Igor Akinfeev ជា​មេទ័ព​ត្រូវ ដឹក​នាំ​រុស្សី​ប្រយុទ្ធ​នៅ World Cup

  • 2018-05-21 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ជម្រើស​ជាតិ​រុស្សី​បច្ចុប្បន្ន​ដែល​បាន​កោះហៅ​ទៅ​លេង World Cup 2018 អ្នក​ចាំទី Igor Akinfeev គឺ​ជា​មនុស្ស​ចាស់​ទុំ​ជាង​គេ​ទី​ពីរ​បន្ទាប់​ពី​ខ្សែ​ការពារ Sergei Ignashevich ពោល​បង្ហាញ​ខ្លួន​បាន​១០៤​ប្រកួត​ហើយ​ឲ្យ​ជម្រើស​ជាតិ។

Akinfeev បច្ចុប្បន្ន​កំពុង​ចាប់​ឲ្យ​ក្លឹប CSKA Moscow និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​រុស្សី។ ក្នុង​ព្រឹត្តិការណ៍ World Cup រុស្សី​ដែល​ជា​ម្ចាស់​ផ្ទះ​ស្ថិត​នៅ​ពូល A ជាមួយ​ប្រទេស​ខ្លាំង​៣​ទៀត​រួម​មាន អារ៉ាប់រួម អេហ្សីប​ និង​អ៊ុយរុយហ្គាយ​។ ចាប់​តាំង​ពី​បែក​ចេញ​​សហភាព​សូវៀត ប្ដូរ​ជា​ប្រទេស​រុស្សី ពួក​គេ​បាន​ចូលរួម World Cup បាន​៣​ដង​ប៉ុណ្ណោះ​ពោល​ឆ្នាំ​១៩៩៤, ២០០២ និង២០១៤។ រុស្សី​លេង​ល្អ​បំផុត​បាន​ត្រឹម​វគ្គ​ចែក​ពូល​ មិន​​ដែល​ឡើង​ផុត​នេះ​ទេ។

ងាក​មក​មើល​ Akinfeev ​ចូល​លេង​ឲ្យ​​ឈុត​ធំ​ដំបូង​របស់​រុស្សី​​ក្នុង​ឆ្នាំ​២០០៤ ក្នុង​វ័យ​១៨​ឆ្នាំ​២០​ថ្ងៃ ពេល​ដែល​រុស្សី លេង​ទល់​នឹង​ន័រវែស។ ព្រឹត្តិការណ៍ WC 2006 ធ្វើ​នៅ​អាល្លឺម៉ង់​ Akinfeev ក៏​ជា​បេក្ខភាព​ម្នាក់​​ជួយ​រុស្សី​ក្នុង​វគ្គ​ជម្រុះ ប៉ុន្តែ​ជា​អកុសល​កីឡាករ​វ័យ​៣២​ឆ្នាំ​មិន​អាច​ជួយ​ប្រទេស​ឡើង​វគ្គ​ចាប់​ពូល​​ចុងក្រោយ​បាន​ទេ។ World Cup ២០១​០ នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង Akinfeev បាន​ជួយ​រុស្សី​បាន​លេខ​២​ក្នុង​ពូល​​វគ្គ​ជម្រុះ​នៅ​តំបន់​អឺរ៉ុប។ តែ​ពេល​ប្រកួត​ជាមួយ​ស្លូវ៉ាគី​ចុងក្រោយ​ដើម្បី​បាន​កៅអី​ទៅ​ អាហ្វ្រិកខាងត្បូង​នោះ រុស្សី​បែប​ជា​ភ្លាត់​ចាញ់​ទៅ​វិញ​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ធំ។​

តស៊ូ​គង់​បាន​សម្រេចAkinfeev បាន​ប្រឹង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ទីបំផុត​បាន​នាំ​រុស្សី​ឡើង​មក​លេង​World Cup 2014 នៅ​ប្រទេស​ប្រេស៊ីល។ កាល​នោះ​ពួក​គេ​ស្ថិត​នៅ​ពូល​ H​ ជាមួយ​ បែលហ្សិក អាល់ហ្សេរី និង​កូរ៉េ​ខាង​ត្បូង។ រុស្សី​ធ្វើ​មិនបាន​ល្អ​ឡើយ​​៣​ប្រកួត​ក្នុង​ពូល​ ពោល​ស្មើ​២​ ចាញ់​១ ធ្វើ​ឲ្យ​ពួក​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៣ មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទេ។

World Cup 2018 អាច​ថា​ជា​ឆ្នាំ​ល្អ​សម្រាប់​រុស្សី ព្រោះ​ពួក​គេ​បាន​ឡើង​ដោយ​មិន​ចាំ​បាច់​ជម្រុះ ហើយ​បាន​លេង​នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង​យ៉ាង​កក់​ក្ដៅ​ទៀត។ ចាំ​មើល World Cup ដែល​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី​ ១៤ ខែ មិថុនា​​នេះ តើ​រុស្សី​ធ្វើ​បាន​ល្អ​បែប​ណា? ​ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី