ក្រោយនាយករដ្ឋមន្ត្រីអេស្ប៉ាញថ្លែងសុន្ទរកថាចប់ កីឡាករទះដៃគ្រប់គ្នា អត់តែ De Gea មួយ
- 2018-06-06 12:19:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយនាយករដ្ឋមន្ត្រីអេស្ប៉ាញថ្លែងសុន្ទរកថាចប់ កីឡាករទះដៃគ្រប់គ្នា អត់តែ De Gea មួយ
ចន្លោះមិនឃើញ
អ្នកចាំទី David De Gea ត្រូវបានប្រទះឃើញថាជាកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញតែមួយរូបគត់ ដែលមិនបានទះដៃអបអរ ក្រោយនាយករដ្ឋមន្ត្រីថ្មី លោក Pedro Sanchez ថ្លែងសុន្ទរកថាជួនពរចប់។
ក្នុងថ្ងៃនេះ នាយករដ្ឋមន្ត្រីថ្មីអេស្ប៉ាញ លោក Pedro Sanchez បានទៅសួរសុខទុក្ខក្រុមជម្រើសជាតិ ដែលប្រុងប្រៀបខ្លួនទៅលេង World Cup នៅរុស្ស៊ីនាប៉ុន្មានថ្ងៃខាងមុខ។ ក្នុងឱកាសនេះដែរ លោក Sanchez ក៏បានថ្លែងសុន្ទរកថាខ្លីដើម្បីជូនពរក្រុមឲ្យមានសំណាងល្អ និងជោគជ័យក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំលើកនេះ។
យ៉ាងនេះក្ដី ក្រោយលោកថ្លែងសុន្ទរកថាចប់ កីឡាករក្រុមជម្រើសជាតិអេស្ប៉ាញទាំងអស់ ត្រូវបានប្រទះឃើញថាទះដៃអបអរ លើកលែងតែអ្នកចាំទីក្លឹបបិសាចក្រហម De Gea មួយ។ បន្ថែមពីលើនេះ ក្នុងអំឡុងពេលដែលនាយករដ្ឋមន្ត្រីមកសួរសុខទុក្ខ កីឡាករអេស្ប៉ាញរូបនេះ ត្រូវបានប្រទះឃើញថាមានមុខមាំ ហាក់មិនសប្បាយចិត្តនឹងវត្តមានរបស់ប្រមុខរដ្ឋាភិបាលរបស់ប្រទេសខ្លួន។
រហូតមកទល់ពេលនេះ សាមីខ្លួនផ្ទាល់មិនទាន់បានបកស្រាយថាមូលហេតុអ្វីដែលនាំឲ្យខ្លួនបញ្ចេញឥរិយាបថបែបនេះឡើយ ប៉ុន្តែបើតាមការចុះផ្សាយដោយសារព័ត៌មានអេស្ប៉ាញល្បីៗជាច្រើន បានឲ្យដឹងថា De Gea ទំនងជា "ចង់សងសឹក" នឹងលោកនាយករដ្ឋមន្ត្រី Sanchez ដែលបាននិយាយរិះគន់ខ្លួនកាលពី ២ ឆ្នាំមុន។
កាលពីឆ្នាំ ២០១៦ ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួត Euro មានការបែកធ្លាយរឿងអាស្រូវ De Gea ត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹង "ការប្រើប្រាស់អំពើហិង្សាផ្លូវភេទ លើស្ត្រីរកស៊ីផ្លូវភេទមិនទាន់គ្រប់អាយុ" នៅឆ្នាំ ២០១២។ ក្រោយបែករឿងនេះ លោក Pedro Sanchez ដែលកាលនោះនៅជាប្រមុខបក្សប្រឆាំងនៅឡើយ លោកបាននិយាយថា៖ "ខ្ញុំមិនពេញចិត្ត De Gea ធ្វើជាអ្នកចាំទីជម្រើសជាតិយើងឡើយ"។
ចំពោះការចោទប្រកាន់នេះ ត្រូវបាន De Gea បដិសេធច្រានចោលជារឿយៗ។ បន្ថែមពីលើនេះ បន្ទាប់ពីមានការស៊ើបអង្កេតក្រោយៗមក ក៏បានបញ្ជាក់ថា មិនមានភស្តុតាងច្បាស់លាស់មួយណា អាចយកធ្វើជាការដាក់បន្ទុកកីឡាករអេស្ប៉ាញក្នុងបទចោទនេះផងដែរ។
យ៉ាងនេះក្ដី ក្នុងថ្ងៃនេះដែរ ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales បានទាត់ចោលព័ត៌មាន De Gea មិនទះដៃដោយសារចង់សងសឹកលោក Sanchez។ លោក Rubiales បានបង្ហើបថា លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានរួសរាយរាក់ទាក់ណាស់ដាក់ De Gea ហើយថែមទាំងបង្ហាញពីអារម្មណ៍រីករាយរបស់លោកនៅពេលឮដំណឹងថាកីឡាករចាំទីរូបនេះមិនមានការជាប់ពាក់ព័ន្ធដូចការចោទ។
សូមបញ្ជាក់ផងដែរថា លោក Pedro Sanchez ទើបឡើងជានាយករដ្ឋមន្ត្រីអេស្ប៉ាញជំនួស លោក Mariano Rajoy កាលពីពេលថ្មីៗនេះ៕