ពិត​ទេ Real Madrid ធ្លាប់​ចង់​បាន Iniesta?

  • 2018-05-28 13:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Andres Iniesta បាន​អះអាង​ថា Real Madrid ធ្លាប់​មាន​បំណង​ចង់​បាន​ខ្លួន។

ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន El Hormiguero អតីត​កីឡាករ Barcelona បាន​និយាយ​ថា៖ "មាន​ពេល​មួយ​ចំនួន ដែល (Real) Madrid ចង់​បាន​ខ្ញុំ។ តាម​ពិត​ទៅ​ គ្មាន​ការ​ចរចា​ផ្លូវ​ការ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ក្លឹប​នោះ​ចង់​បាន​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្ញុំ​ចង់​មានអាជីពជោគជ័យ​នៅ Barcelona"។

ទោះ​ជា​យ៉ាង​ណា Iniesta មិន​បាន​បកស្រាយ​បន្ត​ឲ្យ​ច្បាស់​នោះ​ទេ ថា​តើ​នៅ​ពេល​ណា​ខ្លះ Real Madrid ទាក់ទង​ខ្លួន​នោះ​ទេ។

បន្ថែម​ពី​ការ​អះអាង​ខាង​លើ កីឡាករ​អេស្ប៉ាញ​បាន​លើក​ឡើង​ថា អាជីព​របស់​ខ្លួន​នា​ពេល​ដំបូង​ៗ​(អំឡុង​ឆ្នាំ ២០០២) នៅ​ Barcelona មិន​មាន​ងាយ​ស្រួល​នោះ​ទេ។ យ៉ាង​នេះ​ក្ដី កីឡាករ​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ក្លឹប។ កីឡាករ​បាន​និយាយ​ថា កាល​នោះ ខ្លួន​សុខ​ចិត្ត​លេង ១០ នាទី​ឲ្យ Barcelona ជា​ជាង​លេង​ច្រើន​នាទី​ឲ្យ​ក្លឹប​ផ្សេង។

សូម​បញ្ជាក់​ផង​ដែរ កីឡាករ Iniesta ជា​កីឡាករ​បង្គោល​របស់​ក្លឹប​អ្នក​មាន​បុណ្យ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ និង​បាន​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ជាមួយ​ក្លឹប។

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​បម្រើ​វ័យ ៣៤​ឆ្នាំ ទើប​បាន​ចាក​ចេញ​ពី​ក្លឹប​យក្ស​អេស្ប៉ាញ មក​ចូល​រួម​ជាមួយ​ក្លឹប​ជប៉ុន Vissel Kobe៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី