ក្ដុកក្ដួល! គ្រួសារ បញ្ចេញ​បទ​​របស់​ Christina Grimmie ដែល​ប្រិយមិត្ត​មិន​ធ្លាប់​លឺ​​ពី​មុន​មក នា​​ទិវា​មាតា​អន្តរជាតិ

  • 2018-05-12 08:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួសារ​របស់​អតីត​តារា​ចម្រៀងChristina Grimmie បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ដែល​ប្រិយមិត្ត​មិន​ធ្លាប់​បាន​ស្ដាប់​ពី​មុន​ ដើម្បី​ជា​ការ​រំលឹក​គុណ​ក្នុង​ទិវា​មាតា​អន្តរជាតិ។

បទ​ចម្រៀង​នោះ​ដែរ​ មាន​ចំណង​ជើង​ថា "Little Girl” ដែល​ជា​ស្នាដៃ​និពន្ធ និង​ច្រៀង​ដោយ Grimmieផ្ទាល់។ បទ​នេះ​ដែរ នាង​និពន្ធ​ឡើង​​ជូន​ចំពោះ​អ្នក​ម្ដាយ​របស់​នាង ដែល​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​នៅ​ពេល​នោះ។

ជាមួយ​នឹង​ការ​ចែក​រំលែក​នេះ​ដែរ ម្ដាយ​របស់​អតីត​តារា​ចម្រៀង​រូប​នេះ បាន​បញ្ចេញ​អារម្មណ៍​របស់​នាង​ទៅ​កាន់​អ្នក​គាំទ្រ​ថា៖ "ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់​ក្នុង​ការ​ចែក​រំលែក​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​នេះ​ទៅ​កាន់​អ្នក​ម្ដាយ​ និង កូន​ស្រី​របស់​ពួកគេ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់ Christina ផង​ដែរ​។ វា​ពិត​ជា​​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ហើយ​វា​មិន​ត្រឹម​តែ​ជា​ផ្នែក​មួយ​នៃ Christina ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ចំណង​ដ៏​មាំ​មួយ​របស់​ពួក​យើង​ទាំង​ពីរ។ ខ្ញុំ​នឹក​នាង​ជា​រៀង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​ជឿជាក់​ថា​បទ​ចម្រៀង​មួយ​នេះ​អាច​នឹង​ជួយ​អ្នកម្ដាយ​ដទៃ និង​កូន​ស្រី​របស់​ពួក​គេ​ឆ្លង​កាត់​ការ​ភ័យខ្លាច ឬ​ពេលវេលា​លំបាក​ទាំង​ឡាយបាន"។

គួរ​រម្លឹក​ដែរ​ថា អតីត​តារា​ចម្រៀង Christina Grimmie ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ចូល​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​នាង​កំពុង​ចុះ​ហត្ថលេខា​ឲ្យ​អ្នកគាំទ្រ​បន្ទាប់​ពី​ច្រៀង​រួច៕

ប្រិយមិត្ត​អាច​ស្ដាប់​បទ​ចម្រៀង​មួយ​នេះ​បាន​តាម​កម្មវិធី Spotify ខាងក្រោម៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ អន សុភក្ត្រា