កម្ពុជា​នឹង​មិនខ្វះ​គ្រឿង​បន្លាស់​រថយន្ត​​ប្រើ​ទេ ក្រោយ​ជប៉ុន​លូក​ដៃ​ជួយ

  • 2018-05-23 07:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ជប៉ុន Sanyo Parts បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​ជាមួយ​សាលា​មធ្យមសិក្សា​បច្ចេកទេស JVC ពី​កិច្ច​សហប្រតិបត្តិការ​ផ្តល់​ការ​បណ្តុះ​បណ្តាល​បច្ចេកវិទ្យា​កែច្នៃ​ឡើង​គ្រឿង​បន្លាស់​រថយន្ត។ ពិធី​នេះ ធ្វើឡើង​នៅ​ទីស្តី​ការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ​២០១៨។

លោក Keiji Sakai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sanyo Part បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​១៩៦៨ ដែលជា​ក្រុមហ៊ុន​បោះដុំ​គ្រឿង​បន្លាស់​រថយន្ត។ ក្រុមហ៊ុន​បាន​ផលិត​គ្រឿង​បន្លាស់​រថយន្ត​ក្នុង​ប្រទេស​ចិន និង​ចែកចាយ​ក្នុង​ប្រទេស​ជប៉ុន។

លោក​បន្ត​ថា កាលពី​៤ឆ្នាំ​មុន ក្រុមហ៊ុន​របស់​លោក​បាន​មក​សិក្សា​ស្រាវជ្រាវ​ពី​ទីផ្សារ​កម្ពុជា។ ក្រុមហ៊ុន​បាន​រកឃើញ​ថា កម្ពុជា​បាន​ប្រើប្រាស់​រថយន្ត​ជាច្រើន ដែល​ផលិត​នៅ​ជប៉ុន។ ប៉ុន្តែ​សម្រាប់​ការ​ប្រើប្រាស់​គ្រឿង​បន្លាស់​រថយន្ត​នៅ​កម្ពុជា គឺ​និយម​ប្រើប្រាស់​គ្រឿង​បន្លាស់​មួយទឹក ដែល​ពុំមាន​បទដ្ឋាន​ស្តង់ដា​ច្បាស់លាស់ ដើម្បី​ធានា​សុវត្ថិភាព​ឡើយ។

ក្រុមហ៊ុន​របស់​លោក សហការ​ជាមួយ​សាលា JVC ដើម្បី​បង្កើត​បច្ចេកវិទ្យា​មួយ ក្នុងការ​កែច្នៃ​គ្រឿង​បន្លាស់​រថយន្ត​ចាស់ៗ​ឱ្យ​ក្លាយទៅ​ជា​ថ្មី និងមាន​ស្តង់ដា ដើម្បី​រក្សា​បរិស្ថាន​ស្អាត និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មកពី​កំហុស​បច្ចេកទេស ដោយសារ​ការ​ប្រើប្រាស់​គ្រឿង​បន្លាស់​រថយន្ត​មួយ​ទឹក។

លោក ពេជ្រ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ចង់មាន​ជំនាញ​ច្បាស់លាស់ ​ពាក់ព័ន្ធ​នឹង​គ្រឿង​បន្លាស់​រថយន្ត។ បច្ចុប្បន្ន​ទីផ្សារ​កម្ពុជា កំពុងតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ជំនាញ​ច្បាស់លាស់​ក្នុងការ​ផលិត និង​ជួសជុល​គ្រឿងយន្ត៕

ប្រភព៖ Kley Kley   អត្ថបទ៖ សំភី