គជ់ខ្យងទឹកសាបធំបំផុតលើលោក រហស្សនាម «តោដេក» លក់បានតម្លៃកប់ក្តោង

  • 2018-06-01 07:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គជ់​ខ្យង​ទឹកសាប​ទំហំ​ធំ​បំផុត​លើ​ពិភពលោក ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​អធិរាជ​រុស្ស៊ី Catherine the Great ត្រូវ​បាន​គេ​ដាក់​លក់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ខែ​ឧសភា ឆ្នាំ២០១៨ នៅ​ប្រទេស​ហូឡង់ ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៣២ម៉ឺនអឺរ៉ូ ឬ​ប្រហែល ៣៧ ម៉ឺន​ដុល្លារ។

គជ់​ខ្យង​ទឹក​សាប​ដ៏​ធំ​នេះ​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា «តោ​ដេក» (Sleeping Lion) ដោយសារ​តែ​រូបរាង​របស់​វា ដែល​ត្រូវ​បាន​គេ​រក​ឃើញ កាល​ពី​ពាក់​កណ្ដាល​សតវត្ស​ទី១៨ នៅ​ក្នុង​ដែន​ទឹក​ចិន គឺ ទន្លេ Pearl River។

បើ​តាម​កន្លែង​ដាក់​លក់​ដេញ​ថ្លៃ បាន​ឲ្យ​ដឹង​ថា វា​មាន​ទម្ងន់ ១២០ក្រាម និង​ប្រហែល​ជិត ៧សង់ទីម៉ែត្រ។ គជ់​ខ្យល់​នេះ​ត្រូវ​បាន​ឈ្មួញ​ជប៉ុន​ម្នាក់ ទិញ​ក្នុង​តម្លៃ ៣២​ម៉ឺន​អឺរ៉ូ ហើយ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា អាច​លក់​បាន​ពី ៣៤ម៉ឺនអឺរ៉ូ ដល់ ៥៤ម៉ឺនអឺរ៉ូ។

កាល​ពី​អំឡុង​ឆ្នាំ១៧៦៥ គជ់​ខ្យង​តោ​ដេក ត្រូវ​បាន​ដឹក​ទៅ​កាន់ ទីក្រុង Batavia ដែល​បច្ចុប្បន្ន​គឺ ទីក្រុង Jakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ឈ្មួញ​ជនជាតិ​ហូឡង់ របស់​ក្រុមហ៊ុន United East Indies Company។ បន្ទាប់មក វា​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​បុគ្គលិក​ផ្នែក​គណនេយ្យ ឈ្មោះ Hendrik Coenraad Sander។

ក្រោយពេល Sander បាន​ស្លាប់ វា​ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ក្នុង​ទីក្រុង Amsterdam ក្នុង​ឆ្នាំ១៧៧៨ ហើយ​ត្រូវ​អធិរាជ​រុស្ស៊ី Catherine the Great ទិញ​យក​តែម្ដង។ អធិរាជ​ខាង​លើ​បាន​យក​វា​ទៅ​ដាក់​តាំង​នៅ​ឯ​សារមន្ទីរ Hermitage ក្នុង​ទីក្រុង Saint Petersburg រហូត​ដល់​ឆ្នាំ១៧៩៦៕

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង