ចាយ​ជិត ២ ម៉ឺន​ដុល្លារ​ទិញ​ទូរសព្ទ​យក​មក​ទម្លាក់ ព្រោះ​ចង់​ដឹង​មួយ​ណា​មាំ​ជាង​គេ

  • 2018-05-29 04:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​ Tom's Guide បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ១៨ ០០០ ដុល្លារ ដើម្បី​ទិញ​ស្មាតហ្វូន​ស៊េរី​ថ្មីៗ​មួយ​ចំនួន​យក​មក​ធ្វើ​ការ​តេស្ត​ទម្លាក់​ ដោយ​ចង់​ដឹង​ថា​ស្មាតហ្វូន​ថា​មាន​ភាព​រឹងមាំ​ជាង​គេ។

ការ​ធ្វើ​តេស្ត​មាន​ចែក​ចេញ​ជា​ច្រើន​ជុំ​ ដោយ​មាន​តេស្ត​ទម្លាក់​ពី​កម្ពស់​ ១,២ ម៉ែត្រ និង ១,៨ ម៉ែត្រ​ ទៅ​​លើ​ឈើ​ និង​​ដុំ​ស៊ីម៉ង់​ រួម​ទាំង​តេស្ត​ទម្លាក់​ចូល​ក្នុង​ចាន​បង្គន់​ទៀត​ផង។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​មាន​ដូច​ខាង​ក្រោម ៖

១. Motorola Moto Z2 Force ពិន្ទុ ៨,៥/១០

ផ្ទាំង​អេក្រង់​ ShatterShield របស់​ Z2 Face ពិត​ជា​មាន​ភាព​រឹងមាំ​ ដោយ​សូម្បី​ពេល​ទម្លាក់​ដោយ​ផ្កាប់​មុខ​ពី​កម្ពស់​ ១,៨ ម៉ែត្រ​ ក៏​អេក្រង់​គ្មាន​បញ្ហា​អ្វី​ដែរ។ ភាព​ខូច​ខាត​តិច​តួច​គឺ​​នៅ​ត្រង់​ផ្នែក​ខាង​ក្រោម​ នៃ​តួ​ខ្លួន​អាលុយមីញ៉ូម​របស់​វា។

ពេល​ដាក់​ចូល​ចាន​បង្គន់​​បាន​ប្រមាណ​ ២-៣ វិនាទី​ ស្មាតហ្វូន​នេះ​​​បាន​រលត់ ប៉ុន្តែ​ពេល​ស្ងួត​ទៅ​វា​ក៏​អាច​ដំណើរ​ការ​ឡើង​វិញ ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។

២. LG X Venture ពិន្ទុ​ ៦,៦/១០

​​​ពេល​ទម្លាក់​ពី​កម្ពស់​ ១,២ ម៉ែត្រ​ ទៅ​លើ​ឈើ និង​ដុំ​ស៊ីម៉ង់​ ស្មាតហ្វូន​នេះ​នៅ​អាច​ទ្រាំទ្រ​បាន។ ប៉ុន្តែ​ពេល​ទម្លាក់​ពី​កម្ពស់​ ១,៨ ម៉ែត្រ​​ ផ្នែក​ខាង​ក្រោម​ជុំវិញ​ប៊ូតុង​ស្រាប់​តែ​ប្រេះ​ស្រាំ។ ពេល​ទម្លាក់​ចូល​ចាន​បង្គន់​ ធ្វើ​ឲ្យ​រន្ធ​មីក្រូហ្វូន​ខូច​ ប៉ុន្តែ​អ្វី​ផ្សេង​ទៀត​នៅ​ដំណើរ​ការ​ធម្មតា។

៣. Apple iPhone X ពិន្ទុ​ ៦,២/១០

iPhone X អាច​ទ្រាំទ្រ​នឹង​ការ​ទម្លាក់​ពី​កម្ពស់​ ១,២ និង ១,៨ ម៉ែត្រ​នៅ​លើ​ឈើ​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​ពេល​ទម្លាក់​ពី​កម្ពស់​ ១,២ ម៉ែត្រ​លើ​ដុំ​ស៊ីម៉ង់ ផ្ទៃ​អេក្រង់​ស្រាប់​តែ​ប្រេះ​ច្រើន​កន្លែង ហើយ​ទម្លាក់​ពី​កម្ពស់​ ១,៨ ម៉ែត្រ​ ប្រេះ​រឹត​តែ​ច្រើន​កន្លែង​ថែម​ទៀត។ ពេល​ដាក់​ចូល​ទឹក​​ក្នុង​ចាន​បង្គន់​ អេក្រង់​ម្ដង​រលត់​ ម្ដង​ភ្លឺ ប៉ុន្តែ​ពេល​ធ្វើ​តេស្ត​រួច​វា​នៅ​ដំណើរ​ការ​បាន​ធម្មតា។

៤. LG V30 ពិន្ទុ​ ៦/១០

ដូច​ស្មាតហ្វូន​ដទៃ​ដែរ ពេល​ទម្លាក់​លើ​ឈើ​ V30 អាច​ទ្រាំទ្រ​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​ពេល​ចូល​ដល់​ការ​តេស្ត​ទម្លាក់​លើ​ថ្ម​ភ្លាម (នៅ​កម្ពស់​ ១,២ និង ១,៨ ម៉ែត្រ) ផ្ទៃ​អេក្រង់​បាន​ប្រេះ​ជា​ច្រើន​កន្លែង។ V30 មាន​សមត្ថភាព​ធន់​នឹង​ទឹក​ ហេតុ​នេះ​អាច​ឆ្លង​ផុត​ការ​តេស្ត​ទម្លាក់​ចូល​ចាន​បង្គន់​បាន ប៉ុន្តែ​សំឡេង​ដែល​បញ្ចេញ​មក​ហាក់​មិន​សូវ​ច្បាស់​ដូច​មុន។

៥. Galaxy S9 ពិន្ទុ ៦/១០

​​Galaxy S9 អាច​ទ្រាំទ្រ​នឹង​ការ​ទម្លាក់​លើ​ឈើ​បាន​ ប៉ុន្តែ​ពេល​ចាប់​ផ្ដើម​ទម្លាក់​លើ​ដុំ​ស៊ីម៉ង់​នៅ​កម្ពស់​ ១,២ ម៉ែត្រ​ឃើញ​មាន​ស្នាម​ប្រេះ​លើ​អេក្រង់។ តេស្ត​ទម្លាក់​ត​ទៀត​នៅ​កម្ពស់​ ១,៨ ម៉ែត្រ​ ឃើញ​មាន​ប្រេះ​កាន់​តែ​ច្រើន​កន្លែង​លើ​អេក្រង់ ជា​ពិសេស​នៅ​គែម​ជុំវិញ។ ពេល​ទម្លាក់​ចូល​ក្នុង​ទឹក Galaxy S9 មិន​មាន​រង​បញ្ហា​អ្វី​នោះ​ទេ។

៦. Motorola Moto G5 Plus ពិន្ទុ ៥,១/១០

ពេល​ទម្លាក់​លើ​ឈើ​ Motor G5 Plus នៅ​ទ្រាំទ្រ​បាន​ ហើយ​ពេល​ទម្លាក់​លើ​ស៊ីម៉ង់​កម្ពស់​ ១,២ ម៉ែត្រ មាន​​ខូច​ខាត​បន្តិច​បន្តួច​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​ពេល​ទម្លាក់​លើ​ស៊ីម៉ង់​ពី​កម្ពស់​ ១,២ ម៉ែត្រ​ អេក្រង់​បែក​ប្រេះ​ស្រាំ​លៀន​​ចេញ​មក​ក្រៅ​តែ​ម្ដង។

៧. iPhone 8 ពិន្ទុ​ ៤,៩/១០

អត់​មាន​ខូច​ខាត​ត្រង់​ណា​បន្តិច​ ពេល​ទម្លាក់​នៅ​លើ​ឈើ​។ ប៉ុន្តែ​ពេល​ទម្លាក់​​លើ​ស៊ីម៉ង់​កម្ពស់​ ១,២ ម៉ែត្រ​ ចាប់​ផ្ដើម​ឃើញ​មាន​ស្នាម​ប្រេះ​កញ្ចក់​ ហើយ​ប្រេះ​កាន់​តែ​​ធ្ងន់ធ្ងរ​ពេល​ទម្លាក់​នៅ​កម្ពស់​ ១,៨ ម៉ែត្រ។

៨. Galaxy Note8 ពិន្ទុ​ ៤,៣/១០

ដូច​ស្មាតហ្វូន​ដទៃ​ទៀត​ ដោយ​ Note8 អាច ឆ្លង​ផុត​ការ​ទម្លាក់​នៅ​លើ​ឈើ​ដោយ​គ្មាន​បញ្ហា។ ប៉ុន្តែ​ឈាន​ដល់​ការ​ទម្លាក់​លើ​ស៊ីម៉ង់​​ពី​កម្ពស់​ ១,២ ម៉ែត្រ​អេក្រង់​ចាប់​ផ្ដើម​ប្រេះ​ស្រាំ។ ពេល​ទម្លាក់​ដោយ​បែរ​មុខ​ចំ​ស៊ីម៉ង់​នៅ​កម្ពស់​ ១,៨ ម៉ែត្រ​ អេក្រង់​ចាប់​ផ្ដើម​​មាន​បញ្ហា​ ធ្វើ​ឲ្យ​​ខូច​ Touch ចុច​លែង​ដើរ​​តែ​ម្ដង។

៩. OnePlus 5T ពិន្ទុ​ ៤,៣/១០

ពេល​ទម្លាក់​នៅ​លើ​ឈើ​មិន​ឃើញ​មាន​កន្លែង​ណា​ខូច​ខាត​ឡើយ​សម្រាប់​ OnePlus 5T។ ពេល​ចាប់​ផ្ដើម​ទម្លាក់​លើ​ស៊ីម៉ង់​នៅ​កម្ពស់​ ១,២ ម៉ែត្រ​ ឃើញ​មាន​ស្នាម​ប្រេះ​អេក្រង់​ ហើយ​ប្រេះ​រឹត​តែ​ខ្លាំង​ពេល​ទម្លាក់​នៅ​កម្ពស់​ ១,៨ ម៉ែត្រ រហូត​ធ្វើ​ឲ្យ​ទូរសព្ទ​ខូច​ប្រើ​លែង​កើត។

១០. Huawei Mate 10 Pro ពិន្ទុ​ ៤,៣/១០

ទម្លាក់​នៅ​កម្ពស់​ ១,២ ម៉ែត្រ​​លើ​ស៊ីម៉ង់​ ធ្វើ​ឲ្យ​ Touch របស់​អេក្រង់​មាន​បញ្ហា និង​មាន​ស្នាម​ប្រេះ​​ច្រើន​កន្លែង។ ពេល​ទម្លាក់​ដោយ​បែរ​មុខ​ចំ​លើ​ស៊ីម៉ង់​ពី​កម្ពស់​ ១,៨ ម៉ែត្រ​ ផ្នែក​ខ្លះ​នៃ​អេក្រង់​បាន​ខ្ទាត​ចេញ អាច​ឲ្យ​មើល​ឃើញ​គ្រឿង​ខាង​ក្នុង​​ទៀត​ផង។

១១. Google Pixel 2 XL ពិន្ទុ​ ៤,៣/១០

ពេល​ទម្លាក់​លើ​ស៊ីម៉ង់​កម្ពស់​ ១,២ ម៉ែត្រ​ អេក្រង់​បាន​ប្រេះ​ ហើយ​ពេល​ទម្លាក់​ដោយ​បែរ​មុខ​ចំ​នៅ​កម្ពស់​ ១,៨ ម៉ែត្រ​ អេក្រង់​ពាក់​កណ្ដាល​ចេញ​ពន្លឺ​ភ្លើង​ពណ៌​ស​ ខុស​ប្រក្រតី​តែ​ម្ដង។

១២. iPhone SE ពិន្ទុ ៣,៩/១០

ទម្លាក់​លើ​ឈើ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ពេល​ទម្លាក់​លើ​ស៊ីម៉ង់​វិញ (កម្ពស់​ ១,២ ម៉ែត្រ) គេ​អាច​ឃើញ​ស្នាម​ប្រេះ​លើ​អេក្រង់ ហើយ​ពេល​ទម្លាក់​ដោយ​បែរ​មុខ​ចំ​នៅ​កម្ពស់​ដដែល​នេះ អេក្រង់​បែក​ប្រេះ​មើល​លែង​យល់។ ពេល​ទម្លាក់​ពី​កម្ពស់​ ១,៨ ម៉ែត្រ​ ផ្នែក​មួយ​ដុំ​នៃ​អេក្រង់​បាន​ជ្រុះ​ចេញ​តែ​ម្ដង៕​​​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី