ច្រៀងយូរ​ហើយ ទើប​ មាស សុខសោភា ទម្លាយ​ចង់​សម្តែង​ជា​តួ​អង្គមួយ​ខ្លាំង​បំផុត

  • 2018-06-01 02:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​មាន​ឱកាស​សម្ដែង​ភាព​យន្ត​ តារា​ចម្រៀង​ មាស​ សុខ​សោ​ភា​ ប្រាប់​ថា ​ចង់​សម្ដែង​ជា​តួ​អង្គ​កំប្លែង​លេង​សើច អ្នក​ទស្សនា​មើល​ហើយ​សើច​សប្បាយ​ចិត្ត​តែ​ម្ដង។

​​មូល​ហេតុ​នេះ​ ក៏​ព្រោះ​ម្ចាស់​បទ​ "មេឃ​កំពុង​ភ្លៀង​ហើយ​" គិត​ថា​ ត្រូវ​នឹង​អត្តចរិត​ផ្ទាល់​របស់​អ្នក​នាង ជា​មនុស្ស​ចូលចិត្ត​លេង​សើច និង​ចង់​ឲ្យ​មនុស្ស​ជុំវិញ​រីក​រាយ​។ តារា​ចម្រៀងរូប​នេះ​ប្រាប់​ថា ​បើ​ឲ្យ​ទៅ​សម្ដែង​ជា​តួ​កម្សត់ គឺ​ទៅ​មិន​រួច​ទេ ព្រោះ​អ្នក​នាង​មិន​ពូកែ​យំ។

កន្លងមក តារា​ចម្រៀង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ធ្លាប់​បាន​ប្រកាស​ថា ចង់​ងាក​មក​បន្ថែម​បទ​ពិសោធន៍​​​សម្ដែង​ភាព​យន្ត​ម្ដង បន្ទាប់​ពី​ចំណាយ​ពេល​យូរឆ្នាំ​​​លើ​វិស័យ​ចម្រៀង​​។ មាន​ផលិត​ករ​ជា​ច្រើន​បាន​ទាក់​ទង​មក​តារា​កើត​ឆ្នាំ​ ១៩៨៤ បន្ត​បន្ទាប់ តែ​អ្នក​នាង មាស សុខ​សោភា​ មិន​ទាន់​យល់​ព្រម​ទទួល​សំណើ​ថត​​រឿង​នៅ​ឡើយ​នោះ​ទេ ដោយ​សម្អាង​លើ​ហេតុ​ផល​មិន​ទាន់​មាន​ពេល​គ្រប់​គ្រាន់។ សូម្បី​​ការ​កំណត់​ពេល​ជាក់​លាក់​ណា​មួយ​ដើម្បី​ថត​ ក៏​​តារា​ចម្រៀង​គ្មាន​កុង​ត្រា​នៅ​ផលិត​កម្ម​ថោន​​​មិន​ទាន់​អាច​កំណត់​បាន​ដែរ។

​ថ្មីៗ​នេះ​ គេ​សង្កេត​ឃើញ​តារា​ចម្រៀង​ល្បី​ៗជា​ច្រើន ​បាន​ងាក​មក​ចាប់​អាជីព​សម្ដែង បន្ថែម​លើ​មុខ​របរ​ចម្រៀង​របស់​ខ្លួន​ ដើម្បី​បំពេញ​ចំណី​ចក្ខុ​ប្លែក​មួយ​សម្រាប់​អ្នក​គាំ​ទ្រ ក្នុង​នោះ​ដូចជា អ្នក​នាង សុគន្ធ និសា លោក ឆន សុវណ្ណ​រាជ អ្នក​នាង​ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក Step ​រួម​ទាំង​តារា​ចម្រៀង​ជា​ច្រើន​ទៀត៕​​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី