ក្ដៅ! FIFA ចេញ​មុខ​បក​ស្រាយ​ជុំ​វិញ​រឿង​អាជ្ញាកណ្ដាល​សុំ​អាវ Ronaldo កាល​ពី​ជំនួប​ព័រទុយហ្គាល់-ម៉ារ៉ុក

  • 2018-06-21 13:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA ប្រមាណ ១​ម៉ោង​មុន​នេះ បាន​ចេញ​មុខ​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​កីឡាករ​ម៉ារ៉ុក​មួយ​រូប ដែល​បាន​លើក​ឡើង​ថា ក្នុង​ប្រកួត​ព័រទុយហ្គាល់-ម៉ារ៉ុក​ម្សិល​មិញ អាជ្ញាកណ្ដាល Mark Geiger សុំ​អាវ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo។

Nordin Amrabat

ក្រោយ​ការ​ប្រកួត​​ម្សិលមិញ ដែល​បញ្ចប់​ទៅ​ដោយ​ព័រទុយហ្គាល់​យក​ឈ្នះ​ម៉ារ៉ុក​ ១ ទល់​នឹង ០ កីឡាករ Nordin Amrabat បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា អាជ្ញាកណ្ដាល​ប្រចាំ​ការ​ប្រកួត​លោក Mark Geiger បាន​សុំ​អាវ​កីឡាករ​ប្រធាន​ក្រុម​ព័រទុយហ្គាល់ Cristiano Ronaldo។

ទោះ​ជា​យ៉ាង​ណា ក្នុង​ល្ងាច​ថ្ងៃ​នេះ FIFA បាន​ចេញ​មុខ​ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​នេះ។ ក្នុង​សារ​មួយ​បង្ហោះ​ក្នុង​គណនី​ Twitter ផ្លូវ​ការ​របស់​ខ្លួន ស្ថាប័ន​បាល់ទាត់​មួយ​នេះ​បាន​ប្រកាស​ថា លោក​អាជ្ញាកណ្ដាល Geiger មិន​បាន​សុំ​អាវ​ប្រធាន​ក្រុម​ព័រទុយហ្គាល់​នោះ​ទេ​។

ក្នុង​សារ​ដដែល FIFA បាន​ធ្វើ​ការ "ថ្កោលទោស​" ទៅ​លើ​ការ​ចោទ​ប្រកាន់​របស់ "សមាជិក​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​ម្នាក់" ដែល​ទំនង​ស្ថាប័ន​មួយ​នេះ សំដៅ​លើ​កីឡាករ​ Amrabat។ FIFA បាន​បន្ត​ថា អាជ្ញាកណ្ដាល​ទាំង​អស់​ក្នុង​កម្មវិធី World Cup សុទ្ធ​តែ​ទទួល​បាន​ការ​ណែនាំ​ត្រឹមត្រូវ​ទាក់ទង​នឹង​ឥរិយាបថ និង​ទំនាក់ទំនង​របស់​ពួក​គេ​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​ដែល​ចូល​រួម​ប្រកួត។

ស្ថាប័ន​បាល់ទាត់​កំពូល​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​ក្រុម​ទាំង​អស់​ប្រកាន់​ខ្ជាប់​ស្មារតី Fair Play។

សូម​បញ្ជាក់​ផង​ដែរ​ថា មិន​មែន​តែ​កីឡាករ Nordin Amrabat ទេ ដែល​ទិតៀន​អាជ្ញាកណ្ដាល។ ក្រោយ​ប្រកួត​ដូច​គ្នា គ្រូ​បង្វឹក​ម៉ារ៉ុក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​សរសេរ​ "ស្មោះត្រង់" ទាក់ទង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ការ​ប្រកួត។

ម៉ារ៉ុក​ជា​ក្រុម​ដំបូង​គេ ដែល​ហាល​អាវ​ក្នុង World Cup លើក​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី