Revenge Team ឈ្នះ​ជើង​ឯក​ LOL តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​សិង្ហបុរី​

  • 2018-06-03 13:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​លើ​វិញ្ញាសា​ League Of Legends ​​បាន​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំងហើយ​ដែល​ត្រូវ​បាន​បញ្ចប់​ការ​ប្រកួត​ល្ងាច​មិញ​នេះ​​ក្រោម​អធិបតីភាព​របស់ឯកឧត្តម ជា ច័ន្ទបរិបូណ៍ អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា។

ឯកឧត្តម ជា ច័ន្ទបរិបូណ៌ ប្រគល់​រង្វានើ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​​បាន​បញ្ចប់​ការ​ប្រកួត​ជម្រុះ​​ស្វែង​រក​ក្រុម​ខ្លាំង​នៅ​កម្ពុជា​​ដោយ​ជោគជ័យ។ ​ក្រុម​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំនួន​២៣​ក្រុម​ដែល​ធ្វើ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​២៦ និង​២៧​ ខែ​ឧសភា​ដើម្បី​​យក​​៨​ក្រុម​មក​ប្រកួត​នៅ​ថ្ងៃ​ទី​២ និង​ទី​៣​ ខែ​មិថុនា ឆ្នាំ​២០១៨។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ ក្រុម​ខ្លាំង​ Revenge Team ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Team Spirit ដោយ​លទ្ធផល​ ២-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។​ ក្រុម​នេះ​នឹង​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​អន្តរជាតិ​​ធំ​លើក​ដំបូង​ប្រចាំ​អាស៊ាន​នៅ​​សិង្ហបុរី​។ ការ​ប្រកួត​​នៅ​សិង្ហបុរី​មាន​១០​ក្រុម​ដែល​សុទ្ធ​តែ​ខ្លាំង​​ៗ​តំណាង​ឲ្យ​ប្រទេស​១០​នៅ​អាស៊ាន​ចូល​រួម​ប្រកួត​គឺ​​ម្ចាស់​ផ្ទះ​សិង្ហបុរី​ កម្ពុជា​​ ថៃ​ វៀតណាម​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ ឡាវ​ មីយ៉ាន់ម៉ា​ និង​ប្រ៊ុយណេ។

ព្រឹត្តិការណ៍​ Hyperplay ដែល​រៀប​ចំ​​នៅ​ប្រទេស​សិង្ហបុរី​​ ក្រុម​ជើង​ឯក​ទទួល​បាន​​​រង្វាន់​​​កុំព្យូទ័រ​ម៉ាក​ Razer Blade HD 256GB​ ចំនួន​ ៦​​គ្រឿង​ ដែល​មាន​ម៉ៅ​ ក្តារ​ចុច និង​​កាស​ពាក់​ត្រចៀក​។ កុំព្យូទ័រ​១​គ្រឿង​​ៗ​តម្លៃ​២០០០​ដុល្លារ​ ដូច្នេះ​៦​គ្រឿង​តម្លៃ​សរុប​​១២០០០​ដុល្លារ​អាមេរិក។ ក្រុម​ទាំង​១០​​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​លំដាប់​ពិភព​លោក​ជា​ច្រើន​នៅ​ប្រទេស​សិង្ហបុរី​។ ព្រឹត្តិការណ៍​ LOL E-Sports ​នេះ​នឹង​មាន​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​​ដែល​​មាន​តារា​ចម្រៀង​ និង​ឌីជេ​លំដាប់​ពិភព​លោក​ចូល​រួម​សម្តែង​​ជា​ច្រើន​លើក​ទៀត​ផង។

ព្រឹត្តិការណ៍​ Hyperplay ​ជា​មហោស្រព​តន្ត្រី​ និង​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​លើក​ដំបូង​នៅ​តំបន់​អាស៊ាន​​ដែល​នឹង​រៀប​ចំ​​ថ្ងៃ​ទី​៤-៥ ខែ​សីហា​ ឆ្នាំ​២០១៨​នៅ​កីឡដ្ឋាន​ Indoor Stadium ដែល​ជា​ផ្នែក​មួយ​​​របស់​ប្រទេស​សិង្ហបុរី​​ក្នុង​នាម​​ជា​​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ។ តាម​រយៈ​កម្មវិធី Hyperplay យុវជន​នៅ​ក្នុង​តំបន់​នឹង​​បាន​ជួបជុំ​គ្នា​​ដើម្បី​គោល​បំណង​រួម​គ្នា ប្រកួត​ជា​មួយ​គ្នា ស្វែង​យល់​ពី​គ្នា​ និង​កសាង​សហគមន៍​អាស៊ាន​តែ​មួយ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា។

បើ​ចាប់​អារម្មណ៍​ លោក​អ្នក​អាច​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ក៏​បាន ចូល​មើល​វិបសាយ​ Hyperplay ឬ​តាម​រយៈ​​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក៏​បាន៕

អត្ថបទ៖ ជាន ចាន់រ៉ា