រន្ធត់ណាស់! បាក់ស្រុតស្ពានអាកាសនៅឥណ្ឌា សម្លាប់មនុស្សច្រើននាក់

  • 2018-05-16 01:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ១៨នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ជាប់​គាំង នៅ​ក្នុង​ទីក្រុង Varanasi ប្រទេស​ឥណ្ឌា បន្ទាប់​ពី​ស្ពាន​អាកាស​មួយ​ខ្សែ​បាន​បាក់​ស្រុត​ចុះ​មក សង្កត់​លើ​រថយន្ត​ជា​ច្រើន​គ្រឿង​នៅ​ខាង​ក្រោម​វា។

ស្ពាន​អាកាស​នោះ​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​នៅ​ឡើយ នៅ​ពេល​ដែល​ផ្នែក​មួយ​នៃ​ស្ពាន​បាន​បាក់​ស្រុត​ចុះ​មក។ ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​អង្គារ ទី១៥ ខែ​ឧសភា ឆ្នាំ២០១៨ ម្សិលមិញ។

សាក្សី​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ចំនួន ៤គ្រឿង , ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង និង រថយន្ត​ក្រុង​ធុន​តូច​មួយ​គ្រឿង ត្រូវ​ស្ពាន​បាក់​សង្កត់​ពី​លើ។

ទូរទស្សន៍​ឥណ្ឌា NDTV ក៏​បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ​ថា ជនរងគ្រោះ​ដែល​ត្រូវ​ស្ពាន​សង្កត់​លើ ភាគ​ច្រើន​គឺ​ជា​កម្មករ​សំណង់ ដែល​កំពុង​សាងសង់​ស្ពាន​អាកាស​នោះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្ពាន​បាក់​ឡើយ។

យ៉ាងណាមិញ ការ​បាក់​ស្រុត​អគារ ឬ សំណង់​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មិនមែន​ជា​រឿង​ចម្លែក​ឡើយ ដោយសារតែ​ស្តង់ដារ​សំណង់​របស់​ប្រទេស​នេះ នៅ​ខ្សោយ​ជាង​បណ្ដា​ប្រទេស​លោក​ខាង​លិច៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម