ក្ដៅ! គ្រូ​បង្វឹក​ថ្មី​អេស្ប៉ាញ​ត្រូវ​បាន​តែង​តាំង​ហើយ

  • 2018-06-13 12:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​ធ្វើ​ការ​ប្រកាស​អំពី​បុគ្គល​ដែល​នឹង​ចូល​ជំនួស​លោក Julen Lopetegui ក្នុង​តំណែង​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ នៅ World Cup។

លោក Fernando Hierro ដែល​ធ្លាប់​ជា​ប្រធាន​ផ្នែក​កីឡា​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ត្រូវ​បាន​សហព័ន្ធ​ប្រកាស​ថា​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្រុម ក្នុង​យុទ្ធនាការ World Cup ២០១៨ នេះ។

ទាក់ទង​នឹង​បទ​ពិសោធន៍​ការងារ​កន្លង​មក លោក Hierro ធ្លាប់​ធ្វើ​ជា​ជំនួយការ​អ្នក​ចាត់​ការ​ក្នុង​ក្លឹប Real Madrid និង​ធ្លាប់​ធ្វើ​ជា​នាយក​ផ្នែក​បាល់ទាត់​នៅ​ក្លឹប​អេស្ប៉ាញ Malaga។

យ៉ាង​នេះ​ក្ដី បើ​និយាយ​ពី​អាជីព​ចាត់ការ​វិញ លោក​ធ្លាប់​ដឹកនាំ​ក្លឹប​តែ​មួយ​ប៉ុណ្ណោះ​គឺ Real Oviedo ក្នុង​លីគ​អេស្ប៉ាញ​លំដាប់​ពីរ​ កាល​ពី​រដូវ​កាល ២០១៦/១៧។ លោក​ធ្វើ​មិន​បាន​សម្រេច​ក្នុង​ការ​នាំ​ក្លឹប មក​ឡើង​លេង La Liga ឡើយ រួច​ក៏​បាន​សម្រេច​ដើរ​ចេញ​ពី​ក្លឹប​នា​ពេល​រដូវ​កាល​នោះ​ចប់។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​តែង​តាំង​នេះ​ធ្វើ​ឡើង​ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​បញ្ចប់​ លោក Julen Lopetegui ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ។ ការ​បញ្ចប់​នេះ គឺ​មាន​រយៈ​ពេល ២​ថ្ងៃ​ មុន​អេស្ប៉ាញ​ត្រូវ​បើក​ឆាក​ប្រកួត World Cup របស់​ខ្លួន ប៉ះ​ជាមួយ​ព័រទុយហ្គាល់។

កាល​ពី​យប់​ម្សិលមិញ លោក Lopetegui ត្រូវ​បាន​ Real Madrid តែង​តាំង​ជា​អ្នក​ចាត់​ការ​ជំនួស​លោក Zinedine Zidane ដែល​ទើប​នឹង​លា​លែង​ពី​តំណែង​កាល​ពី​ចុង​ខែ​មុន​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី