ទិញ​ឡាន​មួយ​ទឹក​ជិះ អ្នក​ជំនាញ​បង្ហើប​ប្រាប់​តម្លៃ​ថ្លៃ​ឬ​ថោក​ កុំ​ឲ្យ​ទិញហើយ​ខកចិត្ត​ស្អិត​ទ្រូង

  • 2018-05-24 02:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​លុយ​ល្មមៗ​ចង់​ទិញ​ឡាន​មួយ​ទឹក​ជិះ ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ​បើ​មិន​ចេះ​មើល​ពី​គុណភាព​ឡាន​នេះ​ដូច​ជា​គុណ​ភាព ស៊េរី​ឆ្នាំ និង​ភាព​ពេញ​និយម។ ឡាន​តម្លៃ​រាប់​ពាន់​ដុល្លារ​បើ​ទិញ​មក​ខុស​ហើយ​គឺ​នឹង​ធ្វើ​ឲ្យ​យើង​ស្ដាយ​ក្រោយ និង​ខាត​លុយ​ជា​មិន​ខាន។

អ្នក​ជំនាញ​មើល​ឡាន​មួយ​ទឹក​ជួន​ភ្ញៀវ​រាប់​មិន​អស់ លោក សៅរិទ្ធី បាន​បង្ហើប​ប្រាប់​ពី​បទ​ពិសោធន៍​មើល​ឡាន​មួយ​ទឹក​ដែល​អ្នក​គួរ​ទិញ​ជិះ ឬ​មិន​គួរ​ទិញ​ជិះ។

ឡាន​មួយ​ទឹក​ដែល​ការាស​បាន​ដាក់​លក់ ឬ​អ្នក​គួកជេរ​តែង​ទិញ​ជាទូទៅ​លោក​ប្រាប់​ថា​គេ​ចែក​ជា ៣​ប្រភេទ​គឺ Grade A ឡាន​នៅ​ស្អាត​ល្អ B ឡាន​កម្រិត​មធ្យម និង C ឡាន​ដែល​យក​មក​ធ្វើ​បន្ថែម។

ឡាន​មួយ​ទឹក​ប្រភេទ Grade A ជា​ឡាន​ដែល​មាន​ទឹក​ថ្នាំ​ស្អាត ជើង​ក្រោយ​នៅ​ល្អ មិន​មាន​ច្រេះ មិន​មាន​បុក​ខាង​មុខ ខាង​ក្រោយ ម៉ាស៊ីន​ស្ងាត់ កង់​ហ្ស៊ីន និង​មាន​គ្រឿង​តុប​តែង​មក​ពី​នាយ។

ចំពោះ​ឡាន​ប្រភេទ Grade B ជា​ឡាន​ដែល​ស្ទើរ​ម៉ាស៊ីន តួ​ឡាន​សាច់​ដែក​ និង​បាត​ក្រោម​មាន​​ច្រេះ​បន្តិច​បន្តួច ចំពោះ​ទឹក​ថ្នាំ​នៅ​ស្អាត​អាច​ទទួល​យក​បាន។

ឡាន​ប្រភេទ Grade C ជា​ឡាន​ដែល​នាំ​ចូល​មក​មាន​បុក បាញ់​ថ្នាំ​ថ្មី មាន​ពុក​ជើង​ក្រោម​សាច់​ដែក​ច្រេះ ឬ​ជា​ឡាន​កាត់​ត​ជាដើម ហើយ​គេ​យក​មក​ធ្វើ​ថ្មី។ លោក​ប្រាប់​ថា​ឡាន​ប្រភេទ​នេះ​មិន​គួរ​ទិញ​ជិះ​ឡើយ។ ឡាន​ប្រភេទGrade C នេះ​ភាគ​ច្រើន​គេ​តែ​ផុស​លក់​នៅ​លើ​ហ្វេសបុក ដាក់​តម្លៃ​ថោក​ជា​ដើម។

លោក​បន្ត​ថា​អ្នក​ទិញ​គួរ​តែ​មាន​ជំនាញ​មើល​ឡាន​មួយ​ទឹក​ទៅ​ជួយ​ទិញ​ទើប​អាច​មើល​ដឹង។ ចំពោះ​តម្លៃ​វិញ​ប្រភេទ Grade A, B និង C នេះ​អាច​មាន​តម្លៃ​ខុស​គ្នា​ចន្លោះ​ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ

ក្រៅ​ពី​មើល​គុណភាព​រូប​រាង​ឡាន និង​ម៉ាស៊ីន​ហើយ​ពណ៌​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ ព្រោះ​វា​ជា​ការ​ពេញ​និយម ភាព​ហ៊ឺហា ទាន់សម័យ មាន​ទី​ផ្សារ​ខ្ពស់ និង​ងាយ​ស្រួល​លក់​ចេញ​វិញ​ពេល​ចង់​ប្ដូរ​ស៊េរី។

ពណ៌​ឡាន​ដែល​អ្នក​ប្រើ​ប្រាស់​តែ​និយម​ជិះ​មាន ពណ៌​ស ទឹក​មាស និង​ពណ៌​ទឹក​ប្រាក់។ ចំពោះ​តម្លៃ​វិញ​លោក​បញ្ជាក់​ប្រាប់​ថា ខុស​គ្នា​ប្រមាណ​ជា ១ ៥០០ ទៅ ២ ០០០ ដុល្លារ ពី​ពណ៌​ស ទៅ ពណ៌​ទឹក​មាស និង ប្រមាណ​ជា ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី​ពណ៌​ទឹក​មាស ទៅ ពណ៌​ទឹក​ប្រាក់ សម្រាប់​ស៊េរី​ឆ្នាំ គុណភាព និង Option តែ​មួយ

សម្រាប់​ពណ៌​ដែល​មិន​ពេញ​និយម​ក្រៅ​ពី​ពណ៌​ទាំង ៣​នេះ​តម្លៃ​អាច​ខុសគ្នា​ប្រមាណ​ជា ២ ៥០០ ទៅ ៣ ០០០ ដុល្លារ​ ឯណោះ។

លោក​បាន​ណែ​នាំ​អ្នក​​ចង់​ទិញ​ឡាន​មួយ​ទឹក​ជិះ​គួរ​គិត​ពី​​ស៊េរី​ឆ្នាំ​ក៏​ល្អ​ម្យ៉ាង​ដែរ​ព្រោះ​អាច​ទាក់​ទង​នឹង​គុណ​ភាព​របស់​ឡាន​ច្រើន សម្រាប់ Lexus គួរ​ទិញ ចាប់​ពី ឆ្នាំ ២០០១ និង Highlander ចាប់​ពី​ឆ្នាំ ២០០៣ ឡើង​មាន​ការ​កែ​ប្រែ​គ្រឿង​ម៉ាស៊ីន និង​ប្រព័ន្ធ​សុវត្ថិភាព​ច្រើន ណា​មួយ​គុណភាព​ក៏​អាច​​នៅ​ល្អ​ផង​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អាន​អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី