Sane ចេញ​មតិ​ជា​សាធារណៈ​លើក​ដំបូង​ ក្រោយ​ត្រូវ​បាន​ផាត់ចេញ​ពី​ក្រុម​ជម្រើស​ជាតិ

  • 2018-06-05 12:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មិន​បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ២៣ រូប​ដែល​នឹង​ត្រូវ​លេង​ World Cup នៅ​រុស្ស៊ី​ខាង​មុខ ខ្សែ​ស្លាប Leroy Sane ត្រូវ​បាន​សង្កេត​ឃើញ​ថា​មិន​បាន​មាន​ការ​​ប្រតិកម្ម​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​បាន​​បញ្ចេញ​មតិ​របស់​ខ្លួន​នៅ​ក្រោម​រូប​ថត​មួយ​បង្ហោះ​ដោយ​មិត្ត​រួម​ក្រុម Kyle Walker។

កាល​ពី​ល្ងាច​ម្សិលមិញ ខ្សែ​ការពារ​ស្លាប Manchester City កីឡាករ Kyle Walker បាន​បង្ហោះ​រូប​ថត​មួយ​ក្នុង Instagram ដោយ​បាន​សរសេរ​ថា៖ "នៅ​ពេល​ដែល​អ្នក​ដឹង​ថា Leroy Sane នឹង​មិន​បាន​ចូល​រួម ក្នុង World Cup"។ ខ្សែ​ការពារ​អង់គ្លេស​ទំនង​សំដៅ​ទៅ​លើ ការ​សម្រេច​ចិត្ត​របស់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាល្លឺម៉ង់ Joachim Low ក្នុង​ការ​កាត់​ឈ្មោះ Sane ពី​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៣ រូប​ដែល​នឹង​ត្រូវ​ទៅ​រុស្ស៊ី​ដើម្បី​ទៅ​លេង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​មួយ​នេះ។

មួយ​សន្ទុះ​ធំ​ក្រោយ​មក ខ្សែ​ស្លាប​ Sane បាន​ចូល​ទៅ​បញ្ចេញ​យោបល់​បែប​កំប្លែង​ខាង​ក្រោម​រូប​ភាព​នោះ ដោយ​បាន​និយាយ​ថា Walker “សំណាង​" ហើយ​ដែល​មិន​បាន​លេង​ប៉ះ​ខ្លួន។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ ខ្សែ​ស្លាប​វ័យ​ក្មេង Sane ត្រូវ​បាន​ប្រកាស​ថា​មិន​បាន​ទៅ​លេង​ World Cup ខាង​មុខ​ឡើយ ដោយ​មិន​បាន​ជាប់​ក្នុង​ឈ្មោះ​បញ្ជី​កីឡាករ​ទាំង ២៣ រូប​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។ បើ​តាម​គ្រូ​បង្វឹក Low ថ្លែង​កាល​ពី​ម្សិល​មិញ លោក​បាន​ហៅ​ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា "ការ​សម្រេច​ចិត្ត​ដ៏​សែន​ប្រកៀក​ប្រកិត" ដោយ​លោក​បាន​ជ្រើស​យក​ខ្សែ​ស្លាប Julian Brandt របស់ Bayer Leverkusen ជា​ជាង​កីឡាករ​ឡើង​ជើង Manchester City។ លោក Low មិន​បាន​បញ្ជាក់​ឡើយ​ពី​មូល​ហេតុ​នៃ​ការ​ជ្រើស​បែប​នេះ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន បាន​លើក​ឡើង​ថា Brandt មាន​"ទម្រង់​លេង​បែប​ការពារ" ជាង Sane ។

នា​ពេល​អម្បាញ់មិញ​នេះ កីឡាករ Sane បាន​បង្ហោះ​សារ​ក្នុង Instagram របស់​ខ្លួន ដើម្បី​អរគុណ​អ្នក​គាំទ្រ​ចំពោះ​ការ​ផ្ដល់​កម្លាំង​ចិត្ត។ ក្នុង​សារ​ដដែល​ ខ្សែ​ស្លាប​វ័យ ២២ ឆ្នាំ ក៏​បាន​សម្ដែង​ "ការ​អាក់អន់​ស្រពន់​ចិត្ត" ដែល​មិន​បាន​ចូល​លេង World Cup លើក​នេះ ប៉ុន្តែ​បាន​សន្យា​ថា​នឹង​ "ខំ​ប្រឹង​ប្រែង​បន្ត" ដើម្បី​អាច​ត្រលប់​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​នា​ពេល​ខាង​មុខ។ កីឡាករ​អាល្លឺម៉ង់​ក៏​បាន​ជូន​ពរ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ឲ្យ​មាន​សំណាង​ល្អ​ក្នុង​កម្មវិធី​ប្រកួត​ដ៏​ធំ​ខាង​មុខ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី