មិនមានកីឡាករណា Assist ច្រើនជាងកីឡាករពីររូបនេះឡើយក្នុង UCL វគ្គផ្ដាច់ព្រ័ត្រ
- 2018-05-29 12:32:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមានកីឡាករណា Assist ច្រើនជាងកីឡាករពីររូបនេះឡើយក្នុង UCL វគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
Marcelo និង Andres Iniesta គឺជាកីឡាករពីររូបគត់ ដែលបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ នេះបើផ្អែកតាមទិន្នន័យរបស់ OptaJose។
ចំនួន Assist ដែលពួកគេទាំងពីរធ្វើបានសម្រេចក្នុង UCL វគ្គផ្ដាច់ព្រ័ត្រ គឺ ៣ លើក។
Marcelo បានរកបាន Assist លើកដំបូងរបស់ខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីរដូវកាល ២០១៦/១៧ (កាលនោះ Marcelo បញ្ជូនបាល់ឲ្យ Marco Asensio ស៊ុតនៅចុងតង់ ក្នុងការប្រកួតដែល Real Madrid ឈ្នះ ៤-១ លើ Juventus)។ កីឡាករប្រេស៊ីលបានបន្តធ្វើបែបនេះទៀតក្នុងប្រកួតផ្ដាច់ព្រ័ត្រកាលពីពេលថ្មីៗនេះ ដោយបានបញ្ជូនបាល់ដល់ទៅពីរលើកដល់ខ្សែប្រយុទ្ធ Gareth Bale ដើម្បីបំប៉ោងសំណាញ់ទី ជួយឲ្យក្លឹបយក្សអេស្ប៉ាញយកឈ្នះ Liverpool ៣ ទល់នឹង ១។
ដោយឡែក Iniesta បាន Assist ជាលើកដំបូងក្នុងប្រកួត UCL ផ្ដាច់ព្រ័ត្រ រដូវកាល ២០០៨/០៩ (កាលនោះខ្សែបម្រើអេស្ប៉ាញបានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Samuel Eto សម្រេចគ្រាប់ទី ១ ក្នុងការប្រកួតដែល Barcelona ឈ្នះ Manchester United ក្នុងលទ្ធផល ២-០)។ Iniesta បានបញ្ជូនបាល់បានសម្រេចម្ដងទៀតឲ្យ Lionel Messi ស៊ុតក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាល ២០១០/១១ (កាលនោះ Barcelona បានឈ្នះ Manchester United ក្នុងលទ្ធផល ៣-១)។ ចុងក្រោយ គឺ វគ្គផ្ដាច់ព្រ័ត្ររដូវកាល ២០១៤/១៥ ខ្សែបម្រើ Iniesta បានបញ្ជូនបាល់ឲ្យ Ivan Rakitic ស៊ុតចូលបានសម្រេច ក្នុងជ័យជំនះ ៣-១ ទៅលើក្លឹបសេះបង្កង់ Juventus៕