ប្រវត្តិ​ Messi ចូល​រួមBarca៖ ឯកសារ​ដំបូង​ធ្វើ​លើកំណាត់​ជូត​មាត់

  • 2018-05-29 13:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ Lionel Messi ទើប​បាន​និយាយ​ថា នៅ​អឺរ៉ុប ខ្លួន​លេង​ឲ្យ​តែ Barcelona មួយ​គត់។ ក្នុង​ន័យ​នេះ អត្ថបទ​ចង់​រម្លឹក​ពី​ប្រវត្តិ​ដើម​ទង​ដែល​ឈាន​ឲ្យ​កីឡាករ​អាហ្សង់ទីន​ឈាន​ជើង​ចូល​ក្នុង​ក្លឹប​អេស្ប៉ាញ​មួយ​នេះ ដោយ​មាន​ឯកសារ​លើក​ដំបូង​បំផុត​មិន​មែន​ធ្វើ​លើ​ក្រដាស​នោះ​ទេ តែ​លើ​កំណាត់​ជូត​មាត់។

កាល​ពី​ថ្ងៃ​ទី ១៧ កញ្ញា ឆ្នាំ ២០០០ Messi បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹក​ដី​អេស្ប៉ាញ។ កាល​នោះ កីឡាករ​អាហ្សង់ទីន​ត្រូវ​បាន​ទទួល​ដោយ​ភ្នាក់ងារ​កីឡាករ​អេស្ប៉ាញ​ម្នាក់​ឈ្មោះ Haracio Gaggioli។

លោក Gaggioli បាន​រៀប​ចំ និង​នាំ​ Messi ទៅ​ហាត់​សាកល្បង​នៅ​ក្លឹប Barcelona។ កីឡាករ​អាហ្សង់ទីន​បាន​ចូល​រួម​ហាត់​បាល់​ជាមួយ​កីឡាករ​ថ្នាល​យុវជន​មួយ​ចំនួន​របស់​ក្លឹប​ក្នុង​នោះ​ក៏​មាន​ដែរ​ Gerard Pique និង Cesc Fabregas។ បើ​ទោះ​ជា​មាន​មាឌ​តូច​ក៏​ដោយMessi ត្រូវ​បាន​អ្នក​ហាត់​បាល់​ជាមួយ​គ្នា កោត​សរសើរ​ពី​ទេពកោសល្យ​របស់​រូប​គេ។

នៅ​ខែ​តុលា​ឆ្នាំ​ដដែល Messi បាន​ចូល​រួម​លេង​ក្នុង​ប្រកួត​មួយ ដើម្បី​ឲ្យ​លេខាធិការ​បច្ចេកទេស​របស់​ក្លឹប Barcelona លោកCharly Rexach មើល​ដើម្បី​ពិចារណា​ថា​គួរ​ទុក​កីឡាករ​អាហ្សង់ទីន​នៅ​ក្លឹប​ឬ​អត់។ ក្រោយ​មើល​ Messi លេង បាន​មិន​ដល់​ ១០ នាទី លោក​Rexach បាន​ដើរ​ចេញ។ បើ​តាម​បទ​សម្ភាសន៍​កាល​ពី​ពេល​កន្លង​ទៅ​របស់​លោក លោក Rexach បាន​បញ្ជាក់​ថា​ការណ៍​ដែល​លោក​បាន​ដើរ​ចេញ​ពី​ការ​ទស្សនា​ការ​ប្រកួត​កាល​នោះ គឺ​ដោយ​សារ​តែ​លោក​ទទួល​ស្គាល់​ថា Messi ពិត​ជា​លេង​បាន​ល្អ ហើយ​សម្រេច​ក្នុង​ចិត្ត​ហើយ​ថា នឹង​ឲ្យ​កីឡាករ​អាហ្សង់ទីន​ចូល​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ។

ទោះ​ជា​យ៉ាង​ណា ការ​ដើរ​ចេញ​របស់​លោក Rexach មិន​ត្រូវ​បាន​គិត​វិជ្ជមាន​ដោយ​ឪពុក​ Messi ឡើយ។ កាល​នោះ​ លោក Jorge Messi បាន​ខឹង​ខ្លាំង​ណាស់ ប៉ុន្តែ​លោក​នៅ​តែ​បាន​បន្ត​ចាំ​នូវ​ការ​សម្រេច​ចិត្ត​របស់ Barcelona លើ​អនាគត​កូន​ខ្លួន។ យ៉ាង​នេះ​ក្ដី រហូត​ទាល់​ថ្ងៃ​ទី ១៤ខែ​ធ្នូ ឆ្នាំ ២០០០ ទើប​មាន​ការ​ប្រជុំ​មួយ​កើត​ឡើង​រវាង Messi ព្រម​ទាំង​ឪពុក លោក Gaggioli លោកRexach និងភាគីពាក់ព័ន្ធ។ ពេល​នោះ​ លោក Gaggioli ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​កីឡាករ​អាហ្សង់ទីន បាន​សួរ​ចំ​ៗ​ទៅ​លោក Rexach អំពី​ការ​សម្រេច​ចិត្ត​របស់ Barcelona ទៅ​លើ Messi។ លោក Gaggioli បាន​ព្រមាន​ថា នឹង​រក​ក្លឹប​ផ្សេង​ទៀត​សម្រាប់​កីឡាករ​អាហ្សង់ទីន បើ Barcelona នៅ​តែ​ស្ទាក់​ស្ទើរ។

ឯកសារដំបូងរបស់ Messi នៅ Barca ធ្វើ​លើកំណាត់ជូតមាត់

គឺ​នៅ​ពេល​នោះ​ហើយ ដែល​លោក​លេខាធិការ​បច្ចេកទេស Raxach បាន​ទាញ​យក​កំណាត់​ជូត​មាត់​ពី​លើ​តុ​ដែល​ខ្លួន​អង្គុយ រួច​សរសេរ​ថា៖ "ទោះ​ជា​មាន​សំឡេង​ប្រឆាំង​ខ្ញុំ​នៅ Barcelona ក៏​ដោយ ខ្ញុំ​ Charly Rexach ក្នុង​នាម​ជា​លេខាធិការ​បច្ចេកទេស​របស់​ក្លឹប ប្ដេជ្ញា​ថា​ព្រម​ទទួល Lionel Messi ជា​កីឡាករ​របស់​ក្លឹប ដរាប​ណា​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត"។ ខ្លឹមសារ​លើ​កំណាត់​ជូត​មាត់​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​ចាត់​ទុក​ជា​ឯកសារ​លើក​ដំបូង​បំផុត​របស់ Messi នៅ​ក្លឹប​អ្នក​មាន​បុណ្យ។

តាម​ពិត​ទៅ​ មាន​មូល​ហេតុ​ច្រើន​ដែល Barca មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទទួល​យក Messi កាល​នោះ ប៉ុន្តែ​និយាយ​ដោយ​ខ្លី​ទៅ គឺ​ក្លឹប​មិន​ចង់​ប្រថុយ​ក្នុង​ការ​ចំណាយ​ដ៏​ច្រើន​ (ដូច​ជា​ការ​មើល​ថែ​ជំងឺ និង​បើក​ប្រាក់​ដំណាច់​ប្រចាំ​ឆ្នាំ​ជា​ដើម) លើ​កីឡាករ​មួយ​រូប​ដែល​មាន​វ័យ​ទើប​ ១៣​ឆ្នាំ មាន​បញ្ហា​អ័រម៉ូន និង​មក​ពី​ឆ្ងាយ (ប្រទេស​អាហ្សង់ទីន)។

ក្រោយ​បាន​ទទួល​ឯកសារ​នោះ Messi បាន​បន្ត​នៅ Barcelona និង​បាន​អភិវឌ្ឍ​ខ្លួន​រហូត​បាន​ចូល​លេង​ឈុត​ធំ​នៅ​ឆ្នាំ ២០០៤។ តាំង​ពី​ពេល​នោះ​មក កីឡាករ​​បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​រហូត​ក្លាយ​ជា​កីឡាករ​បង្គោល និង​វីរបុរស​មួយ​រូប​របស់​ក្លឹប ក៏​ដូច​ជា​ពិភព​បាល់ទាត់​ទាំង​មូល​ផង​ដែរ។

គិត​មក​ទល់​ពេល​នេះ កីឡាករ​អាហ្សង់ទីន​ស៊ុត​ចូល​សរុប ៥៥២ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៦៣៧លើក​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី