Karius បង្ហាញ​​សារ​រំជួលចិត្ត ក្រោយ​កំហុស​ដ៏​ធ្ងន់​នៅ​ Champions League

  • 2018-05-28 23:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Karius បាន​សូមទោស​​ក្រោយ​ចាញ់​ការ​ប្រកួត​នៅ Champions League នា​ទីក្រុង​គៀវ​យប់​មិញ ដោយ​បាន​បង្កើត​កំហុស​ធំៗ​២​ដង ហើយ ថា​​ការ​ចាញ់​របស់​ក្រុម គឺ​ជា​ការ​ទទួល​ខុសត្រូវទាំង​ស្រុង​របស់​ខ្លួន។

ក្រុម Real Madrid បាន​ឈ្នះ​ពាន​រង្វាន់​ក្របខ័ណ្ឌ Champions League ៣​លើក​ជាប់ៗ​គ្នា ក្រោយ Gareth Bale បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល ៣-១។​

កំហុស​របស់​អ្នកចាំទី​អាឡឺម៉ង់ Karius បាន​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បាន​បោះ​បាល់​ទៅ​ចំ​ជើង​ Karim Benzema បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី១ និង ធ្វេសប្រហែស​ទះ​បាល់ Bale ​ផ្លាត​នៅ​គ្រាប់​ទី​៣ ​ធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម​បាន​ត្រឹម​សម្រក់​ទឹក​ភ្នែក​បន្ទាប់​ពី​ចិញ្ចឹម​ចិត្ត​១​ទសវត្ស​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ក្រោយ​ចប់​ការ​ប្រកួត Karius បាន​ប្រាប់​ talkSPORT ថា៖

“ប្រសិន​បើ​មាន​ពេលវេលា​ត្រលប់ ខ្ញុំនឹង​[មិន​ឲ្យ​រឿង​នោះ​កើត​ឡើង​ឡើយ]។ ខ្ញុំ​ចង់​សូម​ទោស​ចំពោះ​អ្នក​រាល់គ្នា ចំពោះ​ក្រុម ខ្ញុំ​ធ្វើ​ឲ្យ​ពួកគេ​ចាញ់"។

“វា​ពិត​ជា​ពិបាក​​នឹង​ទទួល​ណាស់ ប៉ុន្តែ​នេះ​គឺ​ជា​ជីវិត​អ្នកចាំទី។ ខ្ញុំ​លែង​មាន​អារម្មណ៍​អី​អស់​ហើយ នៅ​ពេល​នេះ។ ថ្ងៃ​នេះ​ខ្ញុំ​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្ញុំ​ចាញ់។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ខ្លាំង​ណាស់​សម្រាប់​អ្នក​រាល់​គ្នា​ និង សម្រាប់​ក្លឹប​ទាំង​មូល"។ Karius បាន​និយាយ។

ជាក់​ស្តែង​កាល​ពី​យប់​មិញ បន្ទាប់​ពី​ចប់​ការ​ប្រកួត​ អ្នក​ដែល​យំ​យូរ​ជាង​គេ​គឺ​អ្នកចាំទី​នេះ​ឯង។ សូម្បី​តែ​ពេល​ឡើង​ទៅ​ទទួល​មេដាយ​ប្រាក់ Karius ត្រឹម​ក្តាប់​រង្វាន់​ក្នុង​ដៃ​មិន​ខ្ចី​យក​ទៅ​ពាក់​នឹង​ក​ដូច​កីឡាករ​ដទៃ​ឡើយ៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី