ពិត​ជា​ឡូយមែន អត់​ម្រាម​ដៃ​​ទាំង​អស់​ក៏​អាច​លេង​ហ្គេម​ Xbox បាន​ដែរ (មាន​វីដេអូ)

  • 2018-05-17 06:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft ទើប​តែ​បញ្ចេញ ឧបករណ៍​បញ្ជា Xbox សម្រាប់​លេង​ហ្គេម​ថ្មី​ ដែល​មាន​ឈ្មោះ​ថា Xbox Adaptive Controller ។ ឧបករណ៍​នេះ​ធ្វើ​ឡើង​មក​ជា​ពិសេស សម្រាប់​ជន​ពិការ​ ដែល​មិន​អាច​ប្រើ​ម្រាម​ទាំង​អស់​សម្រាប់​លេង​ហ្គេម។

Xbox Adaptive Controller មាន​ប៊ូតុង​ធំ ២ ដែល​អាច​កំណត់​បាន និង​រន្ធ​ចំនួន ១៩ ដែល​អាច​ភ្ជាប់​ជា​មួយ​នឹង​ដៃ​បញ្ជា​ និង​ប៊ូតុង​នានា សម្រាប់​ជន​ពិការ​ដែល​ចង់​លេង​ហ្គេម​លើ Xbox និង​កុំព្យូទ័រ​ដែល​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows។

លោក Solomon Romney ដែល​ជា​បុគ្គលិក​របស់​ Microsoft បាន​លើក​និយាយ​ថា៖ "ខ្ញុំអាច​កំណត់​ប៊ូតុង​លើ Xbox Adaptive Controller បាន​គ្រប់​បែប​យ៉ាង​តាម​ដែលខ្ញុំ​ត្រូវ​ការ"។ សូម​បញ្ជាក់​ផង​ដែរ​ថា លោក Solomon Romney មាន​ពិការ​ភាព​តាំង​តែ​ពី​កំណើត​មក​ម្ល៉េះ ដោយ​លោក​កើត​មក​គ្មាន​ម្រាម​ដៃ​ខាង​ឆ្វេង​ទាំង​អស់​តែ​ម្ដង។ លោក​ក៏​បាន​បន្ត​ទៀត​ថា៖ "បើ​ខ្ញុំ​ចង់​លេង​ដោយ​ប្រើ​ជើង​របស់​ខ្ញុំ​ទាំង​អស់​ផ្ទាល់​តែ​ម្ដង​ក៏​បាន។ ខ្ញុំ​ក៏​អាច​ប្រើ​រាង​កាយ​របស់​ខ្ញុំ​មក​បញ្ជា Xbox Adaptive Controller នេះ​បាន​ដែរ។ វា​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ណាស់" ។

Xbox Adaptive Controller ផ្ដោត​សំខាន់​ទៅ​លើ​ភាព​បត់​បែន​តាម​ស្ថាន​ភាព​របស់​អ្នក​ប្រើប្រាស់។ ថ្វី​ត្បិត​តែ​វា​មិន​អាច​បញ្ជា​បាន​គ្រប់​ហ្គេម​ទាំង​អស់ ប៉ុន្តែដោយ​សារ​តែ​លទ្ធភាព​ក្នុង​ការ​កំណត់​លើ ប៊ូតុង​របស់​វា​ដោយ​អ្នក​ប្រើប្រាស់​ផ្ទាល់ Xbox Adaptive Controller ពិត​ជា​មាន​ភាព​លេច​ធ្លោ និង​អាច​ជួយ​ដល់​ជន​ពិការ​ជា​ច្រើន​រូប ដែល​ចង់​កម្សាន្ត ឬ​ហ្វឹក​ហាត់​ការ​គិត​ និង​ស្ដារ​កាយ​សម្បទា​ឡើង​វិញ​ផង​ដែរ។

Xbox Adaptive Controller អាច​នឹង​បញ្ចេញ​លក់​ក្នុង​ទីផ្សារ​ក្នុង​តម្លៃ ៩៩,៩៩ ដុល្លារ នា​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី