ព្រះអង្គម្ចាស់ George ធ្លាប់ត្រូវក្រុម ISIS ប៉ុនប៉ង​ធ្វើ​ឃាត ទាំងព្រះជន្មក្មេងខ្ចី

  • 2018-05-24 04:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គម្ចាស់ George ដែល​ជា​បុត្រា​ច្បង​របស់​ព្រះ​អង្គ​ម្ចាស់ William ធ្លាប់​ត្រូវ​បាន​ក្រុម ISIS ប៉ុនប៉ង​ធ្វើ​ឃាត ពេល​យាង​ទៅ​សាលា​រៀន​ជា​លើក​ដំបូង។

យោង​តាម​ការ​ប្រកាស​របស់​តុលាការ​អង់គ្លេស​ឲ្យ​ដឹង​ថា ភេរវករ​ម្នាក់​បាន​ប្រកាស​តាម​អ៊ីនធឺណិត​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ដាក់​ថ្នាក់​បំពុល​ក្នុង​ការ៉េម​របស់​ព្រះ​អង្គ​ម្ចាស់ George នៅ​សាលា Thomas’s Battersea ភាគ​និរតី​ទីក្រុង ឡុងដ៍។ ជាមួយ​គ្នា​ដែរ ព្រះ​រាជ​អាជ្ញា​បន្ថែម​ថា "ភេរវករ​ឈ្មោះ Husnain Rashid អាយុ ៣១ ឆ្នាំ​ បាន​ណែនាំ​បក្ស​ពួក​របស់​ខ្លួន​ឲ្យ​ព្យាយាម​ធ្វើ​ឃាត ព្រះអង្គម្ចាស់ George ដោយ​ប្រើ​ប្រាស់​វិធី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដូចជា ដាក់​ថ្នាំ​បំពុល, ប្រើប្រាស់​គីមី, បំផ្ទុះគ្រាប់បែក និង​ប្រើ​កាំបិត​ជា​ដើម។”

(ភេរវករ​ឈ្មោះ Husnain Rashid)

ភេរវករ​រូប​នេះ ត្រូវ​បាន​រក​ឃើញ​ថា​​ផ្ញើ​សារ​ជាង ២៩០ ០០០ សារ​ទៅ​​ក្រុម​សន្ទនា​ក្នុង Telegram ដើម្បី​ណែ​នាំ​ពី​វិធី​រៀប​គម្រោង​ធ្វើ​ឃាត​ព្រះ​អង្គ​ម្ចាស់ George។ លើស​ពី​នេះ​ទៀត រូប​គេ​បាន​បង្ហោះ​រូប​ថត​របស់​ព្រះ​អង្គ​ម្ចាស់ George និង ទីតាំង​នៃ​សាលារៀន​របស់​ព្រះអង្គ​រួម​ជា​មួយ​សារ​មួយ​សរសេរ​ថា "សូម្បី​តែ​សែ​រាជវង្ស​ក៏​មិន​ត្រូវ​លើក​លែង​ដែរ។”

ទោះ​យ៉ាង​ណា​ក៏​ដោយ គម្រោង​ការ​នេះ​មិន​បាន​សម្រេច​នោះ​ទេ ដោយ​សារ​ភេរវករ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​ទីក្រុង Nelson កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។ ឥឡូវ​នេះ តុលាការ​កំពុង​ស៊ើប​អង្កេត​បន្ត និង​បាន​ចោទ​ប្រកាន់​លោក Rashid ចំនួន​បី​ករណី​ពី​បទ​ផ្សំ​គំនិត​រៀប​ចំ​អំពើ​ភេរវកម្ម។

គួរ​ឲ្យ​ដឹង​ថា ព្រះអង្គម្ចាស់ George បាន​ប្រសូត​កាល​ពី​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០១៣ ​ជា​បុត្រា​ច្បង​របស់​ព្រះ​អង្គ​ម្ចាស់ William និង​ត្រូវ​ជា​ភាតុបុត្រា (ក្មួយប្រុស) របស់​ព្រះអង្គ​ម្ចាស់ Harry ដែល​ទើប​រៀប​អភិសេក​កាល​ពី​ពេល​ថ្មី​ៗ​នេះ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន