ផ្ទុះការវិភាគពេញបណ្ដាញសង្គម លើរដ្ឋមន្ត្រីក្រសួងកសិកម្មថាអ្នករិះគន់ជា «ជនអគតិ»

  • 2018-05-17 07:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អង្គភាព​ព័ត៌មាន Fresh News ជុំ​វិញ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​ប្រជាពលរដ្ឋ​ខ្មែរ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ក្រោយ​វៀតណាម មាន​បំណង​វិនិយោគ​ដាំបន្លែ ផ្លែ​ឈើ ដើម្បី​នាំ​ចេញ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក។ ឃ្លា​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​ប្រតិកម្ម​​ជា​ខ្លាំង​នោះ គឺ​ឯកឧត្ដម បាន​លើក​ឡើង​ថា៖ «ការ​មាន​បំណង​វិនិយោគ​នេះ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ការ​ឃោសនា​អកុសល​របស់​ជន​អគតិ ចង់​កេង​​ចំណេញ​ខាង​នយោបាយ»។

សម្រង់សម្ដីរបស់ឯកឧត្ដម វេង សាខុន

ការ​ឆ្លើយ​តប​របស់​ឯកឧត្ដម វេង សាខុន បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ដែល​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង រឿង​បន្លែ ផ្លែ​ឈើ នាំ​ចូល​ពី​វៀតណាម​មាន​សារធាតុ​គីមី​ច្រើន។ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន បាន​ចែក​រំលែក និង​វែកញែក​យ៉ាង​ផុលផុស ជុំ​វិញ​ពាក្យ៖ «ជន​អគតិ» របស់​​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មក​លើ​អ្នក​រិះ​គន់​។ ក្នុង​នោះ​បុគ្គល​ល្បី​ៗ​នៅ​លើ​បណ្ដាញ​សង្គម​ក៏​​បាន​វិភាគ​ជា​បន្ត​បន្ទាប់ ទៅ​លើ​ការ​លើក​ឡើង​​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ដូចជា លោក ផែង វណ្ណៈ និង​លោក William Guang ជាដើម។

ផ្ដល់​បទ​សម្ភាសន៍​ជាមួយ Sabay នៅ​ព្រឹក​នេះ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លើក​ឡើង​ថា អ្នក​ដែល​ព្រួយ​បារម្ភ​ពី​រឿង​វៀតណាម​ចង់​មក​ដាំ​បន្លែ​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​​តម្រូវ​ការ​ក្នុង​ស្រុក និង​នាំ​ចេញ​នោះ សុទ្ធ​តែ​ជា​ពលរដ្ឋ​ខ្មែរ​សាមញ្ញ​ ។លោក​មើល​ឃើញ​ថា មិន​មែន​ជា​អ្នក​ចង់​កេង​ចំណេញ​ខាង​នយោបាយ​អ្វី​នោះ​ទេ។ លោក បន្ត​ថា ពលរដ្ឋ​ខ្មែរ​កំពុង​ព្រួយ​បារម្ភ​រឿង​បន្លែ​កំប៉ិកកំប៉ុក​សព្វ​គ្រប់ សុទ្ធ​តែ​នាំ​ចូល​ពី​វៀតណាម និង​មាន​សារធាតុ​គីមី។ ដូចនេះ​ពេល​ដែល​ឮ​ដំណឹង​ថា ​វៀត​ណាម​ចង់​មក​ដាំ​ផ្ទាល់​ទៀត គឺ​ពួក​គាត់​កាន់​តែ​ព្រួយ​បារម្ភ​ខ្លាំង​ឡើង។

អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម​រូប​នេះ​បន្ត​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ត្រូវ​តែ​ទទួល​ស្គាល់​ទៅ​លើ​ចំណុច​នេះ មិន​គួរ​ចោទ​ប្រកាន់​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​បែប​នេះ​ឡើយ។ លោក​ថា គ្រាន់​បន្លែ​ដូចជា​ម្ទេស​ងាយ​ស្រួល​ដាំ​បំផុត ហេតុអ្វី​ត្រូវ​ការ​វៀតណាម​មក​វិនិយោគ? ហេតុអ្វី​ក៏​មិន​ត្រួត​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ការ​ដាំដុះ​ដោយ​ខ្លួន​ឯង?

លោក សន ជ័យ សង្កត់​ធ្ងន់​ថា ជំនួស​ឲ្យ​ពាក្យ​អគតិ​ដែល​ប្រើ​ទៅ​លើ​អ្នក​រិះគន់ ជា​ដំណោះ​ស្រាយ​សមស្រប​បំផុត ​ក្រសួង​កសិកម្ម​គួរ​បដិសេធ​ចំពោះ​សំណើ​របស់​វៀត​ណាម ហើយ​រៀប​ចំ និង​ពិនិត្យ​មើល​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម​ដែល​កំពុង​ប្រឈម​ខ្លាំង។

លោក​និយាយ​ដូច្នេះ​ថា៖ «វៀតណាម​ចង់​មក​ដាំ​បន្លែ​នៅ​ខ្មែរ មក​ពី​គេ​ដឹង​ថា នៅ​ខ្មែរយើង​​សល់​ដី​ទំនេរ​ច្រើន​អាច​ដាំដុះ​បាន ហើយ​អាច​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទៀត​។ ហេតុអ្វី​បាន​គាត់ (ឯកឧត្ដម វេង សាខុន) មិន​នឹក​ឃើញ​មធ្យោបាយ​បែប​ហ្នឹង​? នេះ​គឺ​ជា​ចំណុច​ដែល​ក្រសួង​កសិកម្ម​ត្រូវ​ទទួល​ស្គាល់ មិន​មែន​ទទួល​ស្គាល់​ដោយ​ការ​បោះ​ពាក្យ​សម្ដី​បែប​នេះ​ទេ។»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​បាន​កត់​សម្គាល់​ឃើញ​ថា មាន​បញ្ហា​៣​សំខាន់​ៗ​កំពុង​ប្រឈម​ខ្លាំង​ក្នុង​វិស័យ​កសិកម្ម​ដែល​ក្រសួង​ត្រូវ​តែ​ដោះ​ស្រាយ​ដូចជា៖

១. ការ​ចាត់ចែង​ការ​ដឹក​នាំ៖ ក្រសួង​គួរ​ដោះស្រាយ​បែប​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​លទ្ធភាព​ពេញ​លេញ​ក្នុង​ការ​ដាំដុះ ប្រកប​ដោយ​ភាព​កក់ក្ដៅ។ លោក​ថា កសិករ​នៅ​តែ​បន្ត​ធ្វើ​កសិកម្ម​ ក្នុង​ភាព​ផ្សង​ព្រេង​នៅ​ឡើយ។

២. ប្រព័ន្ធ​ធារា​សាស្ត្រ សម្រាប់​ស្រោចស្រព​បន្លែ​បង្ការ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នឹង​តម្រូវ​ការ​របស់​កសិករ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ។

៣. តម្លៃ​ផលិត​ផល​កសិកម្ម​របស់​កសិករ នៅ​តែ​មាន​តម្លៃ​ទាប។ ដូច្នេះ​ក្រសួង​គួរ​ស្វែង​រក​ទីផ្សារ​សម្រាប់​កសិករ​ ដែល​​ផ្ដល់​តម្លៃ​​សមរម្យ។ ដោយ​សារ​ទទួល​បាន​តម្លៃ​ទាប បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កសិករ។ កសិករ​អាច​ផលិត​ស្រូវ​ អង្ករ​បាន តែ​មិន​មាន​ទី​ផ្សារ​សម្រាប់​នាំ​ចេញ។ លោក​ថា ផែនការ​នាំ​ស្រូវ​អង្ករ​ចេញ​របស់​កម្ពុជា នៅ​តែ​មាន​បញ្ហា​រអាក់រអួល​មិន​ទាន់​ដោះ​ស្រាយ​បាន៕

​​​

​​

អត្ថបទ៖ វឌ្ឍនៈ