ចិនមានមហិច្ឆតាធំ គ្រោងសង់ផ្លូវឆ្លងកាត់សមុទ្រ សម្រាប់ទីក្រុងទំហំធំជាង London ៣៥ដង

  • 2018-05-01 04:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន បាន​រៀបចំ​គម្រោង​សាងសង់​ផ្លូវ​ឆ្លង​កាត់​សមុទ្រ​សម្រាប់​ទីក្រុង​ដ៏​ធំ​មួយ ដែល​មាន​ប្រជាជន​ជាង ១០០ លាន​នាក់។ គម្រោង​ដែល​ចំណាយ​ប្រាក់ ៥០ ពាន់​លាន​យ័ន (ប្រហែល ៧,៨ ពាន់​លាន​ដុល្លារ) នេះ​ក៏​រួម​បញ្ចូល​ទាំង ស្ពាន និង កោះ​សិប្បនិម្មិត ដែល​ស្ថិត​នៅ​លើ​ទន្លេ Zhujiang River Estuary។

ផ្លូវ​ឆ្លង​កាត់​សមុទ្រ​នោះ​នឹង​ត​ភ្ជាប់​ទីក្រុង Zhongshan និង Shenzhen ក្បែរ​ទីក្រុង Hong Kong និង Macau។ វា​ត្រូវ​បាន​គេ​គ្រោង​នឹង​ប្រើ​សម្រាប់​តំបន់​ឆក​សមុទ្រ Guangdong-Hong Kong-Macao Bay Area ដែល​មាន​ទំហំ​ធំ​ជាង​ទីក្រុង London ៣៥ ដង ឬ ធំ​ជាង​ទីក្រុង New York City ដល់​ទៅ ៧១ដង។

គម្រោង​នេះ​ដែរ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Shenzhong Channel មាន​ប្រវែង ២៤គីឡូម៉ែត្រ​ជាមួយ​នឹង​សំណង់​ទាំង​នៅ​ខាង​លើ និង​ក្រោម​ទឹក។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន Xinhua បាន​ឲ្យ​ដឹង​ថា សំណង់​នៃ​ស្ពាន​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នា​ខែ​កញ្ញា ខណៈ​សំណង់​នៃ​កោះ​សិប្បនិម្មិត​បាន​ចាប់ផ្តើម​ដំណើរការ​រួច​ទៅ​ហើយ។ គម្រោង​ទាំង​មូល​ត្រូវ​បាន​គេ​កំណត់​ថ្ងៃ​បើក​ឲ្យ​ដំណើរការ ក្នុង​ឆ្នាំ២០២៤ ខាងមុខ។

គួរ​បញ្ជាក់​ថា គម្រោង Shenzhong Channel អាច​កាត់បន្ថយ​រយៈពេល​ធ្វើ​ដំណើរ​រវាង​ទីក្រុង Zhongshan និង Shenzhen ពី​រយៈពេល ២ម៉ោង មក​ត្រឹមតែ ៣០នាទី​ប៉ុណ្ណោះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី