មិន​មែន​លំៗ​ទេ! រក​ឃើញ​ជើង​ខ្លាំង​៥​ក្រុម ផ្នែក​​ធ្វើ​គំ​រូ​អាជីវកម្ម​ លើ​ផលិតផល​ឌីជីថល

  • 2018-06-11 08:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយពី​ធ្វើ​ឲ្យ​គណៈកម្មការ​វិនិច្ឆ័យ លើ​​ការ​បង្ហាញ​គំ​រូ​អាជីវកម្មគំនិតផលិតផល​ឌីជីថល និង​ការ​ធ្វើ​ការងារ​ជា​ក្រុម ​ក្នុង​ការ​ប្រកួតប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រ កម្មវិធី SmartStart: Young Innovator Program រដូវ​កាល​ទី​២​រួចមក ក្រុម​ចំនួន​៥​បាន​ឈ្នះ​ប្រាក់​ឧបត្ថម្ភ​ចំ​នួន ៤ពាន់​​ដុល្លារ និង​​មាន​ឱកាស​ចូលរួម​កម្មវិធី​បណ្ដុះ​បណ្ដាល​ផ្នែក​អាជីវកម្ម​ដែល​មាន​រយៈពេល​៦​ខែ ដើម្បី​ផ្លាស់​ប្តូរ​គំនិត​អាជីវកម្ម​របស់​ពួកគេ​អោយ​ក្លាយទៅជា​ការពិត​។

តាម​រយៈ​ការ​ផ្ដល់​ដំបូន្មាន​ពី​អ្នក​ជំនាញ និង​សិក្ខាសាលា​​ដ៏​ល្អិតល្អន់​ក្នុង​អំឡុង​វគ្គ Hackathon Challenge នៅ​ភ្នំពេញ​ និង​ការ​ប្រកួត​ដំណាក់កាល Technopreneurship Challenge ក្នុង​ខេត្ត​បាត់​ដំបង កាលពី​​ពេល​​កន្លង​មក ក្រុម​ចំនួន​៣០​មកពី​ជាង​១០​សាកល​វិទ្យា​ល័យ​ក្នុង​ប្រទេស ត្រូវ​បាន​ជម្រុះ​យក​ចំ​នួន​១៥​ក្រុម​។ ​ក្រុម​ទាំង​នោះ​បាន​បន្ត​ធ្វើ​ការ​បង្ហាញ​គំនិត​​អាជីវកម្ម​ផ្នែក​ឌីជីថល​របស់​ពួក​គេ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ នៅមុខ​ក្រុម​គណៈកម្មការ​វិនិច្ឆ័យ​ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សាន់វេ​ ដោយ​រក​ឃើញ​មាន​ជើង​ឆ្នើម​ចំនួន​៥​ក្រុម។

ជយលាភី​ទាំង​៥​ក្រុម ​នឹង​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដើម្បី​ប្រែ​​គំនិត​ទាំង​នោះ​ឲ្យ​​ក្លាយទៅជា​អាជីវកម្ម ឬ​ផលិតផល​ពិតៗ ដោយ​ពួក​គេ​នឹង​ទទួល​បាន​ឱកាស​ប្រើប្រាស់​ធន​ធាន ការ​ប្រឹក្សា​យោបល់ ការ​លើក​ទឹក​ចិត្ត និង​ការ​ធ្វើការ​រួមគ្នា​ជា​មួយ​​ការ​គាំទ្រ​ពី Impact Hub Phnom Penh និង​ក្រុមហ៊ុន Smart Axiata។

នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី​ប​ណ្ដុះ​បណ្ដាលរយៈ​ពេល​៦​ខែ ក្រុម​ដែល​​ខ្លាំង​ជាងគេ​នឹង​ទទួល​បាន​ដំណើរ​ទស្សនកិច្ច​​​​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូចជា Google, Microsoft, Facebook និង LinkedIn​ ក្នុង​ប្រទេស​សិង្ហ​បុរី​។

ក្រុម​ទាំង​៥​រួមមាន៖

១. ក្រុម Haystome៖ គឺជា​កម្ម​វិធី​ដែល​ភ្ជាប់​ភ្ញៀវ​ទេសចរ​ជា​មួយ​ និង​សិល្បករ​ក្នុងស្រុក ដើម្បី​ទទួល​បាន​បទពិសោធន៍​ទេសចរណ៍​ដ៏​កម្រ​។​

​២. ក្រុម Malis៖ គឺជា​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​កក់​ការ​ណាត់​ជួប​ជាមួយ​ហាង​កែ​សម្ផស្ស​។​

៣. ក្រុម Tos Rean៖ ជា​កម្មវិធី​ដែល​ផ្គូផ្គង​និស្សិត និង​គ្រូ​ប​ង្រៀន​។​

៤. ក្រុម Homex៖ ជា​កម្មវិធី​ទូរ​សព្ទ​ដែល​អាច​ភ្ជាប់​ជាង​ជួសជុល​រាល់​បញ្ហា​ដែល​មាន​ក្នុង​ផ្ទះ​ជាមួយ និង អតិ​ថិ​ជន​។​

៥. ក្រុម SomJot៖ ជា​កម្មវិធី​ទូរ​សព្ទ​ដែល​ជួយ​ធ្វើ​​ឲ្យ​ជីវិត​កាន់តែ​ងាយស្រួល​ សម្រាប់​​ម្ចាស់​យាន្ត​ជំនិះ និង​កន្លែង​ចត​ចល័ត​។

ឯកឧត្ដម​បណ្ឌិត ហង់ ជួនណា​រ៉ុន

ឯកឧត្ដម​បណ្ឌិត ហង់ ជួនណា​រ៉ុន រដ្ឋ​ម​ន្ត្រី​ក្រសួង​អប់រំ យុវ​ជន​និង​កីឡា និង​ឯកឧត្ដម​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋ​លេខាធិកា​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍ បាន​អបអរសាទរ​ដល់​អ្នកឈ្នះ ព្រម​ទាំង​​លើកទឹកចិត្ត​ដល់​យុវ​ជន​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី SmartStart នា​ពេល​អនាគត​។​

ក្រសួង​ទាំង​២បាន​ផ្ដល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំ​ពោះ​កម្មវិធី SmartStart ជា​មួយ​នឹង ការ​ខិត​ខំ​របស់​ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh ដែល​បាន​ចូលរួម​ធ្វើ​ឲ្យ​កម្មវិធី​នេះ រីកចម្រើន​ទៅមុខ។

លោក Zoe Ng នាយក​គ្រប់​គ្រង RainTree Cambodia បាន​មាន​ប្រសាសន៍​ថា​៖ "​ថ្ងៃ​នេះ​គណៈ​វិនិ​ច្ឆ័​យ​ទាំងអស់​ពិតជា​កោតសរសើរ យ៉ាង​ខ្លាំង​ចំពោះ​គុណភាព​នៃ​ការ​ធ្វើ​បទ​បង្ហាញ និង​ការប៉ុនប៉ង​របស់​សិស្សានុសិស្ស​ទាំង​នេះ ​ឲ្យ​​​ក្លាយទៅជា​គំរូ​អាជីវកម្ម​មួយ​។ ខ្ញុំ​សូម​ទទូច​ដល់​អ្នក​ដែល​ចូលរួម​ទាំងអស់ ឲ្យ​បន្ត​គំនិត​របស់​ពួកគេ និង​រួម​ចំ​ណែ​ក​ដល់​វិស័​យ​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ដែល​កំ​ពុង​តែ​រីកចម្រើន​​ខ្លាំង​ក្នុង​ប្រទេស"​។

លោក ថូ​ម៉ាស់ ហ៊ុន

ចំណែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស់ ហ៊ុន បាន​បន្ថែម​ថា៖​ “SmartStart គឺជា​កម្មវិធី​ដែល​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ ដែល​​ខ្ញុំ​តែងតែ​ទ​ន្ទឹ​ង​រង់ចាំ​ដោយសារ​កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​យុវជន​កម្ពុជា​វ័យក្មេង អាច​បង្ហាញ​គំនិត​ និង​ទេពកោសល្យ​ល្អៗ​របស់​ពួកគាត់​។ ក្រុម​ទាំង​១៥​នេះ គឺជា​មោទនភាព​របស់​ប្រទេស​កម្ពុជា​។ ខ្ញុំ​សូម​អបអរសាទរ​ដល់​ក្រុម​នីមួយៗ​សម្រាប់​ការ​ខិត​ខំ​ប្រឹងប្រែង​និង​ប្តេជ្ញា​ចិត្ត ​ក្នុង​​​ដំណាក់​ការ​ដំ​បូ​ង​ទាំង២"។

ឆ្នាំ​នេះ កម្មវិធី SmartStart ទទួល​បាន​ការ​គាំទ្រ តាម​រយៈ​ពី​ថវិកា​សំណង​ដែល​ក្រុមហ៊ុន Smart ទទួល​បាន​ពី​មូល​និធិ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ ​និង​អភិ​វ​ឌ្ឍ​ន៏​។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី និង​ក្រុមហ៊ុន Smart Axiata​៖ ​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក​របស់ Smart ឬ​ចូល​ទៅកាន់​គេហ​ទំព័រ www.smart.com.kh​

អត្ថបទ៖ សុខណា