នារីថៃប្រើស្នាមញញឹមក្លែងក្លាយ ចាំបំពាក់កម្រងផ្កាភ្ញៀវ ពេលនេះជួបរឿងធំ (មានវីដេអូ)

  • 2018-05-12 08:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​​​​២​នាក់ ​ធ្វើ​ការ​នៅ​ព្រលានយន្តហោះ ដនមឿង ប្រទេស​ថៃ មាន​តួនាទី​ស្លៀកសំលៀក​បំពាក់​បែប​ប្រពៃណី​ថៃ​ចាំ​ទទួល​ភ្ញៀវ​ទេសចរ ត្រូវ​បាន​​គេ​ផ្អាក​ពី​ការងារ​បណ្តោះ​អាសន្ន​ ដោយសារ​តែ​ភ្ញៀវ​ទេសចរ​ចិន​ថត​វីដេអូ​​​របស់​ពួកគេ​ យក​ទៅ​សើចចំអក (Troll) ពេញ​បណ្ដាញ​សង្គម។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ប្រទេស​ថៃ The Coconuts ទើប​បាន​ចុះ​ផ្សាយ។

ប្រទេស​ថៃ​ត្រូវ​គេ​ប្រសិទ្ធិនាម​ថា​ជា ដែនដី​នៃ​ស្នាម​ញញឹម។ ​នារី​ដែល​គេ​​មិន​បង្ហាញ​អត្តសញ្ញាណទាំង២​នាក់​ខាង​លើ​ មាន​ការងារ​ចាំ​ស្វាគមន៍​ក្រុម​ទេសចរ​ចិន​។ ​វីដេអូ​ឃ្លីប របស់​ពួកគេ​ត្រូវ​ភ្ញៀវ​ចិន​ថត​ហើយ​យក​ទៅ Troll ពេញ​បណ្ដាញ​សង្គម​ ដោយ​​សើចចំអក​ថា ពួកគេ​មិន​ញញឹម​ឲ្យ​​គ្រប់គ្រាន់ ហើយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​​បាន​ថត​ត្រាប់​តាម​ឡើងវិញ​ក្នុង​ន័យ​សើចចំអក​។

នៅ​ក្នុង​វីដេអូ​ឃ្លីបបង្ហាញ​ឲ្យឃើញ ពួកគេ​ចាំ​ពាក់​កម្រងផ្កា​ឲ្យ​ភ្ញៀវ​ដោយ​ស្នាម​ញញឹម ប៉ុន្តែ​ទឹក​មុខ​ញញឹម​នោះ​ប្រែ​ជា​ធម្មតា​វិញ​ភ្លាមៗ​ បន្ទាប់​ពី​ភ្ញៀវ​ម្នាក់ៗ​ឡើង​ឡាន​ក្រុង​រួច។

នៅ​ក្នុង​សន្និសីទកាសែត​មួយ​ ធ្វើ​ឡើង​នៅ​ស្នងការដ្ឋាន​ប៉ូលីស​ទេសចរណ៍​ថៃ នារី​​ទាំង​២​នាក់​បាន​សុំទោស​ជា​សាធារណៈ​។ ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​និយាយ​ថា ដោយសារ​នាង​អស់កម្លាំង​ខ្លាំង​ពេក ហើយ​ថ្ងៃ​នោះ​មេឃ​ក្តៅ​ខ្លាំង​ផង។

“ថ្ងៃ​នោះ​ពិត​ជា​ក្តៅ​ខ្លាំង ហើយ​ភ្ញៀវ​ទេសចរ​ចិន​ខ្លះ​បាន​សើច​ចំអក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ថា​ ពួកគេ​កំពុង​តែ​ថត​វីដេអូ​ឡើយ។ ខ្ញុំ​សុំទោស​សាធារណជន​ចំពោះ​សកម្មភាព​មិន​សមរម្យ​របស់​នាង​ខ្ញុំ"។ នាង​បាន​និយាយ។

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី