អបអរ! ម្ចាស់​បទ "PPAP” ស្វាគមន៍​កូន​ស្រី​ដំបូង ក្រោយ​រៀបការ​បាន​២​ខែ

  • 2018-06-19 02:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សារព័ត៌មាន​របស់​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា ម្ចាស់​បទ​ចម្រៀង​ដ៏​ល្បី "Pen Pineapple Apple Pen (PPAP)” បាន​ស្វាគមន៍​កំណើត​កូន​ស្រី​ដំបូង​របស់​លោក​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា​នេះ។ តារា​ចម្រៀង Piko Taro មិន​អាច​ទប់​ក្ដី​រំភើប​រីករាយ​របស់​លោក​បាន​ទេ ខណៈ​ថ្ងៃ​ដែល​កូន​ស្រី​របស់​លោក​ចាប់​កំណើត​នោះ​គឺ​ត្រូវ​នឹង​ថ្ងៃ​ទិវា​ឪពុក​ផង​ដែរ​នោះ។

តាម​គណនី​បណ្ដាញ​សង្គម តារា​ចម្រៀង Piko Taro បាន​និយាយ​ថា៖ "ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ទិវា​ឪពុក បើ​ប្រៀបធៀប​ទៅ​នឹង​ទិវា​មាតា​វិញ បុណ្យ​ឪពុក​នេះ​មិន​សូវ​មាន​អ្នក​ដឹង​នោះ​ទេ ប៉ុន្តែ​កូន​ស្រី​របស់​ខ្ញុំ​ជា​​កាដូ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់ខ្ញុំក្នុងទិវាមួយនេះ។ នេះ​ពិត​ជា​ថ្ងៃ​ទិវា​ឪពុក​ដ៏​ល្អ​ជាង​គេ​បំផុត"។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង Piko និង​ប្រពន្ធ​របស់​លោក Hitomi Yasueda ដែល​ជា​តារា​ម៉ូដែល​វ័យ ១៨ឆ្នាំ​នោះ បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​អស់​រយៈពេល ៤ឆ្នាំ ក្រោយ​សម្រេច​ចិត្ត​រៀប​ការ​នឹង​គ្នា។ កាល​ពី​២​ខែ​មុន ពួក​គេ​ទាំង​២​បាន​រៀប​ការ​នឹង​គ្នា​ដោយ​ស្ងាត់​ៗ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​មិត្ត​ជិត​ស្និទ្ធ និង​សាច់​ញាតិ​ក្រុម​គ្រួសារ​ពួក​គេ​តែ​ប៉ុណ្ណោះ ហើយ​អំឡុង​ពេល​រៀប​ការ​នោះ តារា​ម៉ូដែល Hitomi មាន​ផ្ទៃពោះ​ជិត ៨​ខែ​ទៅ​ហើយ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា