អ្នកជំនាញបាល់ទាត់៤រូបនៅអង់គ្លេស វិភាគលទ្ធផលឈ្នះចាញ់របស់ Liverpool និង Real យប់នេះ
- 2018-05-26 03:27:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញបាល់ទាត់៤រូបនៅអង់គ្លេស វិភាគលទ្ធផលឈ្នះចាញ់របស់ Liverpool និង Real យប់នេះ
ចន្លោះមិនឃើញ
ក្រុមហង្សក្រហម Liverpool នឹងធ្វើដំណើរទៅប្រកួតជាមួយក្រុម Real Madrid នៅថ្ងៃនេះ។ ក្រុមរបស់លោក Jurgen Klopp ធ្វើដំណើរទៅកាន់ទីក្រុង Kiev ដើម្បីព្យាយាមរារាំងក្រុម Real Madrid មិនឱ្យឈ្នះពាន Champions League៤លើកជាប់ៗគ្នា។
ខាងក្រោមនេះគឺជាអ្នកជំនាញវិភាគបាល់ទាត់៤រូបរបស់ទូរទស្សន៍ Sky Sports ទស្សន៍ទាយលទ្ធផលឈ្នះចាញ់របស់ក្រុមទាំង២៖
១ លោក Phil Thompson
លោកថា Real Madrid នឹងបង្ហាញទម្រង់លេងស្រដៀងគ្នាពេលប៉ះ Liverpool មិនដឹងត្រូវចងឡានក្រុងយ៉ាងម៉េច ពោលគឺប្រឹងប្រយុទ្ធខ្លាំងតែបំបែកក្បួនហង្សក្រហមមិនបែក ជាហេតុនាំឲ្យ Livepool វាយបកវិញ។
Thompson និយាយថាក្រុមទាំង២ខ្សោយខ្សែការពារដូចគ្នា។ Sergio Ramos មានគុណវិបត្តិមួយគឺរត់យឺត។ ល្បឿនយឺតនេះហើយ ដែលធ្វើឲ្យខ្សែការពាររូបនេះ បានកាតលឿង និង កាតក្រហមជាហូរហែនៅពេលព្យាយាមបិទខ្សែប្រយុទ្ធ។
Thompson ទាយថា Liverpool ឈ្នះ ដោយ Salah, Mane, Firmino និង Bale ជាអ្នករកគ្រាប់បាល់បាន។
២ លោក Charlie Nicholas
លោកជឿថាបទពិសោធន៍លេងជោកជាំនៅ Champions League មិនអាចឲ្យ Real ឈ្នះ Liverpool បាននោះទេ។ James Milner និង Jordan Henderson ពិតជាអាចរារាំងខ្សែបម្រើកណ្តាលរបស់ក្លិប Real Madrid។ ប្រសិនបើ Lucas Vazquez ទៅបំពេញតួនាទីនៅស្លាបស្តាំរបស់ Dani Carvajal ដូចកាលលេងជាមួយ Bayern អីចឹង Vazquez នឹងត្រូវជាប់គាំងទៀតហើយ។
Charlie ទាយថា Liverpool នឹងទទួលជ័យជម្នះ។ Mane នឹងជាអ្នករកគ្រាប់បាល់ដំបូងគេ។ ក្រុមទាំង២នឹងមានបាល់ទាត់ចេញពីជ្រុងច្រើនៗដូចគ្នា លើសពី៥ដង។
៣ លោក Matt Le Tissier
ខ្សែប្រយុទ្ធ៣រូបខាងលើរបស់ Liverpool នឹងបង្កកង្វល់ច្រើនដល់ខ្សែការពារ Real។ លោក Le Tissier មើលឃើញពីចំណុចខ្សោយរបស់ Real ដូចលោក Klopp ដែរគឺនៅត្រង់កីឡាករ Marcelo ដែលចូលចិត្តឡើងប្រយុទ្ធ ហើយនេះជាអ្វីដែលខ្សែប្រយុទ្ធមុតស្រួចរបស់ហង្សក្រហមអាចកេងផលចំណេញបាន។
អ្នកជំនាញរបស់ទូរទស្សន៍ Sky Sports ខាងលើមើលឃើញថា Alexander-Arnold នឹងធ្វើបានល្អ ដូចកាលបិទ Leroy Sane ដែលជាខ្សែប្រយុទ្ធដ៏ល្អបំផុតលើលោកមិនឲ្យកម្រើករួច។
Le Tissier ទាយថា Liverpool នឹងឈ្នះ ដោយក្រុមទាំង២នឹងទាត់បញ្ចូលទីដូចគ្នា ខណៈដែល Firmino, Salah និង Mane សុទ្ធតែអាចរកគ្រាប់បាន។
៤ លោក Paul Merson
មានតែលោក Merson តែមួយគត់ដែលមើលខុសពីអ្នកជំនាញ៣នាក់ខាងលើ។ លោក Merson របស់ទូរទស្សន៍ Sky Sports ដែលតែងតែទាយលទ្ធផលនៅ Premiere League រៀងរាល់សប្តាហ៍មិនសូវខុស លោកជឿថាវានឹងក្លាយទៅជាការប្រកួតដ៏ស្វិតស្វាញ និង ដ៏គួរឲ្យភ្ញាក់ផ្អើល។ Merson និយាយថា Salah និង Ronaldo នឹងមិនអាចរកគ្រាប់បាល់បានឡើយ ហើយ អ្នកដែលស៊ុតបញ្ចូលទីឲ្យ Real ឈ្នះគឺ Benzema។
Merson ទាយថា Real Madrid ឈ្នះ ៣-២ ហើយ Benzema គឺជាអ្នករកគ្រាប់បាល់ដំបូង។