អបអរ! ក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិន GAC ត្រៀមបើករោងចក្រដំឡើងរថយន្ត ក្នុងខេត្តកំពង់ឆ្នាំង
- 2025-09-21 06:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរ! ក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិន GAC ត្រៀមបើករោងចក្រដំឡើងរថយន្ត ក្នុងខេត្តកំពង់ឆ្នាំង
ចន្លោះមិនឃើញ
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd., ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group, បានប្រកាសពីសមិទ្ធផលដ៏សំខាន់ពីរក្នុងពេលតែមួយថ្ងៃនេះនៅក្នុងអគារតាំងបង្ហាញរថយន្ត GAC Cambodia ដោយក្រុមហ៊ុននេះបានទទួលជាផ្លូវការនូវអាជ្ញាប័ណ្ណប្រតិបត្តិការរោងចក្រដំឡើងយានយន្តនៅកម្ពុជា និងបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ផ្តាច់មុខជាមួយក្រុមហ៊ុន GAC International Co., Ltd. ដើម្បីដំឡើងរថយន្ត GAC នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានចូលរួមដោយគណអធិបតីរួមមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Yu Jun (យូ ជុន) អនុប្រធានក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. រួមជាមួយនឹងលោក ណម តុង អគ្គនាយកនៃក្រុមហ៊ុន TH Group និងលោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន TH Group តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា អ្នកស្រី Zhong Jie ព្រមទាំងសិល្បករ អ្នកមានឥទ្ធិពល អ្នកបង្កើតមាតិការ និង សារព័ត៌មានជាតិ និង អន្តរជាតិជាច្រើន។
លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន TH Group បានរំលឹកអំពីសវតានៃការសហការដំបូងរវាង TH Group និង GAC ដោយលោកមានប្រសាសន៍ថា «ក្នុងដំណើររបស់យើង យើងបានចាប់ផ្ដើមជាមួយនឹង GAC នៅក្នុងទីផ្សារប្រទេសកម្ពុជានៅឆ្នាំ ២០១៩ ជាមួយនឹងចក្ខុវិស័យដ៏ច្បាស់លាស់ ក្នុងគោលបំណងណែរនាំរថយន្តម៉ាក GAC ដែលជារថយន្តមានគុណភាពខ្ពស់ និង បច្ចេកវិទ្យាលំដាប់ពិភពលោកជូនបងប្អូនប្រជាជនកម្ពុជា យើងក៏ចង់ផ្ដល់ជូននូវជម្រើសថ្មីដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលជាឱកាសសម្រាប់បងប្អូនប្រើប្រាស់លក្ខណៈគ្រួសារ ក្នុងការផ្លាស់ប្ដូរនៃការប្រើប្រាស់រថយន្តមួយទឹកហើយមកជារថយន្តថ្មី ដែលអាចផ្ដល់ទាំងសុខសុវត្ថិភាព ភាពជឿជាក់ និង នវានុវត្តន៍ក្នុងតម្លៃមួយដែលសមរម្យបំផុត»។
ការបង្កើតរោងចក្រដំឡើងរថយន្ត GAC បើកទំព័រថ្មីមួយសម្រាប់ឧស្សាហកម្មរថយន្តរបស់កម្ពុជា ដោយបានដាក់កម្ពុជា និងក្រុមហ៊ុន TH Group ជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងគួរឱ្យទុកចិត្តសម្រាប់ប្រទេសចិន និង ក្រុមហ៊ុន GAC ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោនេះកាន់តែរឹងមាំសម្រាប់ពេលអនាគត។ រោងចក្រថ្មីស្រឡាងនេះត្រូវបានរំពឹងថានឹងបង្កើតការងាររាប់រយកន្លែង និងធ្វើឱ្យរថយន្តថ្មីដែលមានគុណភាពខ្ពស់កាន់តែងាយស្រួលក្នុងការទិញយកទៅប្រើប្រាស់សម្រាប់ប្រជាជនកម្ពុជា។
អនុប្រធានក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. លោក Yu Jun បានលើកបង្ហាញអំពីបរិយាកាសអាជីវកម្មដ៏អំណោយផលរបស់កម្ពុជា ជាមួយនឹងសក្ដានុពលទីផ្សារយានយន្តដ៏ល្អ ព្រមទាំងធនធានមនុស្សរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសំខាន់មួយសម្រាប់ GAC នៅអាស៊ីអាគ្នេយ៍។
ភាពជោគជ័យនេះជាសក្ខីភាពនៃចក្ខុវិស័យរយៈពេលវែងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន TH Group ដែលប្តេជ្ញារួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ដោយកិច្ចខិតខំប្រឹងប្រែងនេះស្របនឹងចក្ខុវិស័យជាតិសម្រាប់កម្ពុជា ឆ្នាំ ២០៣០ និង ២០៥០។
ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. មានទំហំប្រមាណ ១៩ លានដុល្លារអាមេរិក ដែលរោងចក្រនេះ មានទីតាំងលើផ្ទៃដី ១១ ហិកតាក្នុងខេត្តកំពង់ឆ្នាំង រោងចក្រនេះត្រូវបានរំពឹងថានឹងបង្កើតការងារចន្លោះពី ៤០០ ទៅ ៦០០ កន្លែង និងមានសមត្ថភាពផលិតប្រចាំឆ្នាំពី ១០,០០០ ទៅ ១៥,០០០ គ្រឿង។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ហើយបានបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុននានា បណ្ដាក់ទុនវិនិយោគដំឡើងរថយន្តថ្មី ដើម្បីប្រជាជនកម្ពុជាមានជម្រើសកាន់តែសម្បូរបែបក្នុងការប្រើប្រាស់រថយន្តថ្មី កាត់បន្ថយការប្រើប្រាស់រថយន្តមួយទឹក។
ចាប់តាំងពីឆ្នាំ ២០២០ មក GAC Cambodia ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន TH Group គឺជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ GAC នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រឹមតែរយៈពេលជាង ៥ ឆ្នាំប៉ុណ្ណោះ ម៉ាកយីហោនេះបានឃើញការពង្រីកយ៉ាងឆាប់រហ័ស ហើយគិតត្រឹមឆ្នាំ ២០២៥ GAC ឈរជាម៉ាករថយន្តចិនលំដាប់ជួរមុខនៅកម្ពុជា៕