E-Sports ​កម្ពុជា​​ទៅ​ប្រកួត​ជម្រុះ​​នៅ​វៀតណាម​ដើម្បី​រក​កៅអី​ Asian Games

  • 2018-05-31 07:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (E-Sports)​ នឹង​បញ្ជូន​​ក្រុម​កីឡា​អេឡិចត្រូនិក​របស់​ខ្លួន​លើ​វិញ្ញាសា​ League of Legends ​​ទៅ​​ប្រកួត​ជម្រុះ​នៅ​ប្រទេស​វៀតណាម​ដើម្បី​ស្វែង​រក​កៅអី​​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​​នា​ពេល​ខាង​មុខ​នេះ។

លោក លន់​ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​ដឹក​នាំ​កីឡាករ​ប្រជុំ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នឹង​បញ្ជូន​ក្រុម​កីឡាករ​ League of Legends មួយ​ក្រុម​ដែល​មាន​សមាជិក​៦​នាក់​ និង​ថ្នាក់​ដឹក​នាំ​ម្នាក់​ចូល​រួម​ប្រកួត​​វគ្គ​ជម្រុះ​នៅ​ប្រទេស​វៀតណាម។ ការ​ប្រកួត​ជម្រុះ​នៅ​ប្រទេស​វៀតណាម​នេះ​ដើម្បី​ស្វែង​រក​កៅអី​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​ទ្វីប​អាស៊ី​គឺ​ Asian Games ឆ្នាំ​២០១៨​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ និង​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ទ្វីប​​នៅ​ឥណ្ឌូណេស៊ី​​បាន​សម្រេច​ដាក់​ប្រភេទ​កីឡា​អេឡិចត្រូនិក ឬ​ E-Sports ជា​កីឡា​ចូល​រួម​ប្រកួត​សម្តែង​ផ្លូវ​ការ។ នេះ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ដែល​កីឡា​អេឡិចត្រូនិក​សម័យ​ទំនើប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​ធំ​បំផុត​ដែល​មាន​៤​ឆ្នាំ​ម្តង។ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​​បាន​ប្រកាស​ថា កីឡា E-Sports នឹង​មាន​៦​វិញ្ញាសា​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​សម្តែង។

វា​ជា​​ការ​ចូល​រួម​ប្រកួត​សម្តែង​ដែល​មិន​ជា​​ប្រភេទ​កីឡា​ដណ្តើម​យក​មេដាយ​ឡើយ។ យ៉ាង​ណា​ កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០២២​​ដែល​ចិន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​បាន​ប្រកាស​ថា កីឡា​ E-Sports នឹង​ក្លាយ​ជា​កីឡា​ពិត​ប្រាកដ​ដែល​ប្រកួត​ដណ្តើម​មេដាយ​ដូច​កីឡា​ផ្សេង​ៗ​ទៀត​ដែរ។

វិញ្ញាសា​ទាំង​៦​ដែល​ត្រូវ​ប្រកួត​​បង្ហាញ

គណៈប្រតិភូ​ និង​ក្រុម​កីឡា​ E-Sports កម្ពុជា​នឹង​ចេញ​ដំណើរ​តាម​ជើង​យន្តហោះ​​នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ខាង​មុខ​នេះ​ និង​គ្រោង​ត្រឡប់​មក​វិញ​នា​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៨។ ប្រសិន​បើ​កម្ពុជា​​ទទួល​បាន​កៅអី​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​​ នឹង​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ម្ចាស់​ផ្ទះ​ពី​ថ្ងៃ​​ទី​១៨​ ខែ​សីហា​ ដល់​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៨៕

សកម្មភាព​ប្រជុំដែល​លោក លន់ សាមឌី ជាអធិបតី

អត្ថបទ៖ ជាន ចាន់រ៉ា