តាម​ពិត​មុន​ទៅ PSG កីឡាករ Mbappe ចង់​ទៅ​លេង​ក្លឹប​មួយ ក្នុង​ចំណោម​ពីរ​នេះ​សោះ

  • 2018-05-07 13:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប PSG លោក Unai Emery បាន​បង្ហើប​ថា Kylian Mbappe ចង់​ទៅ​លេង​នៅ Real Madrid ឬ Barcelona មុនមកចូលរួមក្លឹបបារាំងដែលមានមូលដ្ឋាននៅប៉ារីស។

លោក Emery បាន​និយាយ​ប្រាប់​សារព័ត៌មាន SFR Sportថា៖ "តាម​ពិត​ទៅ មុន​ដំបូង Mbappe ចង់​ទៅ Real Madrid ឬ Barcelona។ នៅ​ពេល​នោះ បើ​សិន​ជា​គេ​ចាក​ចេញ​ពី​បារាំង​មែន​ក្នុង​នាម​ជា​កីឡាករ​វ័យ ១៨​ឆ្នាំ ប្រទេស​មួយ​នេះ​គួរ​តែ​មាន​មោទនភាព"។

ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ បាន​បន្ត​ថា នៅ​ទី​បំផុត ខ្លួន​អាច​បញ្ចុះបញ្ចូល​កីឡាករ​ Mbappe ឲ្យ​បន្ត​នៅ​បារាំង ហើយ​មក​ចូល​រួម​ជាមួយ PSG។

លោក Emery មិន​បានបញ្ជាក់ពីវិធីសាស្ត្រដែលលោកប្រើ ដើម្បីបញ្ចុះបញ្ចូលកីឡាករបារាំងរូប​នេះឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​អំឡុង​រដូវ​កាល​ដោះ​ដូរ​ខែ​ក្ដៅ​លើក​មុន សារព័ត៌មាន​ Marca បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា Real Madrid ពិត​ជា​បាន​ទាក់ទង Mbappe ទាក់ទងនឹង​រឿង​ផ្ទេរ​ពិត​ប្រាកដ​មែន។ បន្ថែម​ពី​លើ​នេះ មុន​ទិញ Ousmane Dembele ក៏​មាន​របាយការណ៍​ជា​ច្រើន​ទៀត​បាន​ចុះ​ផ្សាយ​ថា Mbappe ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ជួរ​មុខ​ដែល Barcelona ចង់​បាន​ដើម្បី​យក​ជំនួស Neymar ផង​ដែរ។

គួរ​រម្លឹក​ផង​ដែរ​ថា Mbappe បាន​ចូល​រួម​ជាមួយ PSG កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ កីឡាករ​បាន​លេង ៤១ ប្រកួត​ឲ្យ​ក្លឹប គិត​គ្រប់​កម្មវិធី​ទាំង​អស់ និង​ស៊ុត​ចូល​សរុប ២១​គ្រាប់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី