Salah អាច​នឹង​អវត្តមាន​ក្នុង​ប្រកួត​ World Cup ពេល​ប៉ះ​អ៊ុយរុយហ្គាយ

  • 2018-06-12 13:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Mohamed Salah អាច​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ World Cup រវាង​អេហ្ស៊ីប និង​អ៊ុយរុយហ្គាយ​នៅ​ថ្ងៃ​ទី ១៥ មិថុនា​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ehab Lehita ប្រធាន​គ្រប់គ្រង​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប។

លោក Lehita បាន​និយាយ​ថា សហព័ន្ធ​រួម​ជាមួយ​ក្រុម​គ្រូពេទ្យ បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថាន​ភាព​របួស​របស់​ខ្សែ​ស្លាប Salah។ បើ​ទោះ​ជា​លោក​ទទួល​ស្គាល់​ថា ស្ថាន​ភាព​របួស​របស់​កីឡាករ​បាន​វិវត្តន៍​ទៅ​ជា​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គិត​ត្រឹម​ថ្ងៃ​នេះ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា កីឡាករ​អាច​នឹង​ចូល​លេង​ ១០០% ឬ​អត់​ក្នុង​ប្រកួត​ World Cup បើក​ឆាក​សម្រាប់​អេហ្ស៊ីប​ក្នុង​ការ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ខាង​ត្បូង​អ៊ុយរុយហ្គាយ។

ក្នុង​សម្ដី​លោក​ Lehita លោក​បាន​និយាយ៖ "របួស​របស់​គេ (Salah) បាន​វិវត្តន៍​ប្រសើរ​ឡើង​ជា​បណ្ដើរៗ​ហើយ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ថ្ងៃ​នេះ ខ្ញុំ​មិន​អាច​បញ្ជាក់​បានទេ​ថា គេ​នឹង​អាច​លេង​ក្នុង​ប្រកួត​ទី​មួយ World Cup សម្រាប់​អេហ្ស៊ីប​ឡើយ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា យើង​សង្ឃឹម​ថា​គេ​នឹង​អាច​លេង​ក្នុង​ប្រកួត​នោះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Salah បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ។ កីឡាករ​ស៊ុត​ចូល​សរុប​ជាង ៤០គ្រាប់ និង​ Assist ជិត ២០ លើក​ទៀត ឲ្យ Liverpool ព្រម​ទាំង​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​ឡើង​ទៅ​លេង World Cup ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត ២៨​ឆ្នាំ។

យ៉ាង​នេះ​ក្ដី កាល​ពី​ចុង​ខែ​មុន កីឡាករ​បាន​រង​របួស​ស្មា​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ពេល​ប៉ះ​ជាមួយ Real Madrid៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី