ខ្មែរជំនាន់​ដើម​តែងពោលពាក្យ​មួយឃ្លាសឹងតែដូចៗគ្នា​ ទៅ​កាន់ព្រះ​សង្ឃពេល​យក​កូនទៅ​ឲ្យ​បួសរៀន​

  • 2018-06-08 08:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តអារាម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សារ​វប្បធម៌ អក្សរសាស្រ្តជាតិ និង​ផ្តល់​ចំណេះ​ដឹង​ដល់​ប្រ​ជា​ពល​រដ្ឋខ្មែរ​ក្នុង​ពេល​ដែល​សាលារៀន​មិន​ទាន់មាន​ច្រើន​ដូច​សព្វថ្ងៃ។ សម្រាប់​កូន​ចៅ​អ្នក​ស្រុកដែល​យកទៅ​ឲ្យបួស​រៀន​នៅតាម​ទីវត្ត​អារាម​វិញ​ម្តាយឪពុក​ តែង​ផ្តាំព្រះគ្រូចៅអធិការ​ឲ្យ​ «ទុក​តែភ្នែក​ នឹង​ឆ្អឹង»។

(ពុទ្ធបរិស័ទ​កំពុង​សំពះព្រះសង្ឃ​ក្រោយ​ដាក់​ដាក់បាត្ររួច​)

​លោក​ ង៉ែត ចាន់ ដែល​បាន​បួស​រៀន​តាំង​ពី​វ័យ​១២​ឆ្នាំ មុនពេល​ដែល​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​អាណាព្យា​បាល​បារាំង​​លើកឡើងថា​ទីវត្តអារាម​នាពេល​នោះជាកន្លែង​ផ្តល់​នូវចំណេះដឹង​ដល់​កូនចៅ​ខ្មែរ​។ លោក​ឲ្យ​ដឹងថា​លោក​បាន​បួស​នៅ​ដើម​ទស្សវត្ស​ឆ្នាំ១៩៥០ និង​លាចាក​សិក្ខាបទ​មុន​ពេល​មាន​រដ្ឋ​ប្រ​ហារទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខ​រដ្ឋ​ឆ្នាំ១៩៧០។

ក្នុង​រយៈពេល​ជិត​២០​ឆ្នាំនៃ​ការ​បួស​រៀន លោក​ថាព្រះសង្ឃបានប្រកាន់នូវ​វិន័យ​យ៉ាង​តឹង​រឹង​បំផុត ហើយ​ថា​ព្រះសង្ឃ​ត្រូវ​ខិតខំរៀន​សូត្រ​ទាំងអក្សរសាស្រ្ត និង​ធម៌វិន័យ។ លោក​បញ្ជាក់ថា​ព្រះ​សង្ឃ​ឬ​កូន​សិស្សណា​ខ្ជិល​រៀនសូត្រ​នឹង​ត្រូវ​រំពាត់​ផ្តៅ​របស់​ព្រះគ្រូ​ចៅ​អធិការ​មិន​ខាន។​

(ស្លឹករិត​ច្បាប់​ចុងក្រោយ​របស់​លោក ង៉ែត ចាន់)

លោក​អះអាង​ថា​ដោយសារ​តែ​ចង់​ឲ្យ​កូនចៅ​មានចំណេះដឹង​ ស្រប​ពេល​ដែល​សម័យ​កាលនោះ​ប្រ​ជា​ពល​រដ្ឋ​បាន​ឲ្យ​តម្លៃខ្ពស់​លើ​អ្នកបាន​បួស​រៀន ទើប​ឪពុក​ម្តាយ ដែល​យក​កូន​ចៅ​ទៅផ្ញើ​នឹង​ព្រះ​សង្ឃតែ​ពោល​ពាក្យ​ទៅ​កាន់ព្រះសង្ឃថា «សូមទុក​តែភ្នែក និង​ឆ្អឹង»។​

បុរសវ័យ​ជាង​៨០​ឆ្នាំដដែល​បន្តថា​៖ «ជំនាន់​ហ្នឹ​ងគ្រួសារណាមាន​កូន​(ប្រុស)បាន​បួសរៀន ចេះដឹង មហាជន​ឲ្យ​តម្លៃ ហើយ​មាន​គេ​លើកកូនក្រមុំ​ឲ្យ​ផង​ក៏មាន​ដែរ...ការរៀន​ធម៌ បាលី ផ្សេងៗ​ត្រូវទន្ទេញរាប់​សិប​ដង បើ​មិន​ចេះ​ដឹងតែ​ផ្តៅ​ឡើង​ខ្នង​ហើយ...​គ្រូ​តែង​តែឲ្យ​កូន​សិស្ស​ទាំង​អស់​សំពះ​ក្តាឈ្នួន​មុន​និង​ក្រោយ​ពេល​ដែល​សសេរ​អក្សរ​ឬលេខ​ប្រយោជន៍​ឲ្យ​កូន​សិស្ស​ទាំង​អស់​ចេះ​ការ​គោរព​និង​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង​ »។

លោក​ ង៉ែត ចាន់​ ឲ្យ​ដឹងទៀតថា​ការសិក្សា​សម័យ​នោះ​ពឹង​ច្រើន​លើ​គម្ពី​ស្លឹក​រិត ដែល​បាន​ចងក្រង និង​ចារបន្ត​ពីមួយជំនាន់​ទៅ​មួយជំនាន់។ ​ក្រៅពី​រៀនសូត្រ​ពីអ្វីដែល​មាន​លើ​សាស្រ្តាទាំងនេះ លោក​ថា​ព្រះសង្ឃក៏មាន​តួនាទី​រក្សារ ចារបន្ត​អត្ថបទផ្សេងៗលើ​ស្លឹក​រិត​នេះផងដែរ។

លោក​អះអាងថា៖ «គម្ពី​ស្លឹករិត​នេះ​ហើយ​ដែល​ជា​បណ្ណាល័យ​ដ៏​ធំបំ​ផុតសម្រាប់​អ្នក​សិក្សា​តាម​វត្ត​អារាម​សម័យនោះ»។

លោក​រំឭក​ថា​កាលលោក​នៅ​បួស​រៀនលោក​បាន​ចារ​ច្បាប់ប្រុស ​ច្បាប់​ស្រី ​ក្បួនខ្នាត​ផ្សេងៗ​នៅលើ​ស្លឹក​រិតជា​ច្រើន​ច្បាប់ ហើយថា​រហូត​មក​ដល់ពេល​នេះ​លោក​នៅ​រក្សា​បាន​ចំនួន​មួយច្បាប់ ខណៈ​ច្បាប់​ផ្សេងទៀត​ដែល​លោកមាន​ត្រូវបាន​បំផ្លាញ​ដោយ​សង្គ្រាម។

លោក​បញ្ជាក់យ៉ាង​ដូចនេះ​ថា៖ « ខ្ញុំ​នៅ​តែ​រក្សា​ក្រាំង​ស្លឹក​រិត​នេះ​ជាប់​ខ្លួន​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​...ហើយ​ចង់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បន្ត​អភិរក្ស​ស្នាដៃ​បុព្វបុរស​ខ្មែរ​នេះ​បន្ត​ទៀត​ព្រោះ​ដោយសារ​តែ​ស្លឹករិត​នេះហើយ​ដែល​ធ្វើ​ឲ្យ​កូន​អ្នកស្រែ​សម័យ​នោះ​អាច​មាន​លទ្ធ​ភាព​រៀន​សូត្រ​បាន»៕

ចុចអាន៖

អត្ថបទ​ដោយ៖ ជិន វេន