​សហព័ន្ធ​ E-Sports​ កម្ពុជា​រីក​រាយ​ចូល​រួម​​​ត្បាញ​​ក្រមា​​​បំបែក​កំណត់​ត្រា​ពិភព​លោក​

  • 2018-06-20 09:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្តម​ ជា​ ច័ន្ទបរិបូណ៌ អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ដឹក​នាំ​ក្រុម​ការងារ​ និង​កីឡាករ​ចូល​ចូល​រួម​សកម្មភាព​តម្បាញ​ក្រមា​​វែង​បំផុត​ដើម្បី​បង្កើត​កំណត់​ត្រា​ពិភព​លោក​នៅ​វាល​ព្រះ​មេរុ​ខាង​មុខ​សារមន្ទីរ​ជាតិ​កាល​ពី​ព្រឹក​មិញ។

លោក លន់ សាមឌី (ឆ្វេង) ឯកឧត្តម ជា ច័ន្ទបរិបូណ៌ (កណ្តាល) និង លោន វ៉ាន់ សំបូរ (ស្តាំ)

ស្រប​​ពេល​ដែល​សកម្មភាព​តម្បាញ​ក្រមា​ដើម្បី​​បង្កើត​កំណត់​ត្រា​ប្រវែង​១០០០​ម៉ែត្រ​កាន់​តែ​មាន​សកម្មភាព​ផុលផុស​ពី​ថ្នាក់​ដឹក​នាំ​តាម​ស្ថាប័ន​ ក្រសួង​ មន្ត្រី​រាជការ​ ឥស្សរជន​ល្បី​ និង​ពលរដ្ឋ​ទូទៅ​​បាន​កើត​មាន​ជា​ច្រើន​ខែ​ហើយ​នោះ​ ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​​ក៏​បាន​ចូល​រួម​កាល​ពី​ព្រឹក​មិញ​នេះ​ដែល​មាន​ឯក​ឧត្តម​ ជា​ ច័ន្ទបរិបូណ៌​ អនុប្រធាន​សហព័ន្ធ​ លោក លន់ សាមឌី អគ្គលេខាធិការ​ សមាជិក​ និង​កីឡាករ​ប្រហែល​ជា​៣០​នាក់​។

 ឯក​ឧត្តម ជា ច័ន្ទបរិបូណ៌​បាន​ឲ្យ​ដឹង​ថា នេះ​ជា​សកម្មភាព​ដ៏​​ល្អ​ និង​កម្រ​​មួយ​ដែល​​កម្ពុជា​បង្កើត​គំនិត​​​ត្បាញ​ក្រមា​ដើម្បី​បង្កើត​កំណត់​ត្រា​ពិភព​លោក។ ​«ដូច្នេះ​ក្នុង​នាម​សហព័ន្ធ​ E-Sports កម្ពុជា​ក៏​បាន​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​នេះ​។ កីឡា​ E-Sports កម្ពុជា​កំពុង​រីក​ចម្រើន យើង​ក៏​ត្រូវ​ចូល​រួម​សកម្មភាព​ក្នុង​សង្គម​ដែរ​ ដូច​ជា​ត្បាញ​ក្រមា​នេះ​ជា​ដើម។ យើង​អាច​ចូល​រួម​បាន ពលរដ្ឋ​ខ្មែរ​​ក៏​អាច​ចូល​រួម​បាន»។

មហា​ជន​យ៉ាង​តិច​ ២ ០០០ នាក់ ក្នុង១ថ្ងៃ បាន​មក​ទស្សនា និង​ចូលរួម​គាំទ្រ​កម្មវិធី​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាង​គេ​លើ​ពិភព​លោក នៅ​ឯ​វាល​ព្រះ មេរុ ជិត​ព្រះ​បរម​រាជវាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក​ ផល ពិសាល ក្រុម​ការងារ​ស្ម័គ្រចិត្ត​កម្មវិធី​​នេះ​។

ឯកឧត្តម ជា ច័ន្ទបរិបូណ៌

លោក ពិសាល ក្រុម​ការងារ​ស្ម័គ្រចិត្ត​កម្មវិធី​ត្បាញ​ក្រមា​​វែង​បំផុត ១ ០០០ម៉ែត្រ ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក និង​ជា​ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​ សិក្សា​ធិការ និង​ស្នាដៃ នៃ​សមាគម​សាលាត្រាជូ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ចង់​មក​កាន់​កម្មវិធី​ខាង​លើ​នេះ អាច​មក​ទស្សនា​ពី​ម៉ោង ៩ព្រឹក-៩យប់ រៀងរាល់​ថ្ងៃ។ ចំពោះ​សាធារណៈ​ជន​ចង់​ចូលរួម​ត្បាញ​ក្រមា​វែង​បំផុត​នេះ គឺ​ចាប់​ពី​ម៉ោង ១០ ព្រឹក​ រហូត​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ និង ចាប់​ពី​ម៉ោង ៤ រសៀល រហូត​ដល់​ម៉ោង ៧យប់៕​​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី