មានរឿងផ្ទួនៗ តារាសិចស៊ី វណ្ណ វលក្ខណ៍ ត្រូវក្រសួងត្រៀមកោះហៅទៅអប់រំ

  • 2018-06-21 07:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​សម្រុះ​សម្រួល​គ្នា​ចប់​​ជាមួយ​ផលិត​កម្ម LD Picture កាល​ពី​ពេល​ថ្មីៗ រឿង​គេច​វេះ​មិន​ទទួល​ខុស​ត្រូវ​លើ​ការងារ ក្រោយ​ផលិតកម្ម​នេះ​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ តារា​សិច​ស៊ី វណ្ណ វលក្ខណ៍ បាន​ជួប​រឿង​ស៊យ​មួយ​ថ្មី​ទៀត ដោយ​ត្រូវ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​ត្រៀម​កោះ​អញ្ជើញ​ដើម្បី​អប់រំ​ណែនាំ បន្ទាប់​ពី​បទ​ចម្រៀង”ស្រី​មុខ​លុយ” សម្ដែង​ដោយ​តារា​រូប​នេះ​រង​ការ​រិះគន់​ខ្លាំង​ពី​ទស្សនិក​ជន​រហូត​មាន​អ្នក​ខ្លះ​ប្រដូច​បទ​ចម្រៀង​នេះ​ថាជា​ការ​ថត​រឿង​អាស​អាភាស​ជា​ដើម។

បទ​ចម្រៀង”ស្រី​មុខ​លុយ” សម្ដែង​ដោយ​តារា​សិចស៊ី វណ្ណ វលក្ខណ៍ ច្រៀង​ដោយ ឈិន ធារ៉ាដេន ក្នុង​ផលិតកម្ម សាស្ដា បាន​បង្ហាញ​ឈុត​ឆាក​ឱប​ថើប ព្រម​ទាំង​ភាព​ស្រើប​ស្រាល​ជា​ច្រើន​ រហូត​ធ្វើ​ឱ្យ​ទស្សនិកជន​ផ្ទុះ​ការ​​រិះគន់​ជា​ខ្លាំង។ ការ​ផ្ទុះ​ការ​រិះគន់​ខ្លាំង​បែប​នេះ​ហើយ​ទើប​ក្រសួងវប្បធម៌ ត្រៀម​កោះ​ហៅតារា​សម្ដែង និង​អ្នក​ដឹក​នាំ​ក្នុង​បទ​ចម្រៀង​នេះ​ដើម្បី​សួរ​នាំ និង​អប់រំ​ក្នុង​ន័យ​លុប​បំបាត់​ ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ។

យោង​តាម​ប្រភព​ពី​មន្ត្រី​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ខ្លឹមសារ និង​អត្ថន័យ​នៃ​បទ​ចម្រៀង​ពិត​ជា​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម​ពិត​មែន ហើយ​ប្រការ​នេះ​នឹង​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​លោកជំទាវ ភឿង សកុណា សម្រេច​នា​ពេល​ឆាប់ៗ។

ប្រសិន​បើ​មាន​ការ​សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​មែន​នោះ នោះ​ទាំង​សិល្បករ ទាំង​ផលិតករ នឹង​ត្រូវ​អញ្ជើញ​ឲ្យ​មក​ទទួលការ​ណែនាំ​ពី​មន្ត្រី​ក្រសួង​ដើម្បី​បញ្ចប់​ការ​ផលិត​វីដេអូ​បែប​ស្រើប​ស្រាល​បន្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ និង​​វប្បធម៌ ប្រពៃណី​ ថែម​ទាំង​ប្រាស​ចាក​អំពី​ការ​ផលិត​បែប​សិល្បៈ។

តារាសម្តែង វណ្ណ វលក្ខណ៍

ទាក់ទង​នឹង​ការ​ត្រៀម​កោះ​អញ្ជើញ​នេះ​ តារា​សិច​ស៊ី វណ្ណ វលក្ខណ៍ មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​ទូរស័ព្ទ​នាង​មិន​អាច​ទាក់​ទង​បាន។ យ៉ាង​ណា​ក៏​ដោយ​លោក អ៊ុក រតនា អ្នក​គ្រប់​គ្រង​ទូទៅ​ក្នុង​ផលិតកម្ម សាស្ដា បាន​ចេញ​មក​សុំទោស និង​សន្យា​បញ្ឈប់​ការ​ធ្វើ​វីដេអូ​បែប​ស្រើប​ស្រាល​នេះ​ត​ទៅ​ទៀត។

លោក អ៊ុក រតនា អ្នក​គ្រប់​គ្រង​ទូទៅ​ក្នុង​ផលិតកម្ម សាស្ដា

អ្នក​គ្រប់​គ្រង​រូប​នេះ បាន​បង្ហាញ​ការ​សោក​ស្ដាយ​បន្ទាប់​ពី​វីដេអូ​ចម្រៀង​នេះ រង​ការ​រិះគន់​ខ្លាំង​ពី​ទស្សនិក​ជន​នា​ពេល​ថ្មីៗ។ លោក​បញ្ជាក់​ថា​ ការ​ផលិត​វីដេអូ​ចម្រៀង​របស់​ផលិតកម្ម​លោក គឺ​គ្មាន​ចេតនា​ចង់​បន្តុះ​បង្អាប់ និង​ទម្លាក់​តម្លៃ​វប្បធម៌​ប្រពៃណី​ខ្មែរ​ទេ​ គឺ​ធ្វើ​ទៅ​តាម​បរិបទ​សង្គម​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​ផលិតកម្ម សាស្ដា របស់​ខ្លួន​នៅ​តែ​បន្ត​ផលិត​វីដេអូ​ចម្រៀង​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​សង្គម​ជាតិ​ម្ដង​ទៀត​ លោក​សន្យា​នឹង​ទទួល​ទោស​តាម​ច្បាប់។

អត្ថបទៈ ចរិយា