ទី​កម្សាន្ត​បែប​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ ម៉ានិច ឆ្ងល់​ថា ហេតុអ្វី អត់​មាន​អ្នក​ទៅ​លេង?

  • 2018-05-23 04:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ទៅ​ដល់​រមណីយដ្ឋាន​ថ្មី​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង ម៉ានិច បាន​កត់​សម្គាល់​ថា ទី​នោះ​ជា​ទី​ឋាន​ធម្មជាតិ​សម្រាប់​ការ​កម្សាន្ត​ដ៏​ស្រស់​ស្អាត​មួយ ប៉ុន្តែ​នាង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​មិន​សូវ​មាន​អ្នក​ទៅ​លេង?

រមណីយដ្ឋាន​ដែល​កញ្ញា ដួង ម៉ានិច លើក​មក​នេះ មាន​ឈ្មោះ​ថា "វត្ត​ភ្នំ​ព្រះធាតុ" ជា​ទី​ឋាន​កម្សាន្ត​តាម​បែប​ធម្មជាតិ និង​ភ្ជាប់​និស្ស័យ​ជាមួយ​ព្រះ​ពុទ្ធ​សាសនា អាថ៌កំបាំង​មួយ។ នៅ​ទី​នោះ​មាន​វត្ត​អារាម​២ គឺ​វត្ត​ព្រះធាតុ​ក្រោម​នៅ​ជើង​ភ្នំ និង​វត្ត​ព្រះធាតុ​លើ​នៅ​លើ​កំពូល​ភ្នំ សុទ្ធ​តែ​មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ។

ម៉ានិច ជា​តារា​សម្ដែង​មួយ​រូប បាន​ទៅ​ដល់​តំបន់​នោះ​លើក​ដំបូង​កាល​ពី​ថ្មី​ៗ ​ថត​រឿង "ដែន​ដី​ស្នេហ៍​អាថ៌កំបាំង"​របស់​នាង។ នាង បាន​ស្នាក់​ថត​នៅ​ទី​នោះ រយៈ​ពេល ៤ខែ ទើប​នឹង​បញ្ចប់​ថ្មី​ៗ។នាង​ថា បាន​អះអាង​ថា ទី​រមណីយដ្ឋាន​វត្ត​ភ្នំ​ព្រះធាតុ មាន​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​មនោរម្យ ខ្យល់​ឱកាស​ល្អ​បរិសុទ្ធ​ទាក់​ចិត្ត​នាង។

"មិន​ត្រឹម​ប៉ុណ្ណឹង​ទេ គឺ​ស័ក្ដិសិទ្ធិ​ទៀត ខ្ញុំ​ទៅ​នៅ​ហ្នឹង ៤ខែ​ខ្ញុំ​ដឹង នៅ​ទី​នោះ​មាន​បារមី​លោក​យាយ​លក្ខណ៍ ស័ក្ដិសិទ្ធិ​ណាស់ សុំ​អី​បាន​ហ្នឹង ខ្ញុំ​ឃើញ​គេ​ទៅ​សែន​លា​មាត់​លា​ក​មិន​ដាច់​ទេ!”។

តារា​ស្រី​រូប​នេះ បន្ត​ទៀត​ថា សម្រាប់​វត្ត​ព្រះធាតុ​លើ មាន​អ្នក​ទៅ​លេង​ច្រើន​គួរ​សម តែ​វត្ត​ព្រះធាតុ​ក្រោម គឺ​មិន​សូវ​មាន​អ្នក​ទៅ​លេង​ទេ។ "ទី​នោះ​ស្អាត ហើយ​ស័ក្ដិសិទ្ធិ​ទៀត ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ម៉េច​បាន​មិន​សូវ​មាន​ទៅ​លេង ប្រហែល​ឆ្ងាយ​មើល​ទៅ...នៅ​វត្ត​ក្រោម​មាន​លោក​តែ​២​អង្គ​ទេ ល្អ​ដែរ​បើ​បង​ចុះ​ផ្សាយ ក្រែង​មាន​អ្នក​ទៅ​លេង​ច្រើន​ទៅ នឹង​បាន​ចូល​បច្ច័យ​ទុក​គ្រាន់​កសាង​វត្ត​ផង!”។

តាម​ការ​សាក​សួរ​អ៊ុំ​ប្រុស "នឿន" វ័យ ៦៨​ឆ្នាំ​ជា​អ្នក​ចាំ​អាស្រម​បារមី​លោក​តា "បញ្ចា​គី" ក្នុង​ចំណោម​ទីកន្លែង​បារមី​ជា​ច្រើន​ទៀត នៅ​វត្ត​ព្រះធាតុ​លើ បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ទី​ឋាន​វត្ត​ភ្នំ​ព្រះធាតុ មាន​អ្នក​មក​លេង​ច្រើន​តែ​ពេល​មាន​បុណ្យ​ធំ​ៗ ដូច​ជា​ចូល​ឆ្នាំ ភ្ជុំ​បិណ្ឌ​ជា​ដើម។ ដោយ​ឡែក​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ធម្មតា មិន​សូវ​មាន​ទេ។

សកម្មភាព ម៉ានិច ថត​រឿង "ដែន​ដី​ស្នេហ៍​អាថ៌កំបាំង" នៅ​ទីឋាន វត្ត​ភ្នំព្រះធាតុ

ជាង​នេះ​ទៀត​សោត ក្នុង​ចំណោម​អ្នក​មក​កម្សាន្ត​នៅ​វត្ត​ភ្នំ​ព្រះ​ធាតុ ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ឬ​ខេត្ត ដោយ​ឡែក​អ្នក​ចម្ងាយ ដូច​ជា​ភ្នំពេញ និង​ខេត្ត​នានា​ គឺ​មាន​តិចតួច។ បើ​ទោះ​មាន​ទាំង​ទេសភាព​ស្អាត ខ្យល់​អាកាស​បរិសុទ្ធ​ជា​សក្ដានុពល ប៉ុន្តែ​លោក អ៊ុំ​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​មក​ដល់​វត្ត​ភ្នំ​ព្រះធាតុ ភាគ​ច្រើន​បំផុត គឺ​មក​ក្នុង​បំណង​តែ​បន់​ស្រន់​ជាង ដើរ​កម្សាន្ត ព្រោះ​ពួក​គេ​មាន​ជំនឿ​លើ​បារមី​ដែល​មាន​នៅ​ទី​នេះ។

បញ្ហា​នេះ អ៊ុំ​ប្រុស​លើក​ឡើង​ថា ប្រហែល​ជា​ប្រជាពលរដ្ឋ​មិន​ទាន់​ដឹង​ទូលំទូលាយ និង​ថា​ចម្ងាយ​ផ្លូវ​អាច​ជា​ឧបសគ្គ​ផង។ យ៉ាង​ណា​ក៏​ដោយ លោក​អ៊ុំ​ចង់​ឲ្យ​មាន ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ មក​កម្សាន្ត និង​ភ្ជាប់​និស្ស័យ​តាម​ពុទ្ធសាសនា​ឲ្យ​កាន់​តែ​ច្រើន។

រមណីយដ្ឋាន "វត្ត​ភ្នំ​ព្រះធាតុ" ស្ថិត​នៅ​ក្នុង​ភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ​ខេត្ត​កំពង់​ឆ្នាំង មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។ ប្រិយមិត្ត​អាច​ធ្វើ​ដំណើរ​ទៅ​បាន​តាម​ផ្លូវ​ជាតិ​លេខ ៥ ពី​ភ្នំពេញ ទៅ​ដល់​ផ្សារ​ត្រាច បត់​ខាង​ឆ្វេង​តាម​ផ្លូវ​លំ​ចាក់​កៅស៊ូ​មាន​ចម្ងាយ ៣៥​គីឡូ​ម៉ែត្រ។ ប្រិយមិត្ត​ធ្វើ​ដំណើរ​ប្រមាណ កន្លះ​ម៉ោង​នឹង​ដល់ ដែល​ផ្លូវ​មួយ​ខ្សែ​នេះ គឺ​បុក​ទៅ​ចំ​ទី​ឋាន​វត្ត​ភ្នំ​ព្រះធាតុ​តែ​ម្ដង។

មុន​ប្រមាណ​ជា ៥គីឡូ​ម៉ែត្រ​ទៅ​ដល់ ប្រិយមិត្ត​នឹង​បាន​ឃើញ​ដុំ​ថ្ម​ភ្នំ​មួយ​ដុំ​ធំ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ ខ្ពស់​ផុត​ព្រៃ​ដូច​គេ​លើក​បន្តុប។ ដុំ​ថ្ម​ដ៏​ធំ​នោះ ជា​ទី​សក្ការបូជា​សំខាន់​របស់​ទីឋាន និង​មាន​ប្រវត្តិ​ទាក់​ទង​ថែម​ទៀត។

វត្ត​ភ្នំព្រះធាតុ​លើ ថត​ពី​វត្ត​ព្រះធាតុ​ក្រោម(រូបភាព៖ ផ្ដល់​ដោយ ម៉ានិច)

អ៊ុំ​ប្រុស នឿន ដែល​ចេះ​ចាំ​ត​ៗ​គ្នា បាន​តំណាល​ថា ដើម​ឡើយ​គឺ​មាន​អ្នក​មាន​បារមី​២​នាក់ គឺ​បង និង​ប្អូន​បាន ភ្នាល់​គ្នា ដាំ​ដើម​ផ្កា(ដាំ​នៅ​ភ្នំ​មួយ​ស្ថិត​នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ឃុំ​រលាប្អៀរ​ខេត្ត​កំពង់​ឆ្នាំង ដូច្នេះ​ហើយ​ទើប​ភ្នំ​នោះ​ឈ្មោះ "ភ្នំ​ដើម​ផ្កា") ដោយ​សន្យា​ថា ផ្កា​នរណា​ចេញ​ផ្កា​មុន អ្នក​នោះ នឹង​បាន​ត្រាស់​មុន។

ក្រោយ​មក ដើម​ផ្កា​របស់​បង ចេញ​ផ្កា​មុន ប៉ុន្តែ​ត្រូវ​ប្អូន​មក​លួច​កាច់​យក​ទៅ​ធ្វើ​ជា​របស់​ខ្លួន ហើយ​ក៏​ហៅ​បង​ទៅ​មើល។ បារមី​ជា​បង ទៅ​មើល​ហើយ​និយាយ​ថា "បើ​ផ្កា​ប្អូន​ឯង​ចេញ​ផ្កា​មុន​ហើយ ប្អូន​ឯង​ត្រាស់​មុន​ចុះ ប៉ុន្តែ​សាសនា​ប្អូន​ឯង មិន​សូវ​សុខ​សប្បាយ​ទេ មាន​លួច មាន​កិបកេង​បន្លំ​ជា​ដើម"។ដោយ​សារ​តែ​បារមី​ជា​បង បាន​ដឹង​រួច​ទៅ​ហើយ​ថា ផ្កា​នោះ​ជា​ផ្កា​របស់​ខ្លួន ដែល​ប្អូន​លួច​យក​ទៅ។

ថ្ម​ប្អូន​ដែល​ប្រិយមិត្ត​អាច​មើល​ឃើញ​តាំង​ពិ​ចម្ងាយ

ក្រោយ​មក ដោយ​សារ​ឈឺ​ចិត្ត​នឹង​ការ​ចាញ់​កល​ប្អូន បារមី​ជា​បង ក៏​ធ្លាក់​ខ្លួន​ឈឺ ៧យប់​៧​ថ្ងៃ ខ្ទរ​រញ្ជួយ​ដល់​ស្រុក​សៀម។ ក្រោយ​លឺ​ដំណឹង​នេះ ព្រះ​សង្ឃ ៥០០​រយ បាន​ប្រមូល​គ្នា​មក​សូត្រ​ធម៌​ទ្រ​ថ្ម​ភ្នំ​ជា​បង តែ​ទ្រ​មិន​ឈ្នះ ថ្ម​ជា​បង​នោះ ក៏​រលំ​បាក់​សង្កត់​លើ​ព្រះសង្ឃ​ទាំង ៥០០​អង្គ​សុគត​ទៅ។ ដោយ​ឡែក​ថ្ម​ប្អូន​ដែល​ត្រាស់​នោះ បាន​ឈរ​លើ​កំពូល​ភ្នំ​មក​ដល់​សព្វ​ថ្ងៃ ដែល​ប្រិយមិត្ត​អាច​មើល​ឃើញ​តាំង​ពី​ចម្ងាយ៕

ថ្មបង​ផ្នែក​ខាង​ក្រោម
ថ្ម​បង​ផ្នែក​ខាង​លើ​ដែល​រលំបាក់ធ្លាក់​ចុះ​មក

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម