Apple ធ្លាប់​​គិត​ចង់​ដក​រន្ធ​សាក​ថ្ម​ពី iPhone X

  • 2018-06-22 03:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​របាយការណ៍​ថ្មី​មួយ​របស់​ Mark Gurman អ្នក​វិភាគ​អំពី​ក្រុមហ៊ុន​ Apple បាន​បង្ហាញ​ថា​ Apple ធ្លាប់​មាន​គំនិត​ពិចារណា​​ដក​រន្ធ​សាក​ថ្ម​ចេញ​ពី iPhone X។

របាយការណ៍​របស់​ Mark បាន​សរសេរ​ដូច​នេះ ៖

“អំឡុង​ពេល​បង្កើត​ iPhone X ក្រុមហ៊ុន Apple ធ្លាប់​គិត​ចង់​ដក​​​ប្រព័ន្ធ​សាក​ថ្ម​តាម​ខ្សែ​ចេញ​ទាំង​ស្រុង។ ពេល​នោះ វា​ជា​ពេល​មិន​អំណោយផល​នៅ​ឡើយ ព្រោះ​ថា​ការ​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​នៅ​​បញ្ចូល​ថ្ម​យឺត​ជាង​ការ​សាក​តាម​ខ្សែ។ ហើយ​ការ​បន្ថែម​នូវ​ឧបករណ៍​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ជា​មួយ iPhone ស៊េរី​ថ្មី ក៏​នឹង​ធ្វើ​ឲ្យ​តម្លៃ​ទូរសព្ទ​កើន​ឡើង​មួយ​កម្រិត​ទៀត​”។

ប៉ុន្មាន​ឆ្នាំ​មុន​ មាន​ការ​រាយការណ៍​ថា​គោល​បំណង​ធំ​មួយ​របស់​​លោក Jony Ive ប្រធាន​ផ្នែក​ឌីហ្សាញ​​​របស់​ Apple ​គឺ​ចង់​បង្កើត​ iPhone ដែល​មាន​លក្ខណៈ​ដូច​ជា​កញ្ចក់​មួយ​ផ្ទាំង។ បន្ថែម​ពី​នេះ​ Apple ក៏​ធ្លាប់​បង្ហាញ​អំពី​មហិច្ឆតា​​បង្កើត​នូវ​ "អនាគត​មិន​ប្រើ​ខ្សែ" ហេតុ​នេះ​ការ​​ដក​រន្ធ​សាក​ថ្ម​ចេញ នឹង​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ។

បច្ចុប្បន្ន​នេះ​ Apple កំពុង​ដើរ​​លើ​គន្លង​ "អនាគត​មិន​ប្រើ​ខ្សែ" របស់​ខ្លួន​ ជា​មួយ​ការ​បញ្ចេញ​ផលិតផល​ដូច​ជា​ AirPod, AirPower រួម​ជា​មួយ​ឈីប​ Wireless W1 និង W2 ជា​ដើម៕​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង