៥សន្លឹក បង្ហាញ​ពី​ការងារប្រចាំថ្ងៃ នៃអ្នកប្រកបរបរ​តម្បាញ អ្នកខេត្តបន្ទាយមានជ័យ

  • 2018-05-28 04:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របរតម្បាញសូត្រ របស់អ្នកស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមុខរបរ​កេរដូនតា យូរលង់ណាស់មកហើយ ដែលបានបន្ដរហូត​មកដល់សព្វថ្ងៃ​នេះ។ ខាងក្រោមនេះ គឺជាការរៀបរាប់ត្រួសៗ អំពីការធ្វើតម្បាញសូត្រ អមដោយរូបភាពស្រស់ស្អាត។

១. អ្នក​ស្រី ដាំ មុំ អាយុ៣៥​ឆ្នាំ ម្ចាស់​សិប្ប​កម្ម​តម្បាញ​សូត្រ​ នៅ​ភូមិ​ប៉ោយ​ចារ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ។ អ្នក​ស្រី​ បាន​ចាប់​ផ្ដើម​ចង​ក្រង​ក្រុម​ស្ត្រី​អ្នក​ត្បាញ និង​បង្កើត​ជា​សិប្ប​កម្ម​តម្បាញ​សូត្រ​ ផ្គត់​ផ្គង់​ឱ្យ​សមាគម និង​អតិថិជន​ផ្សេង​ៗ ក្នុង​អំឡុង​ឆ្នាំ ២០០៨ ឬ ២០០៩​។

២. លោក​យាយ​ ទៀប ហម វ័យ ជិត​៧០​ឆ្នាំ បុគ្គលិក​របស់​អ្នក​ស្រី​ ដាំ មុំ កំពុង​រ៉ (រវៃ)​សូត្រ បញ្ចូល​ទៅ​ក្នុង​បំពង់​អំបោះ​។ បន្ទាប់​ពី​គេ​ជ្រលក់​ពណ៌ និង​ឱ្យ​បាយ​រួច​ហើយ ( ការ​ឱ្យ​បាយ​សូត្រ​ គឺ​គេ​យក​សូត្រ​ដែល​ជ្រលក់​ពណ៌​រួច​ហើយ ទៅ​ត្រាំ​នឹង​បបរ​អង្ករ​ដំណើប​។ ការ​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​កុំ​ឱ្យ​សូត្រ​រីក​មាឌ នៅ​ពេល​ត្បាញ)​។ បន្ទាប់​ពី រ៉ សូត្រ​ ចូល​ក្នុ​ងបំពង់​រួច​ហើយ គេ​យក​សូត្រ​នោះ​ទៅ​អន្ទង​។

៣. កញ្ញា សាវៀក បុគ្គ​លិក​របស់​អ្នក​ស្រី​ ដាំ មុំ កំពុង​អន្ទង​ផ្ទៃ​សូត្រ​ នៅ​ក្រោម​ផ្ទះ​របស់​គាត់ បន្ទាប់​ពីរ៉​ចូល​បំពង់​រួច​ហើយ​។​ សូត្រ​ដែល​អន្ទង​រួច​ហើយ ត្រូវ​មូរ​ចូល​រ៉ូឡូ​កី។ បន្ទាប់​មក ​ត្រូវ​​យក​ទៅ​ចាក់​ចូល​ធ្មេញ​ដែក​ហើយ​រើស​ម៉ូត និង ត្បាញ​។

៤. បុគ្គ​លិក​អ្នក​ស្រី ដាំ មុំ កំពុង​ត្បាញ​សំពត់​ហូល​នៅ​ក្រោម​ផ្ទះ​របស់​អ្នក​ស្រី​។ ការ​ត្បាញ​នេះ មិន​កំណត់​ម៉ោង ឬ ពេល​វេលា​ច្បាស់​លាស់​ដូច​កម្មករ​រោង​ចក្រ​នោះ​ទេ​។ កាល​ណា​ទំនេរ​ពី​ការ​ងារ​ផ្ទះ​ បុគ្គលិក​ក៏​មក​ត្បាញ។ បុគ្គលិក​ខ្លះដែល​ខំ​ប្រឹង​ប្រែង​ អាច​ត្បាញ​រហូត​ដល់​យប់​ក៏​មាន​។ អ្នកស្រី ដាំ មុំ អាច​ដើរ​ពិនិត្យ​មើល ឬ​ផ្តល់​ប្រឹក្សា​ ពេល​ណា​បុគ្គលិក​ជួប​ការ​លំបាក​។

៥. ​សិប្ប​កម្ម​តម្បាញ​សូត្រ​របស់​អ្នក​ស្រី ដាំ មុំ មាន​ផលិត​ផល​ដែល​ផលិត​ពី​សសៃ​អំបោះ និង​សូត្រ​។ ផលិត​ផល​ទាំង​នោះ មាន​ដូច​ជា​ ភួយ​ដណ្តប់ ក្រមា​បង់​ក កន្សែង ក្រ​ណាត់​សូត្រ​... ។ ផលិត​ផល​ទាំង​នេះ​ មាន​លក់​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ទី​ផ្សារ​ដែល​ធំ​ជាង​គេ​ គឺ ខេត្ត​សៀម​រាប និង រាជ​ធានី​ភ្នំពេញ​។

សូមចុចអាន៖ ​របរ​​តម្បាញ​សូត្រ​របស់​​អ្នក​ស្រុក​ ភ្នំ​ស្រុក​ ប្រឈម​ការ​បាត់​បង់

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក