ្លៃ​ សំលៀកបំពាក់​ក៏​​មិន​ជួយ​ទិញ​ តើ​ឲ្យ​ក្លឹប​រស់​​បាន​ដល់​ពេល​ណា? អ្នក​មាន​​​ទ្រព្យ​ធន​​​ដែល​​​មាន​​ចំណូល​ចិត្ត​ខាង​វិស័យ​បាល់ទាត់​មាន​មិន​ច្រើន​ ឬ​មើល​ឃើញ​​ពី​​ជោគជ័យ​ក្នុង​ការ​រក​ចំណូល​មក​វិញ​ក្នុង​ភាគ​រយ​តិច​តួច​បំផុត​ ឬ​មិន​ចំណេញ​តែ​ម្ដង។​ បើ​បែប​នេះ​ បាល់ទាត់​​រីក​ចម្រើន​យ៉ាង​ម៉េច?

ចំណូល​មិន​សមាមាត្រ​

ក្រប​ខណ្ឌ​ជើង​ឯក​បាល់ទាត់​ជាតិ​​កម្ពុជា​មាន​ក្លឹប​១២​​ដែល​​​​មាន​​ខ្ទង់​ចំណាយ​ខុស​គ្នា។ ក្លឹប​​​ធំ​ៗ​​អាច​​ចាយ​ចន្លោះ​ពី​២០-៤០​ម៉ឺន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​ ឯ​ក្លឹប​តូច​ៗ​​ដែល​មាន​សុខភាព​ហិរញ្ញវត្ថុ​ខ្សត់ខ្សោយ​​មាន​លទ្ធភាព​​ចាយ​ចន្លោះ​ពី​១០-២០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។ ការ​ចំណាយ​​ទាំង​​នេះ​មិន​រាប់​បញ្ចូល​លើ​ការ​​កសាង​កីឡដ្ឋាន​ ឬ​ជួសជុល​ទី​លាន​បាល់ទាត់​ឡើយ។

ចំណាយ​លើ​អ្វី​ខ្លះ​​​ពី​កញ្ចប់​លុយ​រាប់​សែន​ដុល្លារ​នេះ?

ក្លឹប​​មួយ​យ៉ាង​តិច​មាន​កីឡាករ​ខ្មែរ​ ២៣​នាក់​​ និង​កីឡាករ​បរទេស​៥​នាក់។ ជា​​មធ្យម​​​ម្នាក់​ប្រាក់​ខែ​៥០០​ដុល្លារ​​ សម្រាប់​ធានា​កៅអី​កីឡាករ​ខ្មែរ​​មាន​សមត្ថភាព​លើ​ទី​លាន។ កីឡាករ​កាន់​តែ​ល្អ​ ទាំង​ក្លឹប និង​គ្រូ​បង្វឹក ក៏​ហ៊ាន​ផ្ដល់​​ប្រាក់​ខែ​ខ្ពស់​តាម​ហ្នឹង​ដែរ។ កីឡាករ​បរទេស​ជា​ទូទៅ​មាន​ប្រាក់​ខែ​ចន្លោះ​ពី​១ ៥០០-២ ០០០​ដុល្លារ​​អាមេរិក​ ​ឬ​​អាច​​​ខ្ពស់​ជាង​នេះ​តាម​សមត្ថភាព។

ចំណែក​ ​គ្រូ​បង្វឹក​ អ្នក​ចាត់ការ​ គ្រូ​ជំនួយ​ គ្រូ​ពេទ្យ មន្ត្រី​ព័ត៌មាន និង​បុគ្គលិក​ផ្សេង​ទៀត ​​ជា​មធ្យម​ក្លឹប​​​មួយ​អាច​មាន​គ្នា​ពី​៧​ ទៅ​​១០​នាក់។ គ្រូ​បង្វឹក​ជា​ខ្មែរ​​អាច​ទទួល​បាន​ប្រាក់​ខែ​​១​​ទៅ​២​ពាន់​ដុល្លារ​ ប៉ុន្តែ​គ្រូ​បរទេស​អាច​ច្រើន​ពាន់​ដុល្លារ។ ក្រៅ​ពី​នោះ​ចំណាយ​លើ​សម្ភារៈ​ហ្វឹកហាត់​ ឯកសណ្ឋាន​ មធ្យោបាយ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ​ អាហារ​ និង​​​កិច្ចការ​រដ្ឋបាល​ផ្សេង​​ៗ។ ក្លឹប​ខ្លះ​ចំណាយ​លើ​ការ​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​ទៀត។

ការ​ចំណាយ​ជាក់​ស្ដែង​កន្លង​មក

ដូច​បាន​បញ្ជាក់​ខាង​លើ​ បើ​រាប់​លើ​ខ្ទង់​ចំណាយ​ មាន​ក្លឹប​ថង់​លុយ​ធំ និង​តូច។ ជាក់​ស្ដែង ក្លឹប​ភ្នំពេញ​ក្រោន​​ត្រូវ​បាន​គេ​ដឹង​ថា​ ហ៊ាន​ចាយ​លុយ​ច្រើន​ជាង​ក្លឹប​ប្រជែង​ឯទៀត។ ឆ្នាំ​២០១៦​ លោក ឬទ្ធី សំណាង​ ប្រធាន​ក្លឹប​ឲ្យ​ដឹង​ថា​ ភ្នំពេញ​ក្រោន​​​ចាយ​​អស់​ប្រមាណ​ ៥០​​ម៉ឺន​ដុល្លារ។ លោក​​​ អោក សំណាង អគ្គ​លេខាធិការ​​ធ្លាប់​ទម្លាយ​ថា​ ​ឆ្នាំ​២០១៥​ ស្វាយ​រៀង​​​ចាយ​​​ចន្លោះ​២៥​ទៅ​​២៧​ម៉ឺន​ដុល្លារ។ លោក ​​ឡាំ ទីនី​ ​អ្នក​ចាត់​ការ​​ក្លឹប​​ប្រាប់​​ថា​ ឆ្នាំ​២០១៥​ ណាហ្គាវើល​​ចាយ​​​អស់​ជាង​បី​ខ្ទាស់​ធំ (៣០​ម៉ឺន​ដុល្លារ)។ ​ឆ្នាំ​នោះ​ដែរ ​​​បឹងកេត​​​ចាយ​អស់​ចន្លោះ​៣០​ទៅ​៤០​ម៉ឺន​ដុល្លារ។ ក្លឹប​ក្រសួង​ការពារ​ជាតិ​ចាយ​អស់​៤០​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​​ដែល​កើន​ឡើង​ទ្វេ​ដង បើ​ធៀប​នឹង​​ចំណាយ​ឆ្នាំ​​២០១៦។

បញ្ហា​​កីឡដ្ឋាន​

២០១៨​នេះ​ ក្លឹប​លីគ​ទោះ​ជា​ចំណាយ​ច្រើន​រហូត​រាប់​សែន​ដុល្លារ​ក្តី​ ប៉ុន្តែ​​ក្នុង​ចំណោម​ក្លឹប​សរុប​មាន​តែ​ក្លឹប​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​​ភាគ​ច្រើន ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ។ ក្លឹប​អ្នក​មាន​ទាំង​នោះ​ មាន​ជាអាទិ៍៖

  • ក្លឹប​ភ្នំពេញ​ក្រោន​
  • ព្រះ​ខ័នរាជ​ស្វាយរៀង​
  • ក្រសួង​ការពារ​ជាតិ​
  • វេស្ទើន​ភ្នំពេញ​
  • អាស៊ី​អឺរ៉ុប​ ​និង​
  • អគ្គិសនី​កម្ពុជា​​​

ចំពោះ​ក្លឹប​ដែល​កំពុង​ចាយ​លុយ​រាប់​លាន​ដុល្លារ​ សង់​ទីលាន​ផ្ទាល់​ខ្លួន​មាន​ "វិសាខា"។ អង្គរ​ថាយហ្គឺរ​ និង​សូទីលូ​អង្គរ​​ ផ្លាស់​វេន​គ្នា​ យក​កីឡដ្ឋាន​ខេត្ត​សៀម​រាប​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ក្លឹប​បឹងកេត ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ និង​ណាហ្គាវើល​​នៅ​មិន​ទាន់​មាន​ទី​លាន​ខ្លួន​ឯង​ឡើយ​គិត​ត្រឹម​រដូវ​កាល​នេះ។

ការ​កសាង​កីឡដ្ឋាន​មួយ​​ជា​រឿង​ដ៏​លំបាក​បំផុត​សម្រាប់​ក្លឹប។ បើ​ម្ចាស់​ក្លឹប​មាន​ដី​ផ្ទាល់​ខ្លួន​គឺ​​​មិន​សូវ​លំបាក​ខ្លាំង​​រឿង​ធ្វើ​កីឡដ្ឋាន​នោះ​ទេ​ ប៉ុន្តែ​​បើ​មិន​​មាន​ដី​ផ្ទាល់​ខ្លួន​​​ទេ​រឹត​តែ​ពិបាក​​ព្រោះ​ត្រូវ​ជួល​ ឬ​ទិញ​ដី​​ដែល​មាន​តម្លៃ​ថ្លៃ​ទើប​​​អាច​​យក​មក​ធ្វើ​ទី​លាន​តាម​ទំហំ​ស្ដង់ដារ​បាន។

ការ​ចំណាយ​កសាង​​​កីឡដ្ឋាន​​កន្លង​មក​ត្រូវ​ចំណាយ​ប្រាក់​រាប់​សែន​ដុល្លារ​។ ​ជាក់​ស្តែង​ ព្រះ​ខ័នរាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន​បាន​ចំណាយ​ប្រាក់​អស់​ម្នាក់​​ៗ​ជាង​ ១​លាន​ដុល្លារ​អាមេរិក​សម្រាប់​កសាង​កីឡដ្ឋាន​ ប៉ុន្តែ​មិន​រាប់​បញ្ចូល​តម្លៃ​ដី​ឡើយ។

ដោយ​ឡែក​​ក្លឹប​វេស្ទើន​ភ្នំពេញ​​ មិន​មាន​ដី​ខ្លួន​ឯង​មក​សង់​កីឡដ្ឋាន​ទេ ប៉ុន្តែ​បាន​ចាយ​​ជិត​១​លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​ទី​លាន​ផ្ទាល់​ខ្លួន​លើ​ដី​កំពុង​ជួល។ ​ ដង្ហើម​ក្លឹប​​

ប្រាក់​ចំណូល​ជា​​ចរន្ត​ឈាម​​តែ​មួយ​គត់​ដែល​ទ្រទ្រង់​ឲ្យ​ក្លឹប​ឲ្យ​​រស់​បាន​យូរ​ប៉ុណ្ណា។ ចំណូល​​អាច​​​កើត​មាន​​តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ការ​លក់​សំបុត្រ​ទស្សនាការ​ប្រកួត​ ការ​លក់​ឯកសណ្ឋាន​​ ការ​ឧបត្ថម្ភ​ពី​សហព័ន្ធ​ និង​ប្រាក់​រង្វាន់​ជា​ដើម។

  • ដៃ​គូ​ឧបត្ថម្ភ​ ៖ ការ​ទទួល​បាន​ម្ចាស់​ឧបត្ថម្ភ​​កាន់​តែ​ច្រើន​ កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​ក្លឹប។ ក្លឹប​​កាន់​តែ​ល្បី​ កាន់​តែ​ធ្វើ​ឲ្យ​​ក្រុម​ហ៊ុន​ឧបត្ថម្ភ​ចាប់​អារម្មណ៍ និង​ហ៊ាន​ចាយ​លុយ​កាន់​តែ​ច្រើន។ ​ស្រុក​ខ្មែរ​ ​ជា​មធ្យម​ ក្លឹប​ធំ​ៗ​​​ទទួល​បាន​ពី​ក្រុម​ហ៊ុន​ឧបត្ថម្ភ​​ចន្លោះ​ពី​ ៥​ ទៅ​ ១០​​ម៉ឺន​ដុល្លារ។ ជាក់​ស្ដែង​បឹងកេត​បាន​ទម្លាយ​​ចំនួន​ទឹក​ប្រាក់​ដែល​ទទួល​បាន​ក្រុម​ហ៊ុន​ឧបត្ថម្ភ​ ១០​ម៉ឺន​ដុល្លារ​ក្នុង​រដូវ​កាល​២០១៨។ ម្ចាស់​ឧបត្ថម្ភ​តូច​ៗ​​អាច​បាន​​ពី​ ២-៥​ម៉ឺន​ដុល្លារ​អាមេរិក។ យ៉ាង​ណា​ក្លឹប​ខ្លះ​មិន​មាន​​ក្រុម​ហ៊ុន​ឧបត្ថម្ភ​​ឡើយ។
បឹងកេត​ឈ្នះ​ជើងឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧
  • ប្រាក់​រង្វាន់ ៖ ក្រប​ខណ្ឌ​បាល់ទាត់​ជើង​ឯក​ជាតិ​កម្ពុជា​ផ្ដល់​ប្រាក់​រង្វាន់​​ដល់​ក្រុម​៣​ចំណាត់​ថ្នាក់។ ក្រុម​លេខ​១​ចំនួន​​៦០​លាន​រៀល​ (១៥​ពាន់​ដុល្លារ)​ ក្រុម​លេខ​២​​ចំនួន​​៤៦​លាន​រៀល​​(១១ ៥០០​ដុល្លារ)​ និង​ក្រុម​លេខ​៣​ទទួល​បាន​៣៦​លាន​រៀល​ (៩​ពាន់​ដុល្លារ)។ ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន​ផ្ដល់​ឲ្យ​លេខ​១​​ចំនួន​​៨០​លាន​រៀល​​ (២​ម៉ឺន​ដុល្លារ)​ លេខ​២​ចំនួន​​៤០​លាន​រៀល​ (​១​ម៉ឺន​ដុល្លារ)​ និង​លេខ​៣​​ចំនួន​២០​លាន​រៀល​ (៥​ពាន់​ដុល្លារ)។

  • ប្រាក់​ឧបត្ថម្ភ​ពី​សហព័ន្ធ ៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា​​បាន​ជួយ​ឧបត្ថម្ភ​​​ប្រាក់​ចំនួន​ ១៥​ពាន់​ដុល្លារ​​ដល់​ក្លឹប​ទាំង​១២​ក្លឹប​ក្នុង​មួយ​រដូវ​កាល​សម្រាប់​​រៀប​ចំ​ការ​ប្រកួត​ក្នុង​ដី​ និង​ក្រៅ​ដី។ ដូច្នេះ​សហព័ន្ធ​បាន​ចំណាយ​លុយ​១៨​ម៉ឺន​ដុល្លារ​​ក្នុង​មួយ​រដូវ​កាល​ដល់​ក្លឹប​ទាំង​១២។

  • ការ​លក់​សំបុត្រ​ទស្សនា​ ៖ ទស្សនា​ការ​ប្រកួត​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​សម្រាប់​ប្រាក់​ចំណូល​ក្លឹប​ដែរ។ តម្លៃ​សំបុត្រ​​លីគ​កម្ពុជា​​ប្រហែល​ជា​​ ៤​ពាន់​រៀល។ បើ​​មួយ​​ប្រកួត​មាន​អ្នក​ទិញ​សំបុត្រ​ចូល​​មើល​​ចាប់​ពី​១​ពាន់​នាក់​ឡើង​ នោះ​ប្រាក់​ចំណូល​ក៏​អាច​រក​បាន​ខ្ទង់​លាន​រៀល។ យ៉ាង​ណា លីគ​កម្ពុជា​មិន​មាន​អ្នក​ចូល​មើល​​ច្រើន​ឲ្យ​ផុលផុស​ដូច​ការ​ប្រកួត​ជម្រើស​ជាតិ​ឡើយ។ កីឡដ្ឋាន​ស្វាយរៀង ចាត់​ទុក​ជា​កន្លែង​ប្រសើរ​មួយ​ដែល​មាន​​តួលេខ​លក់​សំបុត្រ​បាន​ច្រើន​ បើ​ធៀប​ក្លឹប​ដទៃ ​ចន្លោះ​ពី​​១​ពាន់​​​ទៅ​​៣​ពាន់​នាក់​ ដូច្នេះ​​អាច​បាន​​ប្រាក់​​ចំណូល​ក៏​ច្រើន​ទៅ​តាម​នោះ​ដែរ​ក្នុង​មួយ​ប្រកួត​ៗ។

សកម្មភាព​ប្រកួត​នៅ​ក្លឹប​ភ្នំពេញ​ក្រោ​ន​ឆ្នាំ​២០១៨

ថ្វី​ត្បិត​តែ​ចំណូល​នេះ​សំខាន់ តែ​យ៉ាង​ណា​ ​នៅ​តែ​អត់​គ្រប់​​លើ​ការ​ចំណាយ​រៀប​ចំ​ប្រកួត​ឡើយ។ ប្រភព​ពី​អ្នក​ចាត់​ការ​ម្នាក់​និយាយ​ថា​ ពេល​ខ្លះ​​មិន​ហ៊ាន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​​​លក់​សំបុត្រ​ឡើយ​​ ​ព្រោះ​ខាត​ ទោះបី​ជា​កម្រៃ​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ (ម្ចាស់​ផ្ទះ​យក​ទាំង​អស់) មិន​​ចែក​ទៅ​ឲ្យ​សហព័ន្ធ ឬ​ក្រុម​ក្រៅ​ដី បើ​ធៀប​នឹង​ទំហំ​ចាយវាយ​ក្នុង​ការ​រៀប​ចំ​ប្រកួត​ សន្តិសុខ​ បោះ​ពុម្ព​សំបុត្រ និង​ចំណាយ​ផ្សេង​ៗ​ទៀត។

  • ឯកសណ្ឋាន ៖ ប្រាកដ​ណាស់ ឯកសណ្ឋាន​​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្លឹប​រក​ចំណូល​បាន​ដែរ ព្រោះ​ទំហំ​អ្នក​គាំទ្រ​ច្រើន​កាល​ណា ការ​ស្រឡាញ់​ចូលចិត្ត និង​គាំទ្រ​កីឡាករ​សំណព្វ (អាយដល) ក៏​កាន់​តែ​ច្រើន​តាម​ហ្នឹង​ដែរ។ ជា​ធម្មតា ឯកសណ្ឋាន​មួយ​សម្រាប់ ​របស់​ក្លឹប​ល្បី​ៗ​មាន​តម្លៃ​ប្រហែល​ជា​ ១០​ដុល្លារ​​ទៅ​​២០​ដុល្លារ។ យ៉ាង​ណា​ មិន​សូវ​មាន​អ្នក​ទិញ​ច្រើន​ឡើយ។ ក្លឹប​ខ្លះ​​យក​​​មក​ប្រហែល​៥០០​ឈុត​ក៏​លក់​មិន​អស់​ផង មួយ​រដូវ​កាល​ពេញ។

ចំណុច​ខ្សោយ​​

​លោក បែ មករា​ អ្នក​ចាត់ការ​ទូទៅ​​ក្លិប​បឹង​កេត​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ស្ថានភាព​ក្លឹប​លីគ​កម្ពុជា​ដំណើរ​ការ​មិន​​ល្អ​ទេ។ បញ្ហា​ចម្បង​គឺ​អ្នក​វិនិយោគ​​មិន​ទាន់​ហ៊ាន​បោះ​ទុន​លើ​​ការ​វិនិយោគ​​បាល់ទាត់​ដោយ​សារ​មិន​ទាន់​ឃើញ​​ផល​ចំណេញ។ ចន្លោះ​ប្រហោង​របស់​ក្លឹប​​មាន​ច្រើន​ដែល​មិន​ទាន់​អន្ទង​ចិត្ត​វិនិយោគិន​​​​ទម្លាក់​កញ្ចប់​លុយ​​បាន។ បញ្ហា​ចម្បង​​៣​​ ​​​កីឡដ្ឋាន​​ ប្រភព​ចំណូល​ និង​ធន​ធាន​មនុស្ស។ ​ក្លឹប​ខ្លះ​មិន​ទាន់​មាន​​​ ក្លឹប​ខ្លះ​មាន​ដែរ​ ​តែ​មិន​ទាន់​គ្រប់​គ្រាន់។

លោក បែ មករា អ្នក​កាត់​ការ​ក្កឹប​បឹងកេត

ទោះបី​ជា​បឹងកេត មើល​ទៅ​ដូចជោគជ័យ និង​ជា​បេក្ខភាព​ដណ្ដើម​ពាន​ហូរហែ​ក្ដី អ្នក​ចាត់​ការ​ដដែល​នេះ​​ឲ្យ​ដឹង​ថា​ ក្លឹប​របស់​លោក​អាច​រក​ចំណូល​​បាន​ចន្លោះ​៣០​ទៅ​៤០​%​នៃ​ការ​ចំណាយ​​ប៉ុណ្ណោះ។ ដូច្នេះ​ត្រូវ​ការ​ចំណូល​បន្ថែម​​៦០​ទៅ​៧០​%​​ទៀត​ដើម្បី​​ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​ចំណាយ-ចំណូល។ បញ្ហា​មិន​ត្រឹម​តែ​ក្លឹប​របស់​លោក​ទេ​ សូម្បី​តែ​ក្លឹប​ផ្សេង​ទៀត​ក៏​​ជួប​បែប​នេះ​ដែរ។

ដំណោះ​ស្រាយ​

ឆ្លង​កាត់​តាម​បទ​ពិសោធ​ និង​ការ​ប្រឈម​មុខ​អនាគត​ក្លឹប​ដែល​កំពុង​ត្រួសត្រាយ​​ផ្លូវ​​​ចេញ​​ឲ្យ​ផុត​ពី​ស្ថានភាព​អាក្រក់ អ្នក​ចាត់ការ​ក្លឹប​​ស៊ូ​បឹងកេត ​លោក បែ មករា​ សម្លឹង​ឃើញ​យុទ្ធសាស្ត្រ​​ដែល​អាច​ធ្វើ​ឲ្យ​ក្លឹប​មាន​ប្រាក់​ចំណូល​ និង​​មាន​ផល​ចំណេញ​ដល់​ម្ចាស់​​ឧបត្ថម្ភ។

  • ទី​១. ក្លឹប​មិន​ត្រូវ​ប្រមូល​ផ្ដុំ​នៅ​ភ្នំពេញ​គឺ​​ត្រូវ​ចេញ​ទៅ​​តាម​ខេត្ត​​ដើម្បី​បង្កើត​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​​ស្វែង​រក​អ្នក​គាំទ្រ​របស់​ខ្លួន​ពិត​ប្រាកដ។ ឧទាហរណ៍​ដូច​​​​​ថៃ​ វៀតណាម ម៉ាឡេស៊ី​ជា​ដើម​ពី​មុន​​ប្រមូល​ផ្តុំ​នៅ​​ក្រុង​​គឺ​មិន​មាន​អ្នក​គាំទ្រ​​ និង​មិន​មាន​ម្ចាស់​ឧបត្ថម្ភ​​ចាប់​អារម្មណ៍​​​ ប៉ុន្តែ​ពេល​​ទៅ​ដាក់​មូលដ្ឋាន​​តាម​​​ខេត្ត​​ផ្សេង​ៗ​បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ស្រលាញ់​​ក្លឹប​ខេត្ត​រៀងៗ​ខ្លួន​ពិត​ប្រាកដ។ ដូច្នេះ​រាល់​ពេល​មាន​ការ​ប្រកួត​​ម្ដង​ៗ​មាន​អ្នក​គាំទ្រ​​ទិញ​សំបុត្រ​ចូល​មើល​ច្រើន ​ធ្វើ​ឲ្យ​កីឡាករ​មាន​កម្លាំង​ចិត្ត​លេង ហើយ​អ្នក​ឧបត្ថម្ភ​​ក៏​ចាប់​អារម្មណ៍​ដោយ​​​ហ៊ាន​ចំណាយ​​ឧបត្ថម្ភ​ដល់​ក្លឹប​ ដោយ​សារ​មាន​អ្នក​គាំទ្រ​កើន​ឡើង​រហូត។

  • ទី​២. អ្នក​មាន​ទ្រព្យធន​ សេដ្ឋី​ ឧកញ៉ា​ជា​ដើម​ត្រូវ​​ហ៊ាន​បោះ​ទុន​​លើ​វិស័យ​បាល់ទាត់​ឲ្យ​បាន​ច្រើន​ដូច​​ប្រទេស​ជិត​ខាង។ ជា​មួយ​គ្នា​នេះ​ ​អាជ្ញាធរ​តាម​ខេត្ត​នីមួយ​ៗ​ត្រូវ​ជួយ​​គាំទ្រ​ និង​​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ដល់​ក្លឹប​ដែល​​បង្កើត​​មូលដ្ឋាន​​តាម​ខេត្ត​នោះ។ ពេល​ណា​​​ក្លឹប​​ខ្លាំង​ ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​ ខេត្ត​នោះ​​ក៏​​មាន​​កេរ្តិ៍​ឈ្មោះ​ល្បី​ដែរ។

ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា

ការ​លើក​ឡើង​របស់​អ្នក​ចាត់​ការ​​បឹង​កេត​ដូច​ការ​លើក​ឡើង​របស់​ ឯក​ឧត្តម សៅ​ ​សុខា​ ប្រធាន​សហព័ន្ធ​កីឡា​​បាល់ទាត់​កម្ពុជា​​ដែល​មាន​ប្រសាសន៍​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​​ថា​ ​ក្លឹប​​​លីគ​កម្ពុជា​ បើ​នៅ​តែ​​យក​​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​ជា​ទី​លាន​ប្រកួត​ទៀត​ នោះ​​នឹង​មិន​រីក​ចម្រើន​ទេ ។ ការ​ពិត​ ទី​លាន​ប្រកួត​ផ្ទាល់​ខ្លួន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ដើម្បី​ទាក់ទាញ​​ម្ចាស់​ឧបត្ថម្ភ​ និង​ជា​​កន្លែង​​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​ឲ្យ​ចូល​ទស្សនា​ដើម្បី​​រក​ប្រាក់​ចំណូល។

ទន្ទឹម​ជា​មួយ​គ្នា​ ប្រាក់ សុវណ្ណារ៉ា​ ដែល​មាន​បទ​ពិសោធ​ច្រើន​​រឿង​​បាល់ទាត់​​លើក​ឡើង​ថា ឆ្នាំ​នេះ​លីគ​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​​ដោយ​​មាន​ក្លឹប​ថ្មី​ៗ​ឡើង​មក​​​អាច​ប្រជែង​នឹង​ក្លឹប​ធំ​ៗ​បាន។ ទាំង​នេះ​អាច​និយាយ​បាន​ថា​ លីគ​កម្ពុជា​កំពុង​ដើរ​ទៅ​មុខ​ល្អ។ យ៉ាង​ណា​ បញ្ហា​ធំ​បំផុត​គឺ​មិន​ទាន់​មាន​ការ​ឧបត្ថម្ភ​ច្រើន​ ពី​ព្រោះ​ការ​ឧបត្ថម្ភ​ជា​អាទិភាព​ទី​មួយ​សម្រាប់​ដំណើរ​ការ​ក្លឹប។

មិន​ខុស​ពី​​លោក​ បែ​ មករា និង​ឯកឧត្តម​ សៅ សុខា​ លោក​ ប្រាក់​ សុវណ្ណារ៉ា​ថា បើ​ក្លឹប​មិន​ពង្រីក​ទៅ​ធ្វើ​ទីលាន​តាម​ខេត្ត​ជា​ទឹក​ដី​ផ្ទាល់​​ខ្លួន​ និង​​នៅ​តែ​​យក​ទីលាន​ក្នុង​រាជធានី​ភ្នំពេញ​ នោះ​នឹង​​កាន់​តែ​​វេទនា។ "ជាក់​ស្ដែង​ សូម្បី​តែ​ក្លឹប​ភ្នំពេញ​ក្រោន​មាន​ទី​លាន​ផ្ទាល់​ខ្លួន​​នៅ​រាជធានី​​ ក៏​មិន​ទាន់​មាន​អ្នក​គាំទ្រ​ច្រើន​ដែរ។ ផ្ទុយ​ទៅ​វិញ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយ​រៀង​ និង​អង្គរថាយហ្គឺរ​​ធ្វើ​ទី​លាន​នៅ​ខេត្ត​​​ទទួល​បាន​ចំនួន​អ្នក​គាំទ្រ​ច្រើន។ អីចឹង​មាន​តែ​ម្យ៉ាង​ គឺ​​ធ្វើ​ទី​លាន​​ផ្ទាល់​ខ្លួន​តាម​ខេត្ត​ទើប​មាន​អ្នក​គាំទ្រ​ស្រលាញ់​ពិត​ប្រាកដ"។

លោក​បាន​បង្ហើប​ពី​គំនិត​ផ្ទាល់​ខ្លួន​ថា​ អ្វី​ដែល​លោក​ចង់​ឃើញ​​គឺ​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ ក្លឹប​នៅ​កម្ពុជា​ក្លាយ​ជា​ក្លឹប​អាជីព​​ដែល​មាន​អ្នក​គាំទ្រ​ស្រលាញ់​ មាន​កីឡដ្ឋាន​ ធនធាន​មនុស្ស​ និង​ថ្នាល​​យុវជន​ច្បាស់​លាស់។ លោក​​ក៏​ចង់​ឃើញ​​អាស៊ាន​ទទួល​ស្គាល់​លីគ​កំពូល​កម្ពុជា​​ដូច​លីគ​កំពូល​ផ្សេង​ៗ​ទៀត​នៅ​​តំបន់​អាស៊ាន​ដែរ។

តើ​អ្នក​មើល​ឃើញ​យ៉ាង​ណា​ពី​ស្ថានភាព​បាល់​ទាត់​អាជីព​នៃ​លីគកំពូល​នានា? កាន់​តែ​ល្អ​ជាង​មុន ឬ​កាន់​តែ​យ៉ាង​យ៉ឺន? អាច​មាន​មតិយោបល់​អី ជួយ​ជ្រោមជ្រែង​ឲ្យ​ហានិភ័យ​នៃ​ការ​វិនិយោគ​លើ​​ក្លឹប​នីមួយៗ កាន់​តែ​ថយ​ចុះ​ ដើម្បី​ឲ្យ​កាន់​តែ​មាន​និរន្តរភាព​ទេ?

អត្ថបទ៖ ជាន ចាន់រ៉ា