ក្រុម​កូន​ខ្មែរ​នៅ​បែលហ្ស៊ិក​ ឈ្នះ​ពាន​ Belgian Asian Cup 2018​

  • 2018-05-21 04:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​​ Belgian Asian Cup ដែល​ប្រមូល​​ផ្ដុំ​ដោយ​ម​កីឡាករ​អាស៊ី​​ដែល​​រស់​នៅ​ប្រទេស​បែលហ្ស៊ិក​​បាន​ប្រព្រឹត្ត​ទៅ​​១៤​ឆ្នាំ​ហើយ​ ខណៈ​ឆ្នាំ​២០១៨​នេះ​ក្រុម​កូន​ខ្មែរ​បែលហ្ស៊ិក​បាន​ឈ្នះ​ជើង​ឯក។

ក្រុម​កូន​ខ្មែរ​បែលហ្ស៊ិក (រូបថត៖ Sum Pic)

លោក​ សុំ សារ៉ាពេជ្រ​ (Sum Sarapic)​ ប្រធាន​សហព័ន្ធ​កូន​ខ្មែរ​នៅ​បែលហ្ស៊ិក​ (FKKB)​បាន​ឲ្យ​ដឹង​ថា​ ក្រុម​កូន​ខ្មែរ​បែលហ្ស៊ិក​​​ស្ថិត​ក្រោម​ការ​បង្វឹក​របស់​​លោក​គ្រូ​ Phany AM និង​ Seyla YUK ​ដែល​ក្រុម​បាល់ទាត់​នេះ​ជា​ផ្នែក​មួយ​របស់​សហព័ន្ធ​កូន​ខ្មែរ​នៅ​បែលហ្ស៊ិក​​ដើម្បី​ចូល​រួម​សកម្មភាព​​នានា​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ ប្រពៃណី​ខ្មែរ​នៅ​បែលហ្ស៊ិក ព្រម​ទាំង​ជំរុញ​ឲ្យ​​យុវជន​កូន​ខ្មែរ​នៅ​បែលហ្ស៊ិក​ស្រលាញ់​បាល់ទាត់​កាន់​តែ​ខ្លាំង។

លោក​បន្ត​ឲ្យ​ដឹង​ថា​ តាម​ពិត​​ទៅ​ក្រុម​​កូន​ខ្មែរ​បែលហ្ស៊ិក​​ប្រមូល​​ផ្ដុំ​យុវជន​កម្ពុជា​ដែល​ស្ថិត​នៅ​ប្រទេស​បែលហ្ស៊ិក​ ហុល្លង់​ និង​បារាំង​ជា​ដើម។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ កីឡាករ​មួយ​ចំនួន​របស់​ក្រុម​កូន​ខ្មែរ​បែលហ្ស៊ិក​​ស្ថិត​​ត្រូវ​បាន​ជ្រើស​រើស​ចូល​រួម​ជា​មួយ​នឹង​គម្រោង​​លោក​គ្រូ​ ប៉ែន ផាន ដើម្បី​ស្វែង​រក​កីឡាករ​​ដែល​មាន​ទេព​កោសល្យ​ពី​តំបន់​អឺរ៉ុប​​ដើម្បី​នាំ​មក​កម្ពុជា​ដូច​ជា​កីឡាករ​​​ កុក បុរីស, ធារី ចន្ថាប៊ីន​ជា​ដើម។

កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ ពាន​រង្វាន់​ BAC 2018​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​​​​​៨​​​​ក្រុម​​​ចូល​រួម​គឺ​​ក្រុម​ថៃ​បែលហ្ស៊ិក​ ក្រុម​​ឡាវ​បែលហ្ស៊ិក​ ក្រុម​វៀតណាម​បែលហ្ស៊ិក​ ក្រុម​សិង្ហបុរី​បែលហ្ស៊ិក​ ក្រុម​គីជីស្ថាន​បែលហ្ស៊ិក​ ក្រុម​ជប៉ុន​បែលហ្ស៊ិក​ និង​ក្រុម​កម្ពុជា​បែលហ្ស៊ិក។

ក្រុម​កូន​ខ្មែរ​បែលហ្ស៊ិក ពេល​ឈ្នះ​ពាន (រូបថត៖ Sum Pic)

ក្រុម​កម្ពុជា​បែលហ្ស៊ិក​ស្ថិត​នៅ​ពូល​ B ជា​មួយ​ថែ​បែលហ្ស៊ិក ជប៉ុន​បែលហ្ស៊ិក​ និង​សិង្ហបុរី​បែលហ្ស៊ិក។ ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​​៣​ប្រកួត​ ក្រុម​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ទាំង​អស់​គឺ​ឈ្នះ​​ក្រុម​សិង្ហបុរី​ ៣-០, ឈ្នះ​ក្រុម​ថៃ​ ៣-០ និង​ឈ្នះ​ក្រុម​ជប៉ុន​ ២-១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រុម​កម្ពុជា​បែលហ្ស៊ិក​ជួប​ក្រុម​ឡាវ​បែលហ្ស៊ិក។ ជា​លទ្ធផល​ ក្រុម​​បែលហ្ស៊ិក​ឈ្នះ​ដោយ​លទ្ធផល​ ១-០ ដែល​ជា​គ្រាប់​បាល់​រក​ដោយ​កីឡាករ​ Sovitang​ ដើម្បី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​ថៃ​បែលហ្ស៊ិក។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ Sovitangបាន​បំប៉ោង​សំណាញ់​ទី​របស់​ថៃ​បែលហ្ស៊ិក​ដើម្បី​នាំ​មុខ​ ១-០ ប៉ុន្តែ​ថៃ​បែលហ្ស៊ិក​បាន​តាម​ស្មើ​ ១-១។ យ៉ាង​ណា​ ​​កីឡាករ​កម្ពុជា​បែលហ្ស៊ិក​ Chris ដែល​មក​ពី​ប្រទេស​បារាំង​​បាន​បំប៉ោង​សំណាញ់​ទី​ដើម្បី​នាំ​មុខ​ ២-១ មុន​ពេល​ Arthur រក​គ្រាប់​បាល់​ទី​៣​​ឲ្យ​​ក្រុម​កម្ពុជា​បែលហ្ស៊ិក​​ដើម្បី​ឈ្នះ​ក្រុម​ថៃ​បែលហ្ស៊ិក​ក្លាយ​ជា​ជើង​ឯក​ Belgian Asian Cup 2018។

វា​ជា​លើក​ទី​៨​ហើយ​​ដែល​ក្រុម​កម្ពុជា​បែលហ្ស៊ិក​ឈ្នះ​​ជើង​ឯក​ ​ចាប់​តាំង​ពី​រង្វាន់​នេះ​បង្កើត​ឡើង​រយៈ​ពេល​១៤​ឆ្នាំ។ ក្រុម​កូន​ខ្មែរ​នៅ​បែលហ្ស៊ិក​នេះ​គ្រោង​នឹង​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​មួយ​ទៀត​នៅ​ប្រទេស​ហុល្លង់​ ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕​

រុម​កូន​ខ្មែរ​បែលហ្ស៊ិក ពេល​ឈ្នះ​ពាន (រូបថត៖ Sum Pic)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម