ការ​ប្រកួត​ស្វែង​ក្រុម​ E-Sport: LOL តំណាង​កម្ពុជា​ទៅ​សិង្ហបុរី​ចាប់​ផ្តើម​ស្អែក​

  • 2018-05-25 08:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​​ជើង​ឯក​កីឡា​អេឡិចត្រូនិក​លើ​វិញ្ញាសា​ League Of Legends ​(LOL)​ ​វគ្គ​ជម្រុះ​ស្វែង​រក​ក្រុម​ខ្លាំង​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​ចាប់​ផ្តើម​ថ្ងៃ​សៅរ៍​ ទី​២៦​ ខែ​ឧសភា​ ចុង​សប្តាហ៍​នេះហើយ។

បន្ទាប់​ពី​បាន​ស្វែង​ករ​ឃើញ​ក្រុម​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ ពេល​នេះ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ដាក់​ចេញ​កាល​បរិច្ឆេទ​ និង​ចាប់​គូ​ប្រកួត​រួច​រាល់​ហើយ។ ក្រុម​ចំនួន​​២៣​​​ត្រូវ​ប្រកួត​​​ប្រជែង​គ្នា​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឈ្នះ​កៅអី​ឆ្ពោះ​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​សិង្ហបុរី​ដែល​ជា​ព្រឹត្តិការណ៍​ធំ​ដំបូង​បង្អស់​នៅ​តំបន់​អាស៊ាន​សម្រាប់​វិញ្ញាសា​ LOL នេះ។

 ការ​ប្រកួត​ត្រូវ​ធ្វើ​​ឡើង​ពីរ​ដំណាក់​កាល​គឺ​ដំណាក់​កាល​ប្រកួត​ជម្រុះ​​ស្វែង​រក​ក្រុម​តំណាង​ឲ្យ​ប្រទេស​នីមួយ​ៗ​ និង​ដំណាក់​កាល​ទី​២​​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​សិង្ហបុរី​ដែល​​​ប្រជុំ​ដោយ​​ក្រុម​ខ្លាំង​ៗ​តំណាង​ប្រទេស​១០​ប្រចាំ​តំបន់​​អាស៊ាន។ ប្រទេស​ដែល​ចូល​រួម​មាន​ ថៃ​ វៀតណាម​ សិង្ហបុរី​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​ប្រ៊ុយណេ ។

អត្ថប្រយោជន៍

  • រង្វាន់​​វគ្គ​ជម្រុះ​តំណាង​ប្រទេស​៖ ក្រុម​លេខ​១ ​បាន​៥០០០​ RP និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​អស់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​សិង្ហបុរី។

  • រង្វាន់​ជើង​ឯក​ប្រចាំ​ព្រឹត្តិការណ៍​៖ ក្រុម​លេខ​១​ ទទួល​បាន​​កុំព្យូទ័រ​ម៉ាក​ Razer Blade HD 256GB​ ចំនួន​ ៦​​គ្រឿង​ ដែល​មាន​ម៉ៅ​ ក្តារ​ចុច និង​​កាស​ពាក់​ត្រចៀក​។ កុំព្យូទ័រ​១​គ្រឿង​តម្លៃ​២០០០​ដុល្លារ​ ដូច្នេះ​៦​គ្រឿង​តម្លៃ​សរុប​​១២០០០​ដុល្លារ​អាមេរិក។

  • ក្រុម​ទាំង​១០​មក​ពី​១០​ប្រទេស​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​អស់​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​លំដាប់​ពិភព​លោក​ជា​ច្រើន​នៅ​ប្រទេស​សិង្ហបុរី​ និង​ចូល​​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដែល​មាន​តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភព​លោក​ចូល​រួម​សម្តែង។

ព្រឹត្តិការណ៍​ LOL E-Sports ដ៏​ធំ​លើក​ដំបូង​នៅ​អាស៊ាន​នេះ​​​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​របស់​ប្រទេស​សិង្ហបុរី​ និង​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុម​ហ៊ុន​ឯកជន​ជា​ច្រើន។ ជា​មួយ​គ្នា​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក៏​បាន​សហការ​​ដើម្បី​រៀប​ចំ​ការ​ប្រកួត​ជម្រុះ​នៅ​កម្ពុជា​ដើម្បី​ស្វែង​រក​ក្រុម​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត។

តាម​ដាន​ទាំង​អស់​គ្នា​ថា​តើ​ក្រុម​មួយ​ណា​ជា​ជើង​ខ្លាំង​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​ជា​មួយ​ក្រុម​ផ្សេង​ៗ​ទៀត​នៅ​អាស៊ាន?

ក្រុម​ទាំង​២៣

អត្ថបទ៖ ជាន ចាន់រ៉ា