ក្រុម​ចំនួន ៨ ដែល​បាន​ឈ្នះ​ពាន​អឺរ៉ុប​ តែ​លេង​មិន​បាន​ល្អ​ក្នុង​លីគ​របស់​ខ្លួន

  • 2018-05-23 13:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​កាន់​តែ​ខិត​ជិត​មក​ដល់ អត្ថបទ​នឹង​បង្ហាញ​ក្រុម​បាល់ទាត់​ចំនួន ៨ ដែល​លេង​មិន​បាន​ល្អ​ក្នុង​លីគ​របស់​ខ្លួន តែ​បាន​លើក​ពាន​អឺរ៉ុប​។

សូម​បញ្ជាក់​ផង​ដែរ​ថា ពាន​អឺរ៉ុប​រួម​មាន ពាន European Cup (ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Champions League តាំង​ពី​ឆ្នាំ ១៩៩២​) ខណៈ ពាន UEFA Cup (ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Europa League ចាប់​ពី​ឆ្នាំ ២០០៩)។

ក្រុម​បាល់ទាត់​ទាំង ៨ នោះ​គឺ៖

១. Real Madrid រដូវ​កាល ១៩៥៥/៥៦៖ ក្រុម​បាន​បញ្ចប់​រដូវ​កាល La Liga​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ ឃ្លាត​ ១០ ពិន្ទុ​ពី​ Athletic Bilbao ដែល​ជា​ម្ចាស់​ជើង​ឯក និង ៩ ពិន្ទុ ពី Barcelona។ ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ក្របខ័ណ្ឌ Real Madrid បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​លើក​ពាន European Cup លើក​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​បាន​ឈ្នះ ៤-៣ លើ​ក្លឹប​បារាំង Stade de Reims ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

២.Eintracht Frankfurt រដូវ​កាល ១៩៧៩/៨០៖ ក្រុម​លេង​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ ៩ ​ក្នុង Bundesliga ហើយ​ដាច់​ពី​ Bayern Munich ដែល​ជា​ក្រុម​ជើង​ឯក ដល់​ទៅ ១៨ ពិន្ទុ​ឯណោះ។ យ៉ាង​នេះ​ក្ដី ងាក​មក​មើល​ក្នុង UEFA Cup ក្រោយ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពីរ​ជើង ក្លឹប Frankfurt បាន​យក​ឈ្នះ​ក្នុង​លក្ខខណ្ឌ Away Goal លើ Borrussia Monchengladbach ក្នុង​លទ្ធផល ៣-៣។

៣.Tottenham Hotspur រដូវ​កាល ១៩៨៣/៨៤៖ ក្រុម​បាន​បញ្ចប់​រដូវ​កាល​ក្នុង​ចំណាត់​ថ្នាក់​លេខ ៨ ក្នុង​លីគ​កំពូល​អង់គ្លេស (ដាច់​ពី Liverpool ដែល​ជា​ក្រុម​ជើង​ឯក​ដល់​ទៅ ១៩ ពិន្ទុ)។ ចំណាត់​ថ្នាក់​នេះ​មិន​អាច​ជួយ​ឲ្យ​ Spurs លេង​បាល់​អឺរ៉ុប​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា ស្ថានភាព​នេះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ក្រោយ​ក្រុម​បាន​យក​​ឈ្នះ​ក្នុង​វគ្គ Penalty Shootout ទៅ​លើ​ក្លឹប​បែលហ្សិក Anderlecht ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Cup ​រដូវ​កាល​នោះ។

៤.Inter Milan រដូវ​កាល ១៩៩៣/៩៤៖ Inter Milan មិន​ដែល​ត្រូវ​បាន​កាត់​ចោល​ពី Serie A ឡើយ​ តែ​ក្លឹប​ស្ទើរ​តែ​ជួប​ស្ថាន​ភាព​បែប​នេះ​ទៅ​ហើយ​នៅ​រដូវ​កាល ១៩៩៣/៩៤។ ក្លឹប​លេង​បាន​ត្រឹម​ចំណាត់​លេខ ១៣ ក្នុង​លីគ (លើស​ ១ ពិន្ទុ​ពី​តំបន់​ត្រូវ​កាត់​ចោល)។ យ៉ាង​នេះ​ក្ដី ក្នុង​រដូវ​កាល​នោះ ក្លឹប​បាន​លើក​ពាន UEFA Cup ក្រោយ​ឈ្នះ Salzburg ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

៥.Schalke រដូវ​កាល ១៩៩៦/៩៧៖ ធ្លាក់​ដល់​ទៅ​លេខ ១២ ក្នុង​លីគ​កំពូល​អាល្លឺម៉ង់​ជាមួយ​គម្លាត​ពិន្ទុ​ដល់​ទៅ ២៨ ពី​ក្លឹប​ជើង​ឯក Bayern។ ដូច​ Spurs កាល​ពី​ឆ្នាំ​១៩៨៣/៨៤ ក្រុម Schalke បាន​យក​ឈ្នះ​ Inter ក្នុង​វគ្គ​ Penalty Shootout ហើយ​លើក​ពាន UEFA Cup។

៦.Liverpool រដូវ​កាល​ ២០០៤/០៥៖ បើ​ទោះ​ជា​ធ្វើ​ការ​វាយ​បក​ដ៏​ល្បី​ល្បាញ​យក​ឈ្នះ AC Milan លើក​ពាន Champions League លើក​ទី ៥ របស់​ខ្លួន​កាល​នោះ Liverpool បាន​បង្ហាញ​ទម្រង់​លេង​មិន​សូវ​បាន​ល្អ​ទេ​ក្នុង Premier League។ ក្លឹប​បាន​ត្រឹម​លេខ ៥ ដែល​ជា​ចំណាត់​ថ្នាក់​ក្រោម​ក្លឹប​គូ​ប្រជែង Everton ដែល​លេង​បាន​លេខ ៤ ក្នុង​រដូវ​កាល​នោះ។

៧.AC Milan រដូវ​កាល ២០០៦/០៧៖ មាន​ពិន្ទុ​ដាច់​ពី​ក្លឹប​គូ​ប្រជែង Inter ដល់​ទៅ ៣៦ ក្នុង​លីគ​កំពូល​អ៊ីតាលី។ យ៉ាង​នេះ​ក្ដី ក្រុម​បាន​យក​ឈ្នះ Liverpool ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ក្នុង​លទ្ធផល ២ ទល់​នឹង​ ១ លើក​ពាន​កម្មវិធី​ជា​លើក​ទី ៧ ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន។

៨. Chelsea រដូវ​កាល ២០១១/១២៖ បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ៦ ក្នុង​លីគ មាន​ពិន្ទុ​តិច​ជាង​ក្រុម​ជើង​ឯក Manchester United ដល់​ទៅ ២៥ ពិន្ទុ។ ទោះ​ជា​យ៉ាង​ណា ក្រុម​តោ​ខៀវ បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង Champions League។ ក្លឹប​បាន​ទម្លាក់​ Napoli Benfica និង Barcelona ក្នុង​វគ្គ​ជម្រុះ ហើយ​បន្ត​ឈ្នះ Bayern ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​លើក​ពាន​កម្មវិធី​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី