ដឹងការពិតហើយ រឿងគេថា គម្រោងសង់ព្រលានយន្តហោះ នៅខេត្តកណ្ដាលត្រូវលុបចោល

  • 2018-06-04 08:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះផ្សាយ​ថា គម្រោង​​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​តម្លៃ ១៥០០​លាន​ដុល្លារ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ ត្រូវ​បាន​លុបចោល​ហើយ ដោយ​សារ​មាន​កត្តា​មួយ​ចំនួន។

គម្រោងសង់ព្រលានយន្តហោះនៅខេត្តកណ្ដាល

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្ដម កែវ ស៊ីវន អគ្គនាយក​បច្ចេកទេស​នៃ​អាកាសចរណ៍​កម្ពុជា បាន​ប្រាប់​ Sabay ថា ពុំ​មាន​ការ​លុប​ចោល​គម្រោង​ដូចដែល​ព័ត៌មាន​បាន​ចេញ​ផ្សាយ​នោះ​ទេ។ ឯក​ឧត្ដម បន្ត​ថា លោក​ដូចជា​មិន​បាន​ឮ​ដំណឹង​ណា​មួយ​ថា​ត្រូវ​លុប​ចោល​គម្រោង​សាងសង់​ឡើយ តែ​ផ្ទុយ​មក​វិញ​គឺ​ទទួល​តែ​ដំណឹង​ថា កំពុង​បន្ត​គម្រោង​ទៅ​មុខ​ទៀត។

«ទេ..ខ្ញុំ​ដូចជា​មិន​ឮ​ដំណឹង​ណា​មួយ​ថា ត្រូវ​លុប​ចោល​ផង មាន​តែ​គម្រោង​បន្ត​ទៅ​មុខ​ទៀត» នេះ​ជា​ប្រសាសន៍​របស់ អគ្គនាយក​បច្ចេកទេស​នៃ​អាកាសចរណ៍​កម្ពុជា។

តាម​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​ឯកឧត្ដម កែវ ស៊ីវន ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ OCIC ដែល​ជា​អ្នក​វិនិយោគ​លើ​គម្រោង​មួយ​នេះ កំពុង​តែ​សិក្សា​ទៅ​លើ​ការសាងសង់។ លោក​ថា ការ​សង់​ព្រលាន​យន្ត​ខ្នាត​អន្តរជាតិ​មួយ​មាន​តម្លៃ​រាប់​លាន​ដុល្លារ មិន​មែន​គ្រាន់​តែ​ចុះ​ហត្ថលេខា​ហើយ អាច​សង់​ភ្លាម​នោះ​ទេ។ ក្នុង​នោះ​ត្រូវ​សិក្សា​បញ្ហា​ជា​ច្រើន​ដូចជា៖ ផល​ប៉ះពាល់​ទាក់ទង​នឹង​បរិស្ថាន ​ការ​ដោះ​ស្រាយ​លើ​បញ្ហា​ដីធ្លី ប្លង់ បច្ចេកទេស។ល។ បន្ថែម​លើ​ពី​នេះ គឺ​ត្រូវ​ជួល​អ្នក​ប្រឹក្សា​មក​ពី​ក្រៅ​ប្រទេស ដើម្បី​សិក្សា​កាន់​តែ​លម្អិត​ថែម​ទៀត។

រូបតំណាង

ការ​សិក្សា​ត្រូវ​ធ្វើ​តាម​ជំហាន​ៗ អាច​ត្រូវ​ប្រើ​រយៈ​ពេល​យូរ។ យ៉ាង​ណា​ក្ដី ឯកឧត្ដម កែវ ស៊ីវន មិន​អាច​បញ្ជាក់​បាន​ទេ​ថា នឹង​ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន​លើ​ការ​សិក្សា​នេះ។ បច្ចុប្បន្ន​ប្លង់​ទាំង​មូល​មាន​នៅ​លើ​ក្រដាស​ហើយ តែ​មិន​ទាន់​បាន​កំណត់​ថា​បែប​ណា​នៅ​ឡើយ​ទេ។ បន្ទាប់​ពី​ធ្វើ​ការ​សិក្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំង​អស់​នោះ​រួច​រាល់​ហើយ គឺ​ត្រូវ​បញ្ជូន​បន្ត​ទៅ​ដល់​រាជរដ្ឋាភិបាល​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​ឯកភាព​ទាំង​ស្រុង ទើប​អាច​ឈាន​ទៅ​ដល់​ការ​សាងសង់​បាន។

សូម​ជម្រាប​ជូន​ថា គម្រោង​សាងសង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​តម្លៃ ១៥០០​លាន​ដុល្លារ លើ​ផ្ទៃដី​ ២ ៦០០​ហិកតា នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​ប្រកាស​គម្រោង​កាល​ពី​ដើម​ឆ្នាំ​២០១៨​កន្លង​ទៅ។ ក្រោយ​ការ​ប្រកាស​គម្រោង​ហើយ ធ្វើ​ឲ្យ​ឈ្មួញ​រកស៊ី​ផ្នែក​ដី​ធ្លី មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង និង​សម្រុក​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ រហូត​ប្រែក្លាយ​ដី​ដែល​ធ្លាប់​តែ​ពុំ​មាន​ទីផ្សារ ស្រាប់​តែ​ត្រូវ​ប៉ាន់​មួយ​រំពេច។ យ៉ាង​ណា​ក្ដី​មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ការសាងសង់ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រមាញ់​ដី​ទាំង​នោះ ហាក់​ខក​ចិត្ត​បន្តិច៕ ​

អត្ថបទ៖ វឌ្ឍនៈ