ល្អ​ទាំង​ព្រម រត់​ហាត់​ប្រាណ ជួយ​បរិស្ថាន​បាន​ហើយ​អាច​ឈ្នះ​រង្វាន់​ទៀត

  • 2018-05-04 11:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Green Race គឺជា​កម្មវិធី​រត់​ប្រណាំង​​ដើម្បី​សុខភាព និង​បរិស្ថាន​ក្នុង​ទម្រង់​ថ្មី​មួយ​ ដែល​តម្រូវ​ឲ្យ​​អ្នក​ចូល​រួម​​រត់​ និង​រើស​សំរាម​តាម​ផ្លូវ​នៅ​ពេល​កំពុង​រត់​នោះ។ នេះ​ជា​របៀប​ហាត់​ប្រាណ​ថ្មី​បែប​សប្បាយ​ៗ លេច​ចេញពី​ប្រទេស ស៊ុយអែត ដែល​ដើម​ឡើយ​នេះ​គឺ​ជា​ការ​បំផុស​គំនិត​ឲ្យ​ប្រជាជន​ងាក​មក​ចាប់​អារម្មណ៍​ការ​ចេញ​ក្រៅ​ហាត់​ប្រាណ ដូចជា​រត់​យឺត​ៗ ឬ​ធ្វើ​ Yoga នៅ​តាម​សួន​ច្បារ​សាធារណៈ​ជាដើម។ តែ​គ្មាន​អ្នក​ចង់​ទៅ​ហាត់​ប្រាណ​នៅ​សួន​សាធារណៈ ឬ​រត់​តាម​ផ្លូវ ​ដែល​ពេញ​ដោយ​សំរាម​នោះ​ទេ​ ដូច្នេះ​ហើយ​ទើប​ពួកគេ​នឹក​ឃើញ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​មួយ​នេះ គឺ​រត់​​ប្រណាំង​គ្នា​បណ្ដើរ​ រើស​សំរាម​បណ្ដើរ ព្រោះ​ការ​ធ្វើ​ចលនា​ពេល​រើស​សំរាម​ប្រៀប​ដូច​ជា​ការ​ហាត់​ប្រាណ​មួយ​ដែរ។​

សម្រាប់​ Green Race លើក​ទី១ នៅ​កម្ពុជា​នេះ នឹង​រៀប​ចំ​ឡើង​នៅ​ទីតាំង ៣កន្លែងធំៗ​​​នៅ​ភ្នំពេញ ដោយ​ការ​រត់​មាន​រយៈ​ពេល​ចន្លោះ​ពី ៣០​នាទី ទៅ៤៥នាទី។ ​ក្រុម​រត់​នីមួយៗ នឹង​ត្រូវ​ប្រមូល​សំរាម​ឲ្យ​បាន​ច្រើន​បំផុត​តាម​ផ្លូវ​ដែល​គេ​រត់។ ក្រុម​ដែល​រត់​ប្រមូល​សំរាម​បាន​ច្រើន​ជាង​គេ ក្នុងរយៈពេល​តិច​ជាង​គេ​ ​គឺ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ។​​ នៅ​តាម​ផ្លូវ​រត់ នឹង​មាន​ក្រុម​ការងារ​ចាំ​ផ្ដល់​ទឹក​ និង​ថង់​ដាក់​សំរាម​ថ្មី​ជា​ហូរហែ​។

តើ​រត់​នៅ​កន្លែង​ណា ? ពេលណា​?

នឹង​មាន​ការ​រត់​ប្រណាំង​ ៣ កន្លែង​ក្នុង​មួយថ្ងៃ​។

មុន​ចាប់​ផ្តើម​រត់​ ៣០នាទី ក្រុមរត់​ត្រូវ​ជួប​ជុំ​គ្នា ដើម្បី​ទទួល​យក ស្រោមដៃ និង​ថង់​ដាក់​សំរាម​បែប​បរិស្ថាន ( Recyclable cassava bags)។ ទីតាំង និង​ម៉ោង​ចាប់​ផ្ដើម៖

  • ទួល​ទំពូង ៖ ម៉ោង ៦:៣០ព្រឹក – ៩ព្រឹក
  • បឹង​កេង​កង ១ ៖ ម៉ោង ៧:១៥ ព្រឹក – ៩ព្រឹក​
  • ផ្លូវ​មាត់​ទន្លេ ៖ ម៉ោង ៧: ៤៥ព្រឹក – ៩ព្រឹក​

បន្ទាប់​ពី​រក​ឃើញ​អ្នក​ឈ្នះ នឹង​មាន​កម្មវិធី​ជួប​ជុំ​មួយ​ទៀត​នៅ មុខ​វត្តបទុមវតី វេលា​ម៉ោង ៩ព្រឹក ដើម្បី​បិទ​កម្មវិធី ដោយ​មាន​ការ​ចូលរួម​ពី លោកជំទាវ ងិន លីណា អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​ចំណេះ​ដឹង និង​អប់រំ​ផ្សព្វផ្សាយ​ព័ត៌មាន នៃ​ក្រសួង​បរិស្ថាន។

ចាប់​អារម្មណ៍ ? អ្នក​អាច​ចុះ​ឈ្មោះ​ចូល​រួមបាន​ឥឡូវ​នេះ​ដោយ​សេរី តាមរយៈ facebook @GoGreen Cambodia or @ LLFitness, ឬ ចុះ​ឈ្មោះ​តាម​រយៈ​ដៃ​គូ​សហការ​កម្មវិធី​ដូច​ខាង​ក្រោម៖

  • CrossFit Amatak
  • Phnom Climb
  • Farm to Table
  • Eleven One Kitchen
  • Chinese House

ការ​ណែ​នាំ​ពី​ការប្រកួត​៖

  • មួយ​ក្រុម​មាន​គ្នា ៤នាក់​ ច្រើន​បំផុត ឬ គ្មាន​គ្នា អាច​ចុះ​ឈ្មោះ​រត់​ម្នាក់​ឯង​ក៏​បាន
  • បើ​មាន​ក្រុម សូម​ចុះ​ឈ្មោះ​ដោយ​ដាក់​ឈ្មោះ​ក្រុម
  • សូម​ប្រាប់​ក្រុម​ការងារ​ឲ្យ​ដឹង​ពី​ចម្ងាយ និង​កម្រិត​នៃ​ការ​រត់​​ដែល​អ្នក​ចង់​បាន ក្រុម​ការងារនឹង​ឆ្លើយ​តប​លម្អិត​នឹង​ការចង់​បានរបស់​អ្នក​

​សូម​ចូល​ទៅ​ download GoGreen Cambodia App @https://www.facebook.com/gogreenkhm/ និង Pin ទីតាំង​ដែល​ត្រូវ​រត់​ក្នុង​ផែនទី។​

ឧបករណ៍​ដែល​ត្រូវ​ប្រើ​ប្រាស់​ពេល​កំពុង​រត់​នឹង​ផ្ដល់​ឲ្យ តែ​យើង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចូលរួម​ប្រកួត​យក​ដប​ទឹក​ផ្ទាល់​ខ្លួន​ប្រើ​ ដោយ​ក្រុមការងារ​នឹង​ផ្ដល់​ទឹក​ជូន​៕

អត្ថបទ៖ ដេត លីដា