ចុង​ម៉ោង អ៊ុយរុយហ្គាយ ធ្វើ​ឲ្យ អេហ្ស៊ីប ខកចិត្ត​ដោយ​លទ្ធផល ១-០​

  • 2018-06-15 14:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​​ទទួល​បាន​ជ័យជម្នះ​លើ​​ក្រុម​ជម្រើស​ជាតិ​អេហ្សីប​​​នៅ​ចុង​ម៉ោង​តាម​រយៈ​ការ​តែត​បាល់​បញ្ចូល​ទី​ដោយ​កីឡាករ Jose Gimenez ដើម្បី​ទទួល​បាន​៣​​ពិន្ទុ​ម្នាក់​​​ក្នុង​ការ​ប្រកួត​​ពូល​ A នៃ​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​ FIFA World Cup 2018 នៅ​ប្រទេស​រុស្ស៊ី។

ក្រុម​អ៊ុយរុយហ្គាយ

ការ​ប្រកួត​នៅ​វគ្គ​ទី​១​ ក្រុម​ទាំង​ពីរ​មិន​អាច​បំបែក​ពងមាន់​គ្នា​​បាន​ឡើយ ​ទោះ​ជា​មាន​ឱកាស​ស៊ុត​​ម្តង​ម្កាល​ដូច​គ្នា​ក៏​ដោយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​បំផុត​ Luis Suarez ស៊ុត​នៅ​មុខ​ទី​របស់​អេហ្ស៊ីប ប៉ុន្តែ​ស៊ុត​ខុស​​គោល​ដៅ។ នៅ​វគ្គ​ដំបូង​នេះ​បន្ថែម​ត្រឹម​តែ​១​នាទី​​ប៉ុណ្ណោះ​ដោយ​បញ្ចប់​ដោយ​លទ្ធផល ០-០។

ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២ ​អ៊ុយរុយហ្គាយ​​បាន​ព្យាយាម​សម្រុក​ខ្លាំង និង​បាន​ផ្លាស់​ប្តូរ​សមាជិក​ថ្មី​ចូល​ ប៉ុន្តែ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​​​បាន​ ខណៈ​អេហ្ស៊ីប​បាន​ការពារ​យ៉ាង​​ល្អ។ ​នាទី​៧២ ខ្សែ​បម្រើ​ស្លាប​អេហ្ស៊ីប Amr Wardia បាន​ស៊ុត​ពី​ចម្ងាយ​យ៉ាង​ល្អ ប៉ុន្តែអ្នក​ចាំ​ទី​អ៊ុយរុយហ្គាយ​ជួយ​សង្គ្រោះ​បាន។

នៅ​នាទី​៧៣ Luis Suarez បាន​ឱកាស​ល្អ​អូស​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់​ តែ​មិន​ទាន់​បាន​​ស៊ុត​ផង​ អ្នក​ចាំ​ទី​អេហ្ស៊ី El Shenawi ចាប់​បាល់​បាន។ ​នាទី​​ទី​៨៣ Cavani ស៊ុត​បាល់​នៅ​មុខ​ទី​យ៉ាង​ល្អ ប៉ុន្តែ​អ្នក​ចាំ​ទី​អេហ្ស៊ីប​ជួយ​សង្គ្រោះ​បាន​ទៀត ហើយ​ជា​ថ្មី​ម្តង​ទៀត​​ Cavani ស៊ុត​​ហ្វ្រីឃីក​​បុក​របាទី​របស់​អេហ្ស៊ីប។

ការ​ប្រកួត​ស្ទើរ​តែ​បញ្ចប់​​ដោយ​លទ្ធផល​ស្មើ​គ្នា​០-០ ​ទៅ​ហើយ​ ប៉ុន្តែ​អ៊ុយរុយហ្គាយ​នៅ​តែ​អាច​រក​បាន​៣​ពិន្ទុពេញ​តាម​រយៈ​គ្រាប់​បាល់​១​គ្រាប់​​គត់​ដោយ​កីឡាករ Jose Gimenez តែត​ចូល​ទី​​អេហ្ស៊ីប​នៅ​នាទី​ទី​៨៩។ តាម​រយៈលទ្ធផល​នេះ អ៊ុយរុយហ្គាយ​​មាន​៣​ពិន្ទុ​ឈរ​លេខ​២​ ខណៈ​ម្ចាស់​ផ្ទះ​រុស្ស៊ី​​មាន​៣​ពិន្ទុ​​ដែរ ប៉ុន្តែ​ឈរ​លេខ​១​ក្នុង​ពូល​ A៕

ក្រុម​អេហ្ស៊ីប

អត្ថបទ៖ ជាន ចាន់រ៉ា