មាស​ ម៉ើ​ មិន​បណ្ដោយ​ឲ្យ​មាន​កំហុស​ ដូច​ពេល​ប្រកួត​នៅ​ហ្វីលីពីន​លើក​មុន​នេះ​ទេ

  • 2018-05-17 02:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ចម្រុះ​របស់​កម្ពុជា​ មាស​ ម៉ើ​ ថា​ វ៉ៃ​នៅ​សិង្ហបុរី​លើក​នេះ​ មិន​បណ្ដោយ​ឲ្យ​មាន​កំហុស​ដូច​មុន​នេះ​ទេ​ ពោល​ប្រុងប្រយ័ត្ន​ខ្លាំង​ និង​ហ្វឹកហាត់​បាន​ល្អ​សម្រាប់​ការ​ប្រកួតចុង​សប្ដាហ៍​នេះជា​មួយ​កីឡាករ​ចិន​ Xie Chao។​

មាស ម៉ើ​ និង​ដៃគូ

លោក​ ហ៊ុន​ ចាន់រាជ​ បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​ចិន​ដែល​ជា​ដៃគូ​របស់​ មាស​ ម៉ើ​ ម្នាក់​នេះ​ មាន​សមត្ថភាព​មិន​ធម្មតា​ទេ​ គេ​ពូកែ​ស្នៀត​ចំបាប់​ ដូច​ជា​ចាប់​លេង​ក្រោម​ និង​ពូកែ​ទាត់​ និយាយ​ជា​រួម​គឺ​ល្អ​តែ​ម្ដង។​ ចំពោះ​ការ​ប្រកួត​មួយ​នេះ​ គ្រូ​ MMA​ របស់​កម្ពុជា​ខាង​លើ ​សង្ឃឹម​ជ័យជម្នះ​ត្រឹម​៥០%​ ព្រោះ​ហេតុផល​ដូច​បាន​រៀបរាប់។​

មាស​ ម៉ើ ពេលឈ្នះនៅប្រទេសថៃ

បើ​តាម​សំដី​ មាស​ ម៉ើ ​ប្រាប់​មក​កាន់​លោក​បន្ត​ថា​ ការ​ប្រកួត​លើក​មុន​នោះ​ គេ​បណ្ដោយ​ឲ្យ​មាន​កំហុស​ រហូត​ដល់​ចាញ់​សន្លប់​នា​ពេល​នោះ​ ប៉ុន្តែ​លើក​នេះ​ព្យាយាម​មិន​ឲ្យ​មាន​កំហុស​បែបនេះ​ទេ​ វ៉ៃ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​បំផុត។​ កីឡាករ​ចិន​ Xie Chao​ រូប​នេះ​គេ​ល្អ​ តែ​ មាស​ ម៉ើ​ របស់​កម្ពុជា​ដឹង​ថា​ខ្លួន​ឯង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ ត្រូវ​ប្រកួត​យ៉ាង​ណា​ហើយដើម្បី​ទប់ទល់​និង​យកឈ្នះ។​

កម្មវិធីប្រកួតនៅសិង្ហបុរី

រំលឹក​ដែរ​ថា​ ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​ មាស​ ម៉ើ​ គឺ​ចាញ់​ដោយ​សន្លប់​ទឹក​ទី១​ក្នុង​កម្មវិធី​ One Championship​ ឯ​ប្រទេស​ហ្វីលីពីន។​ នៅ​យប់​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​លើ​នឹង​ត្រូវ​ប្រឈម​ជា​មួយ​កីឡាករ​ចិន​ Xie Chao​ នៅ​កម្មវិធី​ដដែល​ ប៉ុន្តែ​ក្នុង​ប្រទេស​សិង្ហបុរី​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម