គ្រូ​ថៃ​​២០​នាក់ កំពុង​សាបព្រោះ​​​ក្បាច់​គុន​ក្នុង​ក្លឹប​ល្បី​មួយ​​នៅ​សិង្ហបុរី

  • 2018-05-21 07:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Evolve MMA ជា​ក្លឹប​​​គុន​ចម្រុះ​លេច​ធ្លោ​ជាង​គេ​មួយ​ក្នុង​តំបន់​អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​សិង្ហបុរី។ ក្លឹប​មួយ​នេះ​បង្កើត​ឡើង​ដោយ​លោក Chatri Sityodtong នៅ​ដើម​ឆ្នាំ​២០០៩។

រចនាសម្ព័ន្ធ​ក្នុង​ក្លឹប​មាន​ស្តង់ដារ​ត្រឹមត្រូវ​ជា​ក្លឹប​គុនចម្រុះ ដោយ​មាន​គ្រូ​បង្រៀន​តាម​ផ្នែក​នីមួយ​ៗ​ដូចជា គ្រូ​ប្រដាល់​សេរី គុន​ចម្រុះ ចំបាប់ ប្រដាល់(សកល) និង Brazilian Jiu-Jitsu (BJJ)។ សិស្ស​គុន​ក្នុង​ក្លឹប​មួយ​នេះ បច្ចុប្បន្ន​កំពុង​តែ​មាន​មុខ​មាត់​ខ្លាំង​ក្នុង​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​ល្បី​នៅ​អាស៊ី One Championship។

ជា​រឿង​ចាប់​អារម្មណ៍​លើ​ផ្នែក​គ្រូ​ប្រដាល់​សេរី ឃើញ​ថា​ក្លឹប​មួយ​នេះ​យក​គ្រូ​ពី​ប្រទេស​ថៃ​​​ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល​មក​បង្ហាត់​ដល់​២០​នាក់​ឯណោះ។ ស្របពេល​គ្រូ​ខ្លះ​បង្ហាត់​ផង និង​កំពុង​ប្រកប​អាជីព​ប្រដាល់ផង។ គ្រូ​​ទាំង​នោះ​មាន​ដូច​ជា Orono Wor Petchpun, Sam-A Kaiyanghadaogym និង Nong-O Kaiyanghadaogym ជា​ដើម។

គ្រូ​ថៃ​នៅ​ក្លឹប Evolve MMA

Sam-A Kaiyanghadaogym វ័យ​៣៥​ឆ្នាំ​ ក្រៅ​ជា​គ្រូ​នៅ​ក្លឹប Evolve MMA គេ​ក៏​​នៅ​តែបន្តអាជីព​​ប្រដាល់​ផ្នែក​សេរី​ដែរ។ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បុរីរ៉ាំ​នេះ​ទើប​តែ​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​ផ្នែក​​ប្រដាល់​សេរី​ ONE Spuer Series ទម្ងន់ Flyweight របស់​ស្ថាប័ន​ One Championship ដែល​​ទើបបង្កើត​ឡើង​ថ្មី​ដើម្បី​លើក​ស្ទួយ​ប្រដាល់​សេរី​របស់​ថៃ។ អាច​និយាយ​ថា​មិនមែនជា​រឿង​ចម្លែក​ដែល Evolve MMA យក​គ្រូ​ពី​ថៃ​បង្ហាត់​ច្រើន ព្រោះ​លោក Chatri Sityodtong ដែល​ជា​ស្ថាបនិក​ក្លឹប​នេះ​ជា​ជនជាតិ​ថៃ ហើយ​ក៏​ជា​នាយក​ប្រតិបត្តិ​ One Championship ទៀត​ផង៕​​

Sam-A Kaiyanghadaogym
កីឡាករ​និង​គ្រូ​តាម​ផ្នែក​នៅ Evolve MMA

​ ​

អត្ថបទ៖ ហេង សុធារិទ្ធិ