មិនធម្មតា! រុស្ស៊ី បង្កើតបានស្ថានីយនុយក្លេអ៊ែរបណ្តែតទឹក ដំបូងគេបង្អស់លើលោក

  • 2018-05-21 07:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្ស៊ី​បាន​ដាក់​បង្ហាញ​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​បណ្ដែត​ទឹក​មិន​ធ្លាប់​​មាន​លើ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​កំពង់ផែ​ភាគ​ខាង​ជើង​ទីក្រុង Murmansk។

វា​មាន​ឈ្មោះ​ថា Akademik Lomonosov ជា​ប្រភេទ​នាវា​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​រដ្ឋ Rosatom នៅ​ក្នុង​ទីក្រុង Saint Petersburg។ នាវា​ថាមពល​នុយក្លេអ៊ែរ​នេះ មាន​ប្រវែង ១៤៤ x ៣០​ម៉ែត្រ ទម្ងន់​ជាង ២​ម៉ឺន​តោន ហើយ​មាន​ផ្ទុក​ម៉ាស៊ីន​រ៉េអាក់ទ័រ​ចំនួន ២ កម្លាំង​សរុប ៧០​មេហ្គាវ៉ាត់ (រ៉េអាក់ទ័រ​១​កម្លាំង ៣៥​មេហ្គាវ៉ាត់) ដែល​ស្រដៀង​នឹង​រ៉េអាក់ទ័រ​ប្រើ​នៅ​លើ​នាវា​កម្ទេច​ទឹកកក​អ៊ីចឹង​ដែរ។

នាវា​ថាមពល​នុយក្លេអ៊ែរ Akademik Lomonosov/ រូបភាព៖ phys.org

ស្ថានីយ ឬ​នាវា​ថាមពល​នុយក្លេអ៊ែរ Akademik Lomonosov នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ក្នុង​កំពង់ផែ Pevek ស្ថិត​នៅ​តំបន់​ស្វយ័ត Chukotka ភាគ​ឦសាន​ប្រទេស​រុស្ស៊ី ហើយ​ស្ថិត​នៅ​ចម្ងាយ ៣៥០​គីឡូ​ម៉ែត្រ​ពី​តំបន់​អាកទិច។ វា​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​បង្កើត​ជា​ថាមពល​អគ្គិសនី សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស ២០​ម៉ឺន​នាក់។

លោក Vitaly Trutnev ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គម្រោង​សាងសង់ និង​ដំណើរការ​នាវា Akademik Lomonosov បាន​ឲ្យ​ដឹង​ថា ថាមពល​អគ្គិសនី​​ដែល​ផលិត​ចេញ​ពី​នាវា​នេះ​នឹង​អាច​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល ក៏​ដូច​ជា​ការ​ជំរុញ​កំណើន និង​ស្ថិរភាព​នៃ​ការ​អភិវឌ្ឍ​នៅ​ទីនោះ​ផង​ដែរ។ លោក​បន្ត​​ទៀត​ថា គម្រោង​នេះ​ក៏​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​សាយភាយ​កាបូនឌីអុកស៊ីត​បាន​ចំនួន ៥​ម៉ឺន​តោន​ក្នុង​១​ឆ្នាំៗ​ផង​ដែរ៕

នាវា​ថាមពល​នុយក្លេអ៊ែរ Akademik Lomonosov/ រូបភាព៖ Reuters

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង