ថូបុរាណដែលគេទុកចោលក្នុងប្រអប់ដាក់ស្បែកជើង ត្រូវគេលក់បាន១៩លានដុល្លារ
- 2018-06-18 06:06:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថូបុរាណដែលគេទុកចោលក្នុងប្រអប់ដាក់ស្បែកជើង ត្រូវគេលក់បាន១៩លានដុល្លារ
ចន្លោះមិនឃើញ
ថូចិនតាំងពីសតវត្សរ៍១៨ ដែលត្រូវបានរកឃើញក្នុងប្រអប់ដាក់ស្បែកជើងនៅលើធ្នើមួយក្នុងប្រទេសបារាំង ត្រូវគេលក់ដេញថ្លៃបាន១៦,២លានអឺរ៉ូ(១៩,០៣លានដុល្លារ)ក្នុងការលក់ដេញថ្លៃកាលពីថ្ងៃអង្គារទី១២មិថុនានៅក្រុងប៉ារីស គឺថ្លៃលើតំលៃប៉ាន់ស្មានដល់ទៅ៣០ដង។
ពួកអ្នកជំនាញនៅកន្លែងដេញថ្លៃបាននិយាយថា ថូព័រសឺឡែនជាមួយនឹងរូបដ៏ល្អឆើតនេះត្រូវបានផលិតឡើងសំរាប់អធិរាជឈានឡុងសម័យរាជវង់ឈីញនិងពីដំបូងត្រូវបានគេរំពឹងថាលក់បានប្រមាណ០,៥លានអឺរ៉ូប៉ុណ្ណោះ។
អូលីវីយ៉េ វ៉ល់មែរ អ្នកជំនាញវត្ថុសិល្បៈអាស៊ីនៅក្រុមហ៊ុនដេញថ្លៃនេះ បានប្រាប់អ្នកយកព័ត៌មានថា “នេះជាស្នាដៃសិល្បៈដ៏ធំមួយ។វាជាវត្ថុសិល្បៈតែមួយគត់ក្នុងលោកដែលនៅល្អគ្រប់”។
វត្ថុព័រសឺឡែនកម្រៗមកពីសម័យរាជវង់ឈានឡុងត្រូវបានលក់ក្នុងតំលៃកប់ពពកកាលពីពេលថ្មីៗ ដោយចានគោមមួយត្រូវបានក្រុមហ៊ុនSotheby’sនៅហុងកុងលក់បាន៣០,៤លានដុល្លារអាមេរិកកាលពីខែមេសា។
ថូ ដែលត្រូវបានលំអរដោយរូបក្តាន់និងក្រៀលជាមួយនឹងដើមស្រល់ត្រូវបានរកឃើញដោយចៃដន្យនៅលើធ្នើនៃផ្ទះមួយក្នុងប្រទេសបារាំងនៅឆ្នាំនេះ។គ្រួសារនៃផ្ទះនេះទទួលបានវានៅចុងសតវត្សរ៍ទី១៩តែវាត្រូវបានទុកចោលក្នុងប្រអប់ដាក់ស្បែកជើងអស់ពេលរាប់ទសវត្សរ៍។វាស្ថិតនៅក្នុងប្រអប់ស្បែកជើងនៅឡើយនៅពេលត្រូវបានបង្ហាញទៅកាន់អ្នកជំនាញវត្ថុសិល្បៈរបស់Sotheby’sដើម្បីពិនិត្យភាពសុទ្ធរបស់វា៕
ចុចអាន៖