Samsung សុំ​សង​ត្រឹម​ ២៨ លាន​ដុល្លារ ឯ​ Apple នៅ​រឹង​ទទឹង​ចង់​បាន​ ១ ពាន់​លាន​ដុល្លារ​

  • 2018-05-16 03:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple និង Samsung បាន​​បន្ត​ឡើង​តុលាការ​នៅ​ក្នុង​សប្ដាហ៍​នេះ​ ដើម្បី​ធ្វើ​ការ​កាត់​ក្ដី​សារ​ជា​ថ្មី​ដែល​នឹង​កំណត់​ថា​ Samsung នឹង​ត្រូវ​សង​ជំងឺ​ចិត្ត​ទៅ​ Apple ចំនួន​ប៉ុន្មាន​ ទាក់​ទង​នឹង​រឿង​ក្ដី​ល្មើស​ច្បាប់​ប៉ាតង់​នៃ​ការ​ឌីហ្សាញ។

Samsung បាន​រក​ឃើញ​ថា​មាន​កំហុស​ ចំពោះ​​ការ​ល្មើស​ច្បាប់​ប៉ាតង់​ដែល​បាន​កាត់​ក្ដៅ​សម្រេច​នៅ​ក្នុង​ឆ្នាំ​ ២០១២ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​ពីរ​នៅ​តែ​បន្ត​តឹង​សរសៃ​-ក ដាក់​គ្នា​​លើ​ចំនួន​ទឹក​ប្រាក់​ដែល​ Samsung ត្រូវ​បង់​ទៅ​ឲ្យ​ Apple។

បញ្ហា​ចម្បង​​លើ​រឿង​ក្ដី​នេះ​ គឺ​ការ​សម្រេច​ថា​សង​ជំងឺ​ចិត្ត​ដោយ​ផ្អែក​លើ​​តម្លៃ​សរុប​របស់​ iPhone ឬ ផ្អែក​​លើ​ធាតុ​ផ្សំ​នៃ​ iPhone ដែល​ Samsung បាន​ចម្លង​នោះ។ គំនិត​របស់​ Apple គឺ​ទាម​ទារ​ឲ្យ​សង​ដោយ​គិត​លើ​តម្លៃ​សរុប​របស់​ iPhone ចំណែក​ឯ​ Samsung ប្រកែក​ថា​គួរ​សង​​​ដោយ​គិត​តាម​ផ្នែក​ខ្លះៗ​នៃ​ iPhone ប៉ុណ្ណោះ។

Samsung បាន​រក​ឃើញ​ថា​មាន​កំហុស​​លើ​ការ​ចម្លង​រូបរាង iPhone

​​​​​​​​​​កាល​ពី​ឆ្នាំ​ ២០១២ សាល​ក្រម​នៃ​រឿង​ក្ដី​ល្មើស​ច្បាប់​ប៉ាតង់​នៃ​ការ​ឌីហ្សាញ​នេះ​ បាន​សម្រេច​ឲ្យ​ Samsung សង​ជំងឺ​ចិត្ត​ទៅ​ Apple ចំនួន​ ១ ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​ក៏​ត្រូវ​បាន​ទម្លាក់​មក​ត្រឹម​ ៥៤៨ លាន​ដុល្លារ​វិញ។

ក្នុង​ចំណោម​ទឹក​ប្រាក់​ ៥៤៨ លាន​ដុល្លារ​ដែល​ Samsung បាន​សម្រេច​ថា​នឹង​សង​ដល់​ Apple នៅ​ឆ្នាំ​ ២០១៥ មាន​ ៣៩៩ លាន​ដុល្លារ​គឺ​ជា​សំណង​លើ​ការ​ល្មើស​ប៉ាតង់​ឌីហ្សាញ។ នៅ​ឆ្នាំ​ដដែល​នោះ​ Samsung បាន​ប្រកែក​ថា​​ខ្លួន​ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​សង​សំណង​ដែល​មិន​ត្រឹម​ត្រូវ​ចំពោះ​ការ​ល្មើស​​ប៉ាតង់​ឌីហ្សាញ និង​បាន​​ប្ដឹង​ឧទ្ធរណ៍​ដល់​តុលាការ​កំពូល​ ដើម្បី​កាត់​បន្ថយ​សំណង។

​​ការ​​ប្ដឹង​ឧទ្ធរណ៍​​របស់​ Samsung បាន​ជោគជ័យ​ ដោយ​តុលាការ​កំពូល​​ បាន​បញ្ជា​ឲ្យ​សាលា​ឧទ្ធរណ៍​​របស់​សហរដ្ឋអាមេរិក​ ធ្វើ​ការ​កំណត់​ឡើង​វិញ​នូវ​​សំណង​ដែល​ Samsung ត្រូវ​ប្រគល់​ឲ្យ​ Apple ដែល​ចុង​ក្រោយ​នាំ​ឲ្យ​មាន​ការ​កាត់​ក្ដី​​​ដែល​ធ្វើ​ឡើង​ក្នុង​សប្ដាហ៍​នេះ។

ក្នុង​ការ​កាត់​ក្ដី​សប្ដាហ៍​នេះ​ Apple បាន​ទាមទារ​សំណង​ ១ ពាន់​លាន​ដុល្លារ​ពី​ Samsung ខណៈ​ Samsung បាន​ស្នើ​សុំ​ដល់​​ក្រុម​ប្រឹក្សា​តុលាការ​ទម្លាក់​សំណង​មក​នៅ​ត្រឹម​ ២៨ លាន​ដុល្លារ។ គួរ​ដឹង​ថា​​រឿង​ក្ដី​​នេះ​នៅ​មិន​ទាន់​សម្រេច​សាល​ក្រម​នៅ​ឡើយ​ទេ៕​​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង